តោខៀវស៊ុតបានពីរជើងគត់ តែអាចទប់ស្មើនៅទឹកដី PSG
- 2015-02-18 14:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោខៀវស៊ុតបានពីរជើងគត់ តែអាចទប់ស្មើនៅទឹកដី PSG
ចន្លោះមិនឃើញ
ជំនួបសត្រូវចាស់ រវាងក្រុមជើងឯកបារាំង Paris Saint Germain និងក្រុមជើងខ្លាំងមកពីលីកកំពូលអង់គ្លេស តោខៀវ Chelsea បានបញ្ចប់ទៅត្រឹមលទ្ធផល ១-១ ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីយប់មិញនេះ។
ក្រុមភ្ញៀវតោខៀវ Chelsea ហាក់គ្មានឱកាសស៊ុតទាល់តែសោះក្នុងជំនួបនេះ ដោយស៊ុតបានពីរលើកគត់ ប៉ុន្តែក្នុងចំណោមនោះមានមួយលើកចំគោលដៅ និងជាគ្រាប់បាល់បើកការនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះ Paris Saint Germain។
គ្រាប់បាល់ដំបូងក្នុងការប្រកួតនេះ រកបាននៅនាទីទី៣៦ ដោយការតែតបញ្ចូលទីពីសំណាក់កីឡាករចាស់វស្សាសញ្ជាតិស៊ែប Branislav Ivanovic ក្រោយមានការប៉ែងមួយជើងស្តាំបោះបាល់ថយក្រោយបានយ៉ាងល្អពីកីឡាករ Gary Cahill។ ចប់តង់ទីមួយ ក្រុមភ្ញៀវ Chelsea ជាអ្នកនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះ Paris Saint Germain ដោយលទ្ធផល ០-១។
ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះបានសម្រុកយ៉ាងខ្លាំង រហូតរកបានមួយគ្រាប់វិញនៅនាទីទី៥៤ ដោយការតែតបញ្ចូលពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Edinson Cavani ក្រោយមានការបញ្ជូនបាល់បានយ៉ាងល្អពីខ្សែបម្រើ Blaise Matuidi។
លទ្ធផល ១-១ បានបន្តរហូតដល់ចប់ការប្រកួត ខណៈក្រុមម្ចាស់ផ្ទះមានឱកាសច្រើនដែរ តែធ្វើមិនបានសម្រេច និងមិនអាចឲ្យគ្រាប់បាល់រំលងផុតពីដៃអ្នកចាំទីសញ្ជាតិបែលហ្សិករបស់ក្រុមភ្ញៀវ កីឡាករ Thibaut Courtois។ ក្រុម Paris Saint Germain អាចស៊ុតចេញពីជើងបានរហូតដល់ទៅ ១៤ដង និងចំគោលដៅ ៧ដង ប៉ុន្តែអាចរកបានត្រឹមមួយគ្រាប់។
នៅចាំបានថា ក្រុមជើងខ្លាំងទាំងពីរធ្លាប់ជួបគ្នានៅក្នុងពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League កាលពីរដូវកាលមុនម្ដងរួចមកហើយ ដែលពេលនោះជាជំនួបវគ្គ ៨ក្រុមចុងក្រោយ។ ក្រុម Paris Saint Germain បានយកឈ្នះលើទឹកដីខ្លួនដោយលទ្ធផល ៣-១ ក្នុងជើងទីមួយ។ ចូលដល់ជើងទីពីរ ក្រុមតោខៀវ បានវាយបកយកឈ្នះវិញនៅទឹកដី Stamford Bridge ដោយលទ្ធផល ២-០ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចាំអ៊ុតមើលឆ្នាំនេះ តើក្រុមតោខៀវអាចរកគ្រាប់បាល់នៅជើងទីពីរដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬយ៉ាងណា។
លទ្ធផលមួយគូទៀតយប់មិញ ក្នុងក្របខ័ណ្ឌ UEFA Champions League ក្រុម Shakhtar Donetsk របស់អ៊ុយក្រែន ស្មើជាមួយក្រុម Bayern Munich របស់អាល្លឺម៉ង់ ដោយលទ្ធផល ០-០។
http://youtu.be/uWFlH0oJ868
ដោយ៖ គង់ វិសាល ប្រភព៖ BBC