ក្រុម​ហ៊ុន​ធំៗ ៣ ប្រាប់​ថា វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​កំពុង​​​រីកចម្រើន

  • 2015-04-22 17:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​​កំពុង​មាន​ការ​រីកចម្រើន​ទៅ​មុខ​គួរឲ្យ​កត់​សម្គាល់ មិន​ដូច​ពី​ពេល​មុន​ឡើយ។ ក្នុង​នោះ​ដែរ​អ្នក​ដែល​ធ្វើឲ្យ​វិស័យ​មួយ​នេះ ​រលូន​បាន​ត្រូវ​បាន​គេ​ស្គាល់​ឃើញ​​​ថា មាន​ក្រុមហ៊ុនជាច្រើន​ ហើយ​ក្រុមហ៊ុន​ដែល​ល្បី​ជាង​គេ​ គឺ​មានបី ដែល​ជា​អ្នក​បណ្ដុះ​បណ្ដាល​តារា​ម៉ូដែល។ ចង់​ដឹង​ថា ​មាន​ក្រុមហ៊ុន​ណា​ខ្លះ ទស្សនា​ខាងក្រោម៖

 

១.Sapors Modeling Agency

 

សាព៌ណ​ គឺជា ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ​របស់​ប្រទេស​កម្ពុជា ​ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៦ មក​ និង ​ជា​ម៉ូដែល​ភ្នាក់ងារ​ក្របខ័ណ្ឌ Premier ប្រចាំ​ប្រទេស​កម្ពុជា ដោយ​មាន​មូលដ្ឋាន​ទេពកោសល្យ​ជា​យូរ​មក​ហើយ​ក្នុង​ប្រទេស។ អ្នក​ស្រី​សាព៌ណ​រ៉េនដល ​អគ្គនាយក Sapors Modeling Agency ជា​អ្នក​នាំ​អាជីព​បង្ហាញ​ម៉ូដ​មក​កម្ពុជា​មុន​គេ និង​ បាន​បណ្ដុះបណ្ដាល​មនុស្ស​ជា​ច្រើន​ក្នុង​វិស័យ​នេះ ព្រោះ​គាត់​ធ្លាប់​បាន​រៀន​ផ្នែក​នេះ​ទាំង​នៅ​ក្នុង​ស្រុក និង​ នៅ​បរទេស។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ឥឡូវ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សំគាល់ ព្រោះ​យុវវ័យ​បច្ចុប្បន្ន​ចូលចិត្ត​លេង​ស្ទីល​ខោអាវ ថតរូប និង ​ចង់​មាន​កេរ្តិ៍ឈ្មោះ។

 

 

ចំពោះ​អ្នក​បង្ហាញ​ម៉ូដ​ខ្លួនឯង​វិញ គឺ​មាន​ទំនុក​ចិត្ត​ពេល​បាន​ឡើង​សម្ដែង ចេះ​ថែរក្សា​សម្ផស្ស​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​ នេះ​ជា​កត្តា​សំខាន់​ធ្វើឲ្យ​វិស័យ​បង្ហាញ​ម៉ូដ​រីកចម្រើន។ ក្រុម​របស់​អ្នកស្រី​ក៏​ធ្លាប់​​នាំ​តារា​ទៅ​កាន់​ឆាក​អន្តរជាតិ​ដែរ​ ដូចជា ​ប្រទេស​ចិន កូរ៉េ អូស្ត្រាលី ប៉ូឡូញ និង​ ប្រទេស​ជាច្រើន​ទៀត។

 

២.Cambodia Super Model

 

ក្រុម Cambodia Super Model ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០០៩ ដែល​អ្នក​គ្រប់គ្រង​ផ្ទាល់​ ដោយ​កញ្ញា​ ឌួង ហ្សូរីដា​ ដែល​ជា​តារា​សម្ដែង ពិធី​ការិនី និង​ ជា​ម្ចាស់​ហាង​កាត់​សម្លៀកបំពាក់។ "វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ការ​រីកចម្រើន​ខ្លាំង​មែនទែន។ ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​មាន​ភាព​លូតលាស់​ទៅ​មុខ​បាន​ដូចនេះ​ក៏​ដោយសារ​តែ  សេដ្ឋកិច្ច​ជាតិ​យើង​មាន​ការ​រីកចម្រើន មាន Fashion ច្រើន ជាពិសេស​មាន Brand ល្បី​ៗ​នាំចូល​ដែល​ជា​កត្តា​សំខាន់​ព្រោះ​គេ​ត្រូវការ​តារា​ម៉ូដែល​ទៅ​បង្ហាញ មាន​ព្រឹត្តិការណ៍​ធំ​ៗ និង​ ការ​បណ្ដាក់ទុន​ពី​បរទេស ជាដើម"។ ឌួង ហ្សូរីដា ប្រាប់ Sabay ។

 

 

ក្រុម​​​នេះ ​ក៏​ធ្លាប់​បាន​បញ្ជូន​តារា​ម៉ូដែល​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង ​អន្តរជាតិ​ជាច្រើន​រួច​មក​ហើយ​ដូចជា ​ប្រទេស ថៃ ចិន វៀតណាម អូស្ត្រាលី និង​ ម៉ាឡេស៊ី ជាដើម។

 

៣.SUN Supper Model Cambodia

 

 

SUN Supper Model Cambodia  ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ សីហា ឆ្នាំ ២០១០ ហើយ​ លោក ម៉ែន និមលរតន៍ គឺជា​ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​នេះ។ "វិស័យ​មួយ​នេះ​ឥឡូវ​មាន​ការ​រីកចម្រើន​គួរសម​ព្រោះ​ម៉ូដែល​ម្នាក់​ៗ​ទទួល​បាន​កម្រៃ​សមរម្យ។ មូលហេតុ​ធ្វើឲ្យ​វា​មាន​ភាព​រីកចម្រើន​មកពី​សេដ្ឋកិច្ច ការ​វិនិយោគទុន​ពី​បរទេស ការ​នាំ​ចូល និង​ ការ​ផលិត​ក្នុង​ស្រុក​ច្រើន​ដែល​ជា​មូលហេតុ​ត្រូវការ​តារា​ទៅ​ផ្សព្វផ្សាយ​ផលិតផល​ថ្មី"។ នេះ​ជា​សំដី​មេ SUN Supper Model ថ្លែង​ប្រាប់ Sabay។ ក្រុម​របស់​លោក ម៉ែន និមលរតន៍ ធ្លាប់​បាន​បញ្ជូន​ម៉ូដែល​របស់​ខ្លួន​ទៅ​ប្រកួត​កម្មវិធី និង ​ដើរ​ជា​លក្ខណៈ​អន្តរជាតិ​ច្រើន​ប្រទេស​ដែរ​ដូចជា ម៉ាឡេស៊ី ចិន ហុងកុង សិង្ហបុរី កូរ៉េ និង ​ថ្ងៃ​ស្អែក​នឹង​បញ្ជូន​តារា​ម៉ូដែល​ទៅ​ប្រកួត​នៅ​​ប្រទេស​ហ្វីលីពីន​ទៀត​ផង៕

 

អត្ថបទ៖ទ្រី រ៉ាវី