៥ចំណុចយើងគួរដឹង មុនពេលចូលឆ្នាំចិន
- 2015-02-12 22:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចយើងគួរដឹង មុនពេលចូលឆ្នាំចិន
ចន្លោះមិនឃើញ
សល់មិនដល់មួយសប្ដាហ៍ទៀតផង បុណ្យចូលឆ្នាំចិននឹងមកដល់ ឯប្រជាជនខ្មែរកាត់ចិន ក៏ត្រៀមអបអរ និងសែនព្រេន ដើម្បីទទួលបានសុភមង្គលល្អ និងរកស៊ីមានបាន។ ទាក់ទងនឹងបុណ្យចូលឆ្នាំចិននេះ ក៏មានអប្បិយជំនឿខ្លះៗដែលយើងគួរយល់ដឹង ដើម្បីយកហុងស៊ុយ៖
១. កាត់សក់
កាត់សក់មុនចូលឆ្នាំថ្មី ចាត់ទុកថាជាការកាត់រឿងដែលមិនល្អក្នុងឆ្នាំចាស់ចោលទាំងអស់ ដើម្បីទទួលអ្វីដែលល្អសម្រាប់ឆ្នាំថ្មី។ ម្យ៉ាងទៀត យើងក៏ទទួលបានម៉ូដសក់យ៉ាងស្អាតដើម្បីរីករាយឆ្នាំថ្មី។
២. រៀបចំសម្អាតផ្ទះ
បើតាមចាស់ៗដែលជាប់ខ្សែស្រឡាយចិន គឺត្រូវរៀបចំបោសសម្អាតផ្ទះសំបែងឲ្យបានមុន១០ថ្ងៃទៅ១៥ថ្ងៃ មុនថ្ងៃចូលឆ្នាំ។ នេះជាទំនៀមទម្លាប់ពីបុរាណមក ដែលបង្កប់ន័យថា ការសំអាតរបស់របរចាស់ៗឲ្យស្អាតថ្មី គឺនាំឲ្យមានអ្វីៗថ្មីសម្រាប់ឆ្នាំថ្មី។
គ្រប់ច្រកគ្រប់ជ្រុង គ្រប់កន្លៀតកៀនកោះគឺត្រូវសម្អាតឲ្យស្អាតទាំងអស់ ប្រមូលរបស់របរដែលបែកបាក់ ឬចាស់ៗបោះចោលតាមទ្វារក្រោយឲ្យអស់ដើម្បីធានាថាចូលឆ្នាំចិនឆ្នាំថ្មី អ្វីៗក៏ថ្មី។
ចុងក្រោយ ត្រូវបិទពាក្យជូនពរឆ្នាំថ្មីនៅខាងមុខខ្លោងទ្វារចូលផ្ទះដែលមានពណ៌ក្រហមលាយពណ៌ទឹកមាស ព្រោះពណ៌ក្រហមតំណាងឲ្យលាភសំណាង ពណ៌ទឹកមាសតំណាងនាំទ្រព្យចូលផ្ទះទទួលបានសេចក្ដីសុខគ្រប់ក្រុមគ្រួសារ។
៣. ដើរផ្សារ
មុនថ្ងៃចូលឆ្នាំមកដល់ របស់ដែលត្រូវទិញគឺត្រូវទិញទុកឲ្យហើយ ជៀសវាងដល់ថ្ងៃរៀបចំមិនទាន់ដូចជា៖ គ្រឿងតុបតែងផ្ទះចង្កៀងគោម ក្រដាសសែន គ្រឿងទេសសម្រាប់ធ្វើម្ហូបសែននៅថ្ងៃចូលឆ្នាំ ទិញសំលៀកបំពាក់ថ្មីៗ ហើយបើអាច ជ្រើសរើសយកពណ៌ក្រហម ព្រោះពណ៌ក្រហមប្រជាជនចិនភាគច្រើនឲ្យប្រផ្នូលជំនឿថាមានលាភល្អ (ហុងស៊ុយ)។
៤. ផ្កា
ដើមផ្កាអង្គាសីល ឬដើមក្រូចឃ្វិចស្រស់ ប្រជាជនចិនពេញនិយម និងចាត់ទុកថាជាប្រភេទរុក្ខជាតិនាំលាភសំណាងដែរ ។ ដូចនេះមុនពេលថ្ងៃចូលឆ្នាំក៏ត្រូវត្រៀមទិញទុកជាមុន ដើម្បីទទួលឆ្នាំថ្មី និងស្រស់ស្រាយក្នុងផ្ទះ។
៥. អំណោយ
អ្នកមានគ្រួសារហើយត្រូវត្រៀមស្រោមសំបុត្រក្រហម (អាំងប៉ោវ) សម្រាប់ដាក់លុយជូនដល់ឪពុកម្ដាយ និងកុមារតូចៗ ឯម្ចាស់ក្រុមហ៊ុនក៏ត្រូវត្រៀមផ្ដល់ឲ្យនិយោជិត ឬមិត្តភ័ក្ដិដែរ។
នៅពេលដែលនរណាម្នាក់ទទួលបានអាំងប៉ាវហើយ គឺអ្នកនោះនឹងជូនពរមកវិញនូវពាក្យល្អៗ ដូចជា រកស៊ីមានបានកាន់តែច្រើនក្នុងឆ្នាំថ្មី និងមានសំណាងល្អ សុខសប្បាយក្នុងឆ្នាំថ្មី។
អត្ថបទ៖ សុខអូន