ចប់​បរិញ្ញាបត្រ IT មិន​​អស់​ចិត្ត​សម្រេច​បំណងបន្ត​ជំនាញ​​​នៅ​​កូរ៉េ​ទទួល​ប្រាក់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ

  • 2015-02-24 18:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ញឹម ចន្ទបុរី ជា​និស្សិត​ពូកែ IT មួយ​រូប​ក្នុង​ចំណោម​និស្សិត​ ១១ នាក់​ផ្សេង​ទៀត​ ដែល​​មាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ​ជាមួយ​ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ។

 

យុវជន ញឹម ចន្ទបុរី ​ដែល​ទើប​តែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​មជ្ឈមណ្ឌល​ Korea Software HRD Center បាន​ឲ្យ​ដឹង​ថា​ លោក​ជា​បេក្ខជន​មួយ​រូប​ដែល​បាន​ប្រលង​ជាប់​ ដើម្បី​ទៅ​​បន្ត​​ការ​សិក្សា​​ជំនាញ​ព័ត៌មាន​វិទ្យា​​រយៈ​ពេល​ ១ ឆ្នាំនៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​នេះ បាន​សិក្សា​ជំនាញ​ផ្នែក​ Web Design នៅ​មជ្ឈមណ្ឌល​ Korea Software HRD Center ​រយៈ​ពេល ៩ ខែ​ដោយ​បាន​បញ្ចប់​វគ្គ Basic និង Advance មុន​​មាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​ជំនាញ​​ព័ត៌មានវិទ្យា​​បន្ថែម​នៅ​ប្រទេស​កូរ៉េ។

 

បុរី ថា គេ​ស្ថិត​នៅ​ក្នុង​​ជំនាន់​ទី ២ ​ដែល​ទទួល​បាន​ឱកាស​សិក្សា​នៅ​មជ្ឈមណ្ឌល Korea Software HRD Center។ ក្នុង​ជំនាន់​ទី ២ នេះ សាលា​បាន​​ប្រលង​ចម្រាញ់​យក​តែ ៦៩ ក្នុង​ចំណោម​សិស្ស​សុំ​សិទ្ធិ​ប្រលង​ ៦០០ នាក់​មក​ពី​បណ្ដា​សាកល​វិទ្យាល័យ​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​សិក្សា​ឆ្នាំ​ទី ៣ ឬ​​បញ្ចប់​បរិញ្ញាបត្រ​​ផ្នែក​ព័ត៌មានវិទ្យា​។

 

​យុវជន​នេះ​ថា ដើម​ឡើយ​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​មួយ​រួច​ទៅ​ហើយ​​នៅ​សាកល​វិទ្យាល័យ​ឯក​ជន​មួយ​ ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា​សមត្ថភាព​ខ្លួន​នៅ​មាន​កម្រិត ​ក៏​សម្រេច​ចិត្ត​រក​សាលា​បន្ត​​ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​។ គាប់​ជួន​ពេល​នោះ​លោក​ក៏​ទទួល​បាន​ឱកាស​សិក្សា​នៅ​មជ្ឍមណ្ឌល Korea Software HRD Center ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ជំនាញ IT ។

 

សម្រាប់​​ការ​​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​មុខ​នេះ បុរី​​​ថា​នឹង​ខិតខំ​ពុះពារ​ការ​លំបាក​​គ្រប់​បែប​យ៉ាង ដើម្បីលទ្ធផល​ដ៏​ល្អ​ក្រោយ​​បញ្ចប់​ការ​សិក្សា​។

 

http://youtu.be/1wnSm6K9_AA

បុរី​ ​ស្ថិត​​ក្នុង​ចំណោម​និស្សិត​ ១១ នាក់​​ដែល​បាន​ទៅ​សិក្សា​បន្ត​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈពេល​ ១ ឆ្នាំ​។ ​បើ​តាម​  Korea Software HRD Center និស្សិត​​ទាំង​ ១១ នាក់​​នេះ​​នឹង​ទទួល​បាន​ការ​ផ្ដល់​​ដូចជា​​ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​ ​ដែល​ផ្ដល់​ដោយ​ Webcash និង ​ប្រាក់​ឧបត្ថម្ភ​ក្នុង​ម្នាក់​ពី ២០០០ ដុល្លារ ទៅ ២៥០០ ដុល្លារ​​ប្រចាំ​ខែ​សម្រាប់​ចាយ​វាយ​ផ្ទាល់​ខ្លួន​។

 

អត្ថបទ៖ ដារ៉ាឆានី​