ភោជនីយដ្ឋានមួយថ្មីបើកដើម្បីតែជាកន្លែងហាត់ការ សម្រាប់សិស្សក្រីក្រ និង រកចំណូលជួយអង្គការ
- 2015-03-23 16:21:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋានមួយថ្មីបើកដើម្បីតែជាកន្លែងហាត់ការ សម្រាប់សិស្សក្រីក្រ និង រកចំណូលជួយអង្គការ
ចន្លោះមិនឃើញ
ភោជនីយដ្ឋានជាច្រើនតែងបើកដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន ដោយរៀបចំយុទ្ធសាស្ត្រប្លែកៗធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញក្នុងការប្រកួតប្រជែងទីផ្សារ។ ដោយឡែកភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញនៅផ្លូវលេខ ២២៨ ឈ្មោះ Black Bambu បើកក្នុងគោលបំណងធំដើម្បីជាកន្លែងហាត់ការដល់សិស្សក្រីក្រ និង គាំទ្រដល់អង្គការទៅវិញ។ បើទោះជាហាងអាហារបែបអ៊ឺរ៉ុប-ខ្មែរនេះមានចក្ខុវិស័យបែបនេះក្ដី តែម្ចាស់ភោជនីយដ្ឋានរូបនេះមិនចង់ឲ្យគេស្គាល់វាថា ជាភោជនីយដ្ឋានរបស់អង្គការមិនមែនក្រៅរាជរដ្ឋាភិបាលនោះឡើយ តែលោកចង់ឲ្យគេទទួលស្គាល់កេរ្តិ៍ឈ្មោះហាងតាមរយៈរសជាតិម្ហូបអាហារដែលចេញពីចង្ក្រាននិងស្នាដៃចុងភៅជាង។
លោក Scott Neesan
លោក Scott Neesan នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ( CCF) និង ជាម្ចាស់ហាង Black Bambu និយាយថា៖ “តាមពិតការវិនិយោគនេះ មិនមែនជាលុយរបស់ CCF ឡើយតែដោយសារមានម្ចាស់ជំនួយបានចាប់អារម្មណ៍ក្នុងការសាងសង់ភោជនីយដ្ឋាននេះ ដោយម្ចាស់ជំនួយគាត់បានដាក់ទុនយកមកវិនិយោគឲ្យយើង។ ដូច្នេះភោជនីយដ្ឋាននេះ មិនត្រឹមតែជាកន្លែងទទួលទានអាហារទេ តែវាជាកន្លែងហ្វឹកហាត់ដល់សិស្សក្រីក្រដែលមិនបានរៀនថ្នាក់ឧត្ដមសិក្សាឲ្យទទួលបានជំនាញនិងភាសា។ រីឯគ្រប់ប្រាក់ចំណូលដែលរកបាន គឺម្ចាស់ជំនួយប្រគល់ជូន CCF សម្រាប់គាំទ្រដល់អង្គការ”។ ភោជនីយដ្ឋានដែលមានអ្នកជំនាញមកពីអ៊ីតាលីរចនានេះ មានលក់នៅអាហារបែបអន្តរជាតិ-ខ្មែរ ប៊ឺហ្គឺសាច់គោខ្នាតតូចអូស្ត្រាលីលាយនឹងដំឡូង សាច់ប៉ាតេកំពត ការ៉េម និង ស្រាក្រឡុកផងដែរ។ អាសយដ្ឋានផ្ទះលេខ ២៩ ផ្លូវ២២៨ ទូរសព្ទ ០២៣ ៩៦៦ ៨៩៥ ដោយបើកបម្រើជូនរៀងរាល់ថ្ងៃអង្គារដល់អាទិត្យ៕
វីដេអូ
សូមអាន ៖ ធ្វើការមិនសល់លុយបែកគំនិតលក់កាហ្វេ លុយហូរចូលស្រួល អត្ថបទ៖ លឹម សុនា