ដឹង​អ្វី​ខ្លះ​​ ពីការ​​ប្រើ​ប្រាស់​ស៊ីផ្លេ​​ម៉ូតូ-ឡាន?

  • 2015-05-08 16:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល ​​ជា​នៅ​មាន​ប្រិយមិត្ត​ជា​ច្រើន​មិន​ទាន់​ដឹង​ថា​ ​គួរ​ប្រើ​ស៊ីផ្លេ​ពេល​ណា និង​ក្នុង​កាលៈទេសៈ​ណា​ឲ្យ​​ត្រូវ​តាម​​ច្បាប់​ឲ្យ​​ប្រាកដ​នោះ​ទេ។ ​ជា​ការ​ពិត​ ពេល​ខ្លះ​ ​​អ្នក​​បើក​បរ​ប្រើ​ប្រាស់​សូរស័ព្ទ​ ឬ​ប្រើ​ប្រាស់​ស៊ីផ្លេ​ អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​​អារម្មណ៍​​អ្នក​ដទៃ។ ​តើ​គួរ​ប្រើ​​យ៉ាង​ម៉េច​ខ្លះ​​ទើប​ត្រូវ​តាម​ច្បាប់​នោះ?

 

អ្វី​ដែល​ជា​ចំណុច​សំខាន់​​បំផុត​ក្នុង​​វិធាន​ប្រើ​ប្រាស់​សូរស័ព្ទ​ ស៊ីផ្លេ ​​ នោះ​គឺ​ អ្នក​បើក​បរ​អាច​ប្រើ​ប្រាស់​បាន​​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។ ការ​ប្រើ​ប្រាស់​នេះ​ គឺ​ដើម្បី​​ឲ្យ​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​​ផ្លូវ​ដទៃ​ទៀត​​​ដើម្បី​ជៀស​ វាង​ នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាយថាហេតុ។

 

មួយវិញ​ទៀត​ នៅ​ពេល​​សុំ​ជែង​ អ្នក​បើក​អាច​ប្រើ​ប្រាស់​បាន​ផង​ដែរ​ តែ​បាន​​សម្រាប់​តែ​នៅ​ក្រៅ​ទី​ប្រជុំ​ជន​ប៉ុណ្ណោះ។ សូម​ចាំ​ថា​ ការ​ប្រើ​ប្រាស់​​ស៊ីផ្លេ​ ត្រូវ​ប្រើ​តែ​ក្នុង​រយៈ​ពេល​ខ្លី​​​បាន​ហើយ គឺ​មិន​ជា​យូរ​ជាង​ការ​ចាំ​បាច់​ឡើយ។ ​ឧបមា​ថា​​​ នៅ​ក្រៅ​ទី​ប្រជុំ​ជន​ ​អ្នក​បើក​បរ​ចង់​សុំ​ជែង​ អ្នក​​បើក​បរ​អាច​ប្រើ​​សញ្ញា​បន្លឺ​សំឡេង​នេះ​​មុន​ពេល​ជែង​ ហើយ​ក្រោយ​ពី​ជែង​​យាន​មួយ​ទៀត​បាន​ហើយ​ អ្នក​បញ្ជា​យាន​​ត្រូវ​បញ្ឈប់​បន្លឺ​សំឡេង​​ស៊ីផ្លេ​​ មិន​ត្រូវ​​ទុក​យូរ​ឡើយ។

 

 

សូម​កុំ​ភ្លេច​ថា​​ ចាប់​តាំង​ពី​ពេល​ថ្ងៃ​លិច​រហូត​ដល់​ថ្ងៃ​រះ​ ​​​អ្នក​បើក​បរ​មិន​អាច​​បន្លឺ​សំឡេង​ស៊ីផ្លេ​បាន​ទៀត​ទេ​ ​គឺ​ត្រូវ​​ប្រើ​សញ្ញា​​ភ្លើង​កូត​ហ្វា​ឆ្លាស់​គ្នា​ជំនួស​ឲ្យ​​ការ​ប្រើ​ស៊ីផ្លេ។​ ​ ការ​ប្រើ​​ភ្លើង​​កូត​ហ្វា​ឆ្លាស់​គ្នា​​​នេះ​ ក៏​អាច​ប្រើ​​ជា​សញ្ញា​សុំ​ជែង​បាន​ដែរ។

 

ដោយ ​ឡែក​ ចំពោះ​អ្នក​បើក​បរ​យាន​បម្រើ​ការ​នគរបាល​ យោធា អាវុធហត្ថ ពន្លត់​អគ្គិភ័យ​ យាន​សង្គ្រោះ​របស់​​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ច​ មាន​សិទ្ធិ​ប្រើប្រាស់ សញ្ញា​សូរស័ព្ទ​ពិសេស (ស៊ីរ៉ែន) បាន​គ្រប់​ពេល​វេលា។ ការ​ប្រើ​ស៊ីផ្លេ​​ខ្យល់​នៅ​ក្នុង​ទីក្រុង​ ទី​ប្រជុំ​ជន​ ឬ​នៅ​ជិត​មន្ទីរ​ពេទ្យ​ត្រូវ​បាន​ហាម​ឃាត់​ មិន​ឲ្យ​ប្រើ​ប្រាស់​​ជា​ដាច់​ខាត។ នេះ​បើ​យោង​តាម​​ច្បាប់​ចរាចរណ៍​ជើង​គោក​ឆ្នាំ​២០០៧​ មាត្រា​​២៩៕

 

អត្ថបទ៖Sabay