ហាត់​តេក្វាន់ដូ តែ​ ៤ ឆ្នាំ​សោះ សៀវម៉ី ដណ្ដើម​បាន​មេដាយ​មាស​ទ្វីប​អាស៊ី

  • 2014-10-06 16:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរនារី​កម្ពុជាកញ្ញា ស៊ន សៀវម៉ី ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​បំពាក់​គ្រឿង​ឥស្សរិយយស​ជាតិ​ថ្នាក់​មហាសិរីវឌ្ឍន៍ បន្ទាប់​ពី​កញ្ញា​បាន​សាង​ស្នាដៃ​ជូន​ជាតិ​គឺ​ការ​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​លើក​ទី​១៧ នៅ​ទី​ក្រុង​អ៊ីនឆន ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។ កីឡាការិនី​រូប​នេះ​ទើប​តែ​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ បាន ៤ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​រូប​នាង​អាច​មាន​សមត្ថភាព​ប្រកួត​​​ប្រជែង​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ និង​បាន​លើក​កម្ពស់​កិត្យានុភាព​ជាតិ​ទាំង​មូល។

 

តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​ពី​កីឡា​ការិនី រូប​នេះ?

 

សៀវម៉ី ទទួល​គ្រឿង​ឥស្សរយយសថ្នាក់មហាសិរិវឌ្ឍន៍ ពី​នាយករដ្ឋមន្រ្តី

 

ជីវប្រវត្តិ

កីឡា​ការិនី ស៊ន សៀវ​ម៉ី កើត​នៅ​ថ្ងៃ​ទី ​១៤ ​កញ្ញា ១៩៩៥ ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​​ម្ដាយ​​​ឈ្មោះ សួន ចាន់​ធី អាយុ​៥៩​ឆ្នាំ និង​ ឪពុក​ឈ្មោះ​ស៊ន ម៉េ​ហ៊ា​ង (​​ស្លាប់)។ នាង​មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់ ​ស្រី​៣​នាក់ ​ប្រុស​៣​នាក់ ហើយ​នាង​គឺជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ​។ សៀវម៉ី មាន​បងប្អូន ២ រូប​​ល្បី​​ឈ្មោះ​ក្នុង​ពិភព​កីឡា​តេក្វាន់ដូ រួម​មាន ស៊ន ដាវីន និង ស៊ន អេលីត។

 

ប្រវត្តិ​នៃ​ការ​សិក្សា

សៀវម៉ី ​​ធ្លាប់​បាន​ឆ្លងកាត់​ការ​សិក្សា​នៅ​សាលា​បឋមសិក្សា​ឫស្សីកែវ នៅ​ឆ្នាំ ២០០០ រហូត​ដល់​ឆ្នាំ ២០០៧។ បន្ទាប់​មក​ចូល​​សិក្សា​​ នៅ​វិទ្យាល័យ​ឫស្សីកែវ និង ជា​បេក្ខជន​​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​​នៅ​ឆ្នាំ​សិក្សា ២០១៣ – ២០១៤ នេះ ប៉ុន្ដែ​​បាន​​ធ្លាក់​​ក្នុង​ការ​ប្រឡង​លើក​ទី១។

 

សៀវម៉ី ទទួល​សម្ភារៈឧបត្ថម្ភ​ពី​នាយករដ្ឋមន្រ្តី

 

ដើមចម​ជា​អ្នក​កីឡា

ដោយ​សារ​មាន​បង​ប្រុស​ ស៊ន អេលីត ជា​កីឡាករ​តេក្វាន់ដូ ទើប​ជា​ស្ពាន​​ឱ្យ ​សៀវម៉ី បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា។ ដំបូង​ឡើយ ស៊ន ដាវីន ដែល​ជា​បង​ស្រី​មាន​ឈ្មោះ​សិក្សា​នៅ​វិទ្យាល័យ​បាក់ទូក។ ដោយ​ឃើញ​ប្អូន​ស្រី​ត្រូវ​ជិះ​កង់​ឆ្ងាយ​ពី បាក់ទូក ទៅ​ដល់ ឫស្សីកែវ ទើប អេលីត ដែល​ជា​បង​ប្រុស​បាន​សុំ​​គ្រូ​ឱ្យ​ប្អូន​បាន​ចូល​ហាត់​តេក្វាន់ដូ ជាមួយ​ខ្លួន ដើម្បី​មាន​កន្លែង​ស្នាក់​នៅ​ក្នុង​ស្ដាត ជិត​សាលា​ផង បាន​ហាត់​កីឡា​ផង។

 

ម្ដាយ​សៀវម៉ី ទំនេរ​ពី​ធ្វើការ​រោងចក្រ តែងតែ​ជិះ​កង់​ឌុប​​កូន​ស្រី សៀវម៉ី មក​លេង​បងៗ នៅ​ស្ដាត។ គ្រា​មួយ​ពេល​មក​លេង​​ដូច​រាល់​ដង​ក៏​ជួប​លោក​គ្រូ​បង្វឹក​ជនជាតិកូរ៉េ​​ខាងត្បូង ឆ​យ យ៉ុ​ង​សុក។ ដោយ​ឃើញ​ពី​កាយសម្បទា​រឹង​មាំ​ លោក​គ្រូ​បង្វឹក​រូប​នេះ​ក៏​​សុំ​ម្ដាយ​ឱ្យ​កូន​ស្រី​ចូល​ហាត់​ជាមួយ​បងៗ។ ម្ដាយ​សៀវម៉ី ក៏​​សម្រេច​ឱ្យ​កូន​ចូល​ហ្វឹកហាត់​ជាមួយ​បងៗដែរ នៅ​ក្នុង​ឆ្នាំ ២០១០។

 

ដំបូង​ឡើយ សៀវម៉ី ប្រកែក​ខ្លាច​ហាត់​កីឡា​ទៅ​អាច​ប៉ះ​ពាក់​ដល់​រាង​កាយ ដូចជា​​ឡើង​សាច់ដុំ​  ប៉ុន្ដែ​បាន​ចូល​ហ្វឹកហាត់​មួយ​រយៈ​ក៏​​លែង​រអ៊ូ​ទៅ។

 

ស៊ន សៀវម៉ី (ស្ដាំ) ឈ្នះ​មេដាយ​ស៊ីហ្គេម​ឆ្នាំ ២០១៣

 

ស្នាដៃ​ក្នុង​កីឡា​តេក្វាន់ដូ

ទើប​តែ​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ បាន ៤ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​ សៀវម៉ី ដណ្ដើម​បាន​មេដាយ ៦ គ្រឿង ​ទៅ​ហើយ​លើ​ឆាក​អន្តរជាតិ​សំខាន់ៗ ដោយ​ក្នុង​នោះ​មាន​មេដាយ​មាស ២ គ្រឿង ប្រាក់ ១ និង សំរឹទ្ធី ៣ គ្រឿង។

 

ឆ្នាំ​ដំបូង​​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ សៀវម៉ី ដណ្ដើម​បាន​មេដាយ​ ប្រាក់ ក្នុង​ព្រឹត្តិការណ៍​កីឡា​​តេក្វាន់ដូ​កម្រិត​អាស៊ាន ហើយ​នៅ​ឆ្នាំ​ដដែល​ដណ្ដើម​​​បាន​មេដាយ​សំរឹទ្ធ ​ពី​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១១ នៅ​ឥណ្ឌូណេស៊ី។

 

ចូល​ដល់​ឆ្នាំ ២០១២ សៀវម៉ី ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​​ក្នុង​ពាន​រង្វាន់​កីឡា​តេក្វាន់ដូ​ជើង​ឯក​អាស៊ី ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម និង មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ទៀត​ក្នុង​ពាន​រង្វាន់ University Games ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ។

 

 

ចំណែក​មេដាយ​​មាស​លើក​ដំបូង ដណ្ដើម​បាន​ក្នុង​ឆ្នាំ ២០១៣ នៅ​ព្រឹត្តិការណ៍​កីឡា​កម្រិត​អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ កាល​នោះ​បាន​ប្រកួត​ឈ្នះ​កីឡា​ការិនី Selviana Angelia Jehabut របស់​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់ ៦៧ – ៧៣ គីឡូក្រាម។

 

មេដាយ​មាស​ទី២ ដណ្ដើម​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games 2014 ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្រោយ​យក​ឈ្នះ​កីឡា​ការិនី​ជនជាតិ អ៊ីរ៉ង់ Fatemeh Rouhani ដោយ​ពិន្ទុ​ ៧ ទល់ ៤ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

កត្តា​ដែល​ជួយ​ឱ្យ​ដណ្ដើម​បាន​មេដាយ​មាស ​នៅ​កីឡា​អាស៊ី

ឈ្នះ​មេដាយ​មាស​នៅ​កីឡា​​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៣ ជា​​ទុន​ផ្ដល់​កម្លាំង​ចិត្ត​មួយ​ជួយ​ឱ្យ​សៀវម៉ី ឈាន​ជើង​ឡើង​​ទីលាន​ប្រកួត​នៅ Asian Games។ អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​នេះ​គឺ​​គ្រួសារ​របស់​នាង និង ជន​រួម​ជាតិ​ទាំង​អស់។

 

មុន​ពេល​សៀវម៉ី ចូល​ប្រកួត​ម្ដាយ​របស់​នាង​បាន​ទូរសព្ទ ពី​ស្រុក​ខ្មែរ​ទៅ​ដើម្បី​លើក​ទឹក​ចិត្ត​កូន។ «កូន​ត្រូវ​ខំ​ប្រឹង​ប្រកួត​ កុំ​ចុះ​ចាញ់ គេ​មាន​ដៃ មាន​ជើង​ដូច​តែ​យើង​នោះ​ទេ»។ ម្ដាយ​សៀវម៉ី បញ្ជាក់។  អ្វី​ដែល​ពិសេស​មួយ​ទៀត​គឺ​ ស៊ន ដាវីន ដែល​ជា​បង​ស្រី នៅ​ចាំ​លើក​ទឹក​ចិត្ត​ផ្ទាល់​​ក្នុង​ពេល​ប្រកួត។ ក្រៅ​ពី​នោះ​ក៏​មាន​ថ្នាក់​ដឹកនាំ​ជា​ច្រើន​បាន​រង់ចាំ​លើក​ទឹក​ចិត្ត​​ផ្ទាល់​ផង​ដែរ។

 

សៀវម៉ី និង ម្ដាយ ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស

 

គោល​បំណង​ទៅ​អនាគត

សៀវម៉ី ស្គាល់​រសជាតិ​មេដាយ ​កម្រិត​តំបន់​អាស៊ាន​រួច​រាល់​ហើយ និង​ថែម​ទាំង​ឈ្នះ​មេដាយ​ថ្នាក់​ទ្វីប​​អាស៊ី​ទៀត អស់​ហើយ។ ឥឡូវ​នេះ​នាង​មាន​បំណង​ទៅ​ដណ្ដើម​មេដាយ​​នៅ​កម្រិត​កីឡា​ខ្ពស់​មួយ​ទៀត​​គឺ​កម្រិត​អូឡាំពិក៕

 

អត្ថបទ​ពាក់ព័ន្ធ៖ វីដេអូ ទទួល​ស្វាគមន៍វីរនារី​កម្ពុជា សៀវម៉ី រំភើប​រហូត​ទប់​ទឹក​ភ្នែក​មិន​បាន​​យប់​មិញ​

 

អត្ថបទ៖ ម៉ឺន រស្មី