ថ្ងៃ​នេះ​ ត្រាយអាស៊ី​ ​ធ្វើ​តេស្ត​រើស​កីឡាករ​ថ្មី​ឲ្យ​ប្រាក់​ខែ​ពី​៣០០​ទៅ​៥០០​ដុល្លារ​

  • 2015-02-18 16:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​ដែល​ទើប​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ម្ចាស់​ថ្មី​​នឹង​ធ្វើ​តេស្ត​ជ្រើស​រើស​កីឡាករ​ថ្មី​វេលា​ម៉ោង​២​រសៀល​នៅ​ទី​លាន​បាល់ទាត់​កង​ទ័ព​ជើង​ទឹក​ ហើយ​នឹង​ផ្តល់​ប្រាក់​ខែ​ចន្លោះ​ពី​៣០០​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក ឈូក ពិសិដ្ឋ អតីត​គ្រូ​បណ្តោះ​អាសន្ន​ត្រាយ​អាស៊ី

អតីត​គ្រូ​បណ្ដោះ​អាសន្ន លោក​ ឈូក ពិសិដ្ឋ បាន​និយាយ​ថា ​ដោយ​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​របស់​ក្លិប ​លោក​គ្រូ​បង្គោល​ថ្មី​​​លោក​ Masakazu Kihara បាន​​សម្រេច​ចិត្ត​បើក​ការ​ធ្វើតេស្ត​មួយ​ដើម្បី​ជ្រើសរើស​អ្នក​មាន​សមត្ថភាព​ក្នុង​វិស័យ​បាល់​ទាត់​​ឲ្យ​មក​ជួយ​ក្រុម​ដែល​ការ​ធ្វើ​តេស្ត​​​នៅ​ទីលាន​បាល់​ទាត់​កងទ័ព​ជើង​ទឹក​។

 

ការ​ធ្វើតេស្ត​ជ្រើស​រើស​កីឡាករ​ថ្មី​នេះ​​ ក្លិប​មិន​កំណត់​​អាយុ ​ ​ជាតិសាសន៍ និង​កីឡាករ​អាជីព ឬ​មិន​អាជីព​ឡើយ​។ សម្រាប់​អ្នក​ជាប់​ធ្វើ​តេស្ត​ចូល​ជា​សមាជិក​ ក្លិប​នឹង​ផ្ដល់​ប្រាក់​ខែ​សមរម្យ​ដោយ​អាស្រ័យ​លើ​សមត្ថភាព និង​បច្ចេកទេស។ អតីត​​គ្រូ​បណ្ដោះ​អាសន្ន​បាន​និយាយ​ថា ៖«សម្រាប់​ប្រាក់​ខែ​ អាស្រ័យ​លើ​កីឡាករ​មាន​បទពិសោធន៍​ និង​សមត្ថភាព​ក្នុង​ពេល​កំពុង​ធ្វើតេស្ត​ ហើយ​​អាច​បាន​ប្រាក់​បៀវត្ស​ចន្លោះ​ពី​៣០០ ទៅ ៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ»។

 

បន្ទាប់​ពី​ចប់​ពាន​ Hun Sen Cup ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្លិប​ត្រាយ​អាស៊ី​បាន​​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ម្ចាស់​ថ្មី។ ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​ថ្មី​ឈ្មោះ Forward គ្រោង​ចំណាយ​ទឹក​ប្រាក់​២៨​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​​ឆ្នាំ​ ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​គិត​ចាប់​ពី​២០១៥​នេះ​ទៅ​គ្រោង​យក​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឲ្យ​បាន។

 

ចំពោះ​​ការ​ដាក់​ពាក្យ​​ អាច​ទំនាក់​ទំនង​តាម​រយៈ​លេខ ទូរស័ព្ទ ០៨៧ ៣០ ៣៥ ៣៤ និង​​​ឈប់​​ទទួល​ពាក្យ​គិត​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃ​ធ្វើតេស្ត​នេះ​តែ​ម្តង៕​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

​​​​ ​​​​​​​​​​​