វីរនារីកម្ពុជា ស៊ន សៀវម៉ី មកដល់កម្ពុជាពោរពេញដោយទឹកភ្នែក ទទួលបានគ្រឿងឥស្សរិយយសជាតិ
- 2014-10-06 06:27:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរនារីកម្ពុជា ស៊ន សៀវម៉ី មកដល់កម្ពុជាពោរពេញដោយទឹកភ្នែក ទទួលបានគ្រឿងឥស្សរិយយសជាតិ
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាអាយុ១៩ឆ្នាំកញ្ញា ស៊ន សៀវម៉ី ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជាតិថ្នាក់មហាសិរីវឌ្ឍន៍ បន្ទាប់ពីកញ្ញាបានសាងស្នាដៃជួនជាតិគឺការឈ្នះបានមេដាយមាសកាលពីថ្ងៃទី៣ តុលា ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) លើកទី១៧ ក្នុងទីក្រុងអ៊ីនឆន ប្រទេសកូរ៉េខាងត្បូង។
ពិធីបំពាក់គ្រឿងឥស្សរិយយសនិងការប្រគល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១១:៣០យប់ថ្ងៃទីអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០១៤នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញក្រោមអធិបតីភាពសម្តេច ហ៊ុន សែន បន្ទាប់ពីគណៈប្រតិភូកីឡាកម្ពុជា និងម្ចាស់មេដាយមាស ស៊ន សៀវម៉ី បានវិលត្រឡប់មកដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃខែដដែល។
បន្ទាប់ពីមកប្រទេសមាតុប្រទេស ក្បួនដង្ហែគណៈប្រតិភូកីឡាកម្ពុជាត្រូវបានអមធ្វើដំណើរលោករដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថោង ខុន និងលោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករឆ្ពោះទៅវិមានសន្តិភាពដែលមានសម្តេច ហ៊ុន សែន រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ។
នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាឈ្នះបានមេដាយមាសជាប្រវត្តិសាស្ត្រ បើគិតចាប់ពីបានរួមក្នុងព្រឹត្តិការណ៍កីឡាទ្វីបតាំងពីឆ្នាំ១៩៥៤ដល់ឆ្នាំ២០១៤នេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា