Juventus ទម្លាក់ Real Madrid ឡើងប៉ះ Barca វគ្គផ្ដាច់ព្រ័ត្រ UCL
- 2015-05-14 15:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ទម្លាក់ Real Madrid ឡើងប៉ះ Barca វគ្គផ្ដាច់ព្រ័ត្រ UCL
ចន្លោះមិនឃើញ
ក្រុមជើងឯកអ៊ីតាលី Juventus បានទម្លាក់ក្រុមយក្សអេស្ប៉ាញ Real Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយទប់បានស្មើនាជើងទី២យប់មិញនេះ ១-១ នៅកីឡដ្ឋាន Santiago Bernabeu។ លទ្ធផលនេះ ល្មមគ្រប់គ្រាន់ឲ្យក្រុមសេះបង្កង់ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងគិតតាំងពីឆ្នាំ២០០៣មក ដោយសារកាលពីជើងទី១ក្រុមនេះបានយកឈ្នះ ២-១ ទៅហើយនោះ។
នាការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះដែលជាក្រុមការពារតំណែងជើងឯក និងជាក្រុមជើងឯក១០សម័យផងនោះ បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងដើម្បីយកឈ្នះវិញ។ សន្ទុះនៃការប្រយុទ្ធបានថមថយទៅវិញ នៅពេល Cristiano Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទីនៅនាទី២៣ ក្រោយ Giorgio Chiellini បង្កកំហុសលើ James Rodriguez។
១គ្រាប់របស់ Ronaldo នេះ គឺអាចនាំឲ្យក្រុមលោក Carlo Ancelotti ឡើងទៅជួបគូប្រជែង Barcelona បាន ប៉ុន្តែអ្វីៗមិនដូចបំណងនោះទេ ក្រោយអតីតខ្សែប្រយុទ្ធរបស់ខ្លួន គឺ Alvaro Morata ស៊ុតឲ្យ Juventus តាមស្មើនៅនាទី៥៧។
លទ្ធផលនេះ មិនប្រែប្រួលនោះទេ បើទោះបីជា Real ប្រឹងវាយសម្រុកវិញយ៉ាងណាក្ដី ដែលធ្វើឲ្យលទ្ធផលសរុបទាំង២ជើង គឺ Juventus យកឈ្នះ ៣-២។ ក្រុមជើងឯកទ្វីបអឺរ៉ុប២សម័យនេះ នឹងឡើងប៉ះក្រុមជើងឯក៤សម័យ Barcelona នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៦ ខែមិថុនា។ ចាំមើល ថាតើក្រុមណានឹងអាចលើកពាននេះជាថ្មី?
រូបភាព៖ dailymail