សានរ័ត្ន បញ្ញាសក្តិ ដល់ថ្នាក់ហាមាត់សុំគេច្រៀងហើយ នៅអត់បានផលទៀត
- 2015-04-10 12:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សានរ័ត្ន បញ្ញាសក្តិ ដល់ថ្នាក់ហាមាត់សុំគេច្រៀងហើយ នៅអត់បានផលទៀត
ចន្លោះមិនឃើញ
"សព្វថ្ងៃនេះខ្ញុំមិនបានច្រៀងឲ្យផលិតកម្មណាទេខ្ញុំបានសុំគេដែរប៉ុន្តែគេមិនត្រូវការ" សានរ័ត្ន បញ្ញាសក្ដិ អតីតតារាចម្រៀងក្នុងផលិតកម្ម Spark Musicថ្លែង ពីការមិនអាចរកផលិតកម្មជ្រកបាន យ៉ាងណាលោកនៅតែមានសង្ឃឹម។
ឆ្លើយតបពីមូលហេតុដែលគេមិនត្រូវការម្ចាស់បទ "សមុទ្រស្ងប់ខ្យល់" សានរ័ត្នបញ្ញាសក្ដិរូបនេះបានប្រាប់ Sabay តាមរយៈទូរស័ព្ទកាលពីព្រឹកមិញថា៖មូលហេតុទី១ គេអត់ឆ្លើយតប ទី២គេត្រូវការតែស្រីៗទី៣គេថាយកអ្នកមានអាយុក្រោម២៥ឆ្នាំ ទី៤គេថារូបលោកចាស់ពេក។
"ពីមុនខ្ញុំគេធ្លាប់ហៅច្រៀង...មិនដែលសុំគេច្រៀងទេ...តែដើម្បីគ្រួសារប្រពន្ធកូនខ្ញុំសុខចិត្តសុំគេច្រៀង...ខ្ញុំសុំគេដល់ទៅបួនផលិតកម្មធំៗប៉ុន្តែគេនៅតែមិនត្រូវការអារម្មណ៍ពេលនោះគឺពិបាកថ្លែងណាស់" បញ្ញាសក្ដិបញ្ជាក់។
បន្ទាប់ពីលោក ជុំ ប៊ុនធឿន អ្នកគ្រប់គ្រងក្នុងផលិតកម្ម Spark Music ទទួលអនិច្ចកម្មទៅម្ចាស់បទ "សមុទ្រស្ងប់ខ្យល់" សានរ័ត្ន បញ្ញាសក្តិ ក៏បានចេញពីផលិតកម្ម Spark Music តាំងពីឆ្នាំ២០០៨មកដែរព្រោះអ្នកគ្រប់គ្រងថ្មីហាក់មិនអើពើនឹងរូបលោកសោះ។នេះបើតាមរូបលោកបញ្ជាក់ប្រាប់។
តារាប្រុសម្នាក់នេះប្រាប់ទៀតថា "មានផលិតកម្មថ្មីចំនួនពីរដែលខ្ញុំបានធ្វើការជាមួយ...តែបើកហើយក៏បិទទៅវិញ...ខ្ញុំហាក់ដូចជាងើបមុខមិនរួចសោះ...សង្ស័យតែគេមិនឲ្យធ្វើជាអ្នកចម្រៀងទេមើលទៅ មុខខ្ញុំធ្វើអ្នកលក់លៀសហាលសមជាង(សើច)”។
ទោះយ៉ាងណាក៏ បញ្ញាសក្តិ បានប្រាប់ថាលោកមិនអស់សង្ឃឹមនោះទេដោយលោកបានយកទ្រឹស្ដីព្រះពុទ្ធមកដាស់អារម្មណ៍ជានិច្ចថាស៊ូៗហើយព្យាយាមធ្វើតែល្អៗទៅ។
សានរ័ត្ន បញ្ញាសក្ដិ និងមិត្តរួមការងារក្នុងក្រុមតន្ត្រីប៉ូលីស
ការតស៊ូក៏មិនធ្វើឲ្យរូបលោកបរាជ័យរហូតនោះដែរដោយលោកបានចូលបម្រើការងារប៉ូលីសផ្នែកតន្ត្រីនេះជិត៣ឆ្នាំ តាមរយៈលោកគ្រូ មិញ សុធីវណ្ណ ហើយឥឡូវមិនទាន់ចូលជាក្របខណ្ឌទេ ចំពោះប្រាក់បំប៉នវិញបានត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ។ យ៉ាងណា បញ្ញាសក្តិ ក៏បានបញ្ជាក់ដែរថា ឆ្នាំនេះប្រហែលជាបានចូលក្នុងក្របខណ្ឌហើយ។
ក្រោយចាកចេញពីផលិតកម្ម ម្ចាស់បទ "គូសំនៀង" ដែលច្រៀងឆ្លងឆ្លើយជាមួយ សុគន្ធ នីសា រូបនេះបានរៀបការរួចហើយក្នុងឆ្នាំ ២០០៨។ ភរិយារបស់លោកឈ្មោះ សួន សុផា ដែលមកទល់សព្វថ្ងៃនេះ លោកទទួលបានបុត្រាពីរនាក់ជាចំណងដៃ។ កូនបងឈ្មោះ សាន សួនពុទ្ធារិទ្ធ និងកូនប្អូនឈ្មោះ សាន សួនមុនីរាជ៕
សានរ័ត្ន បញ្ញាសក្ដិ និងភរិយា ព្រមទាំងបុត្រ
រូបភាព៖ផ្ដល់ដោយ បញ្ញាសក្ដិ
រំលឹកបទខ្លះៗរបស់ បញ្ញាសក្ដិ
អត្ថបទ៖ ថា ម៉ាលីដា