Pacquiao ឌឺថា Floyd អាចវ៉ៃមិនឈ្នះស្រីផង
- 2015-03-13 16:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pacquiao ឌឺថា Floyd អាចវ៉ៃមិនឈ្នះស្រីផង
ចន្លោះមិនឃើញ
Manny Pacquiao បាននិយាយកាលពីម្សិលមិញថាកីឡាករ Floyd Mayweather Jr មិនអាចវាយឈ្នះកីឡាការិនីប្រដាល់ក្នុងទ្រុង (MMA) Ronda Rousey បាននោះទេ ប្រសិនបើពួកគេទាំងពីរប៉ះគ្នានោះ។
ក្នុងសន្និសីទកាសែតដំបូងដែល Pacman និង Floyd ធ្វើឡើងកាលពីថ្ងៃពុធនោះ កំពូលអ្នកប្រដាល់ហ្វីលីពីនបាននិយាយបង្អាប់ដល់អ្នកប្រដាល់សញ្ជាតិអាមេរិកថា៖ “Rousey ជាអ្នកវាយ MMA ខ្លាំងម្នាក់ក្នុងលោក។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់នាង ហើយក៏ជឿជាក់ដែរថានារីរូបនេះអាចផ្ដួល Floyd បានទៀតផងប្រសិនបើ Floyd ហ៊ានឡើងវ៉ៃ MMA”។
បន្ថែមពីលើនេះដែរ បុរសវ័យ៣៦ឆ្នាំខាងលើបានស្នើយកសំបុត្រ VIP ជូន Ronda Rousey ផងដែរ ដើម្បីបានទស្សនាពីការប្រកួតធំជាងគេក្នុងប្រវត្តិសាស្ត្រនេះ។ ខណៈដែលសំបុត្រចាប់ផ្ដើមលក់ជាបណ្ដើរៗហើយ ក្នុងនោះសំបុត្រដែលថោកបំផុតមានតម្លៃ១៥០០ដុល្លារ និងថ្លៃបំផុត ៧៥០០ដុល្លារនៅកៀកនឹងសង្វៀនបន្តិច ប៉ុន្តែមិនមាន VIP នោះទេ។
និយាយពីប្រវត្តិរបស់ Rousey បន្តិចថាតើហេតុអ្វីបានជា Pacman ហ៊ាននិយាយថានារីរូបនេះអាចយកឈ្នះ Floyd បាន។
Ronda Rousey ជាកីឡាការិនីប្រដាល់ក្នុងទ្រុង MMA ដែលចាប់ផ្ដើមឈានជើងចូលសង្វៀនតាំងពីឆ្នាំ២០១១មក។ ដោយសារតែមានសមត្ថភាពអស្ចារ្យ វ៉ៃមិនដែលចាញ់ ទើបធ្វើឱ្យនារីវ័យ២៨ឆ្នាំរូបនេះមានភាពល្បីល្បាញខ្លាំង រហូតដល់ពេលថ្មីៗនេះ នាងហ៊ាននិយាយថាគ្មានអ្នកប្រដាល់ស្រីណាអាចយកឈ្នះនាងបានឡើយ។ លើសពីនេះទៅទៀត នារីទម្ងន់៦១គីឡូក្រាមរូបនេះក៏ធ្លាប់និយាយទៀតថានាងមិនខ្លាចឡើងវ៉ៃជាមួយបុរសនោះទេនៅ MMA ។ យ៉ាងណាមិញ អ្វីដែលកាន់តែញាក់សាច់ទៀតនោះ ក្នុងប្រកួតចុងក្រោយនារីសញ្ជាតិអាមេរិករូបនេះ រើពេលតែ១៤វិនាទីគត់អាចផ្ដួលដៃគូប្រកួតបានទៅហើយ ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ huffingtonpost