Van Gaal ៖ ដឹកនាំ Man Utd ជាអាជីពចុងក្រោយហើយ
- 2015-03-20 15:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal ៖ ដឹកនាំ Man Utd ជាអាជីពចុងក្រោយហើយ
ចន្លោះមិនឃើញ
លោក Louis van Gaal បាននិយាយថារូបលោកនឹងចូលនិវត្តន៍ពីពិភពបាល់ទាត់ បន្ទាប់ពីដឹកនាំក្រុម Manchester United ដោយសំអាងលើហេតុផលចង់មានពេលវេលានៅជាមួយប្រពន្ធកូន។
កាលពីម្សិលមិញ លោក Van Gaal បានបញ្ជាក់ពីអនាគតរបស់ខ្លួនថា៖ “ខ្ញុំចាស់ណាស់ហើយ។ នេះគឺជាការងារចុងក្រោយហើយសម្រាប់ខ្ញុំ។ ខ្ញុំចង់មានពេលខ្លះនៅជាមួយកូន ប្រពន្ធ និងចៅៗរបស់ខ្ញុំផងដែរ។ ខ្ញុំមិនសប្បាយចិត្តសោះកាលពីខួបកំណើតចៅរបស់ខ្ញុំ ដោយសារមិនបានទៅចូលរួមព្រោះរវល់នៅ Old Trafford ”។
បុរសវ័យ៦៣ឆ្នាំខាងលើ នៅកុងត្រាជាមួយក្រុមបិសាចក្រហម រហូតដល់ឆ្នាំ២០១៧ ឯណោះទើបចប់ ខណៈដែលរដូវកាលដំបូងនេះរូបលោកក៏មិនទាន់បានធ្វើអ្វីឱ្យកត់សម្គាល់នៅឡើយទេ ស្របពេលដែលចំណាយប្រាក់អស់១៥០លានផោនទៅហើយក្ដី។ មួយវិញទៀត ការដែលចង់ទៅលេងនៅ Champion League រដូវកាលក្រោយក៏មិនទាន់ប្រាកដ ១០០% ដែរ ព្រោះប៉ុន្មានប្រកួតចុងក្រោយនេះ បិសាចក្រហមត្រូវប៉ះក្រុមខ្លាំងៗជាច្រើនទៀតដូចជា Liverpool និង Chelsea ជាដើម។
លោក Louis van Gaal ជាបុគ្គលជោគជ័យម្នាក់ក្នុងអាជីពជាអ្នកចាត់ការ ព្រោះអំឡុងពេលដែលរូបលោកបានដឹកនាំក្រុម Barcelona, Bayern Munich និង Ajax ជាដើមនោះ គឺសុទ្ធតែអាចជួយក្រុមទាំងនោះ លើកពាននៅលីកកំពូលប្រចាំប្រទេសបាន៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc