Mad Max ល្បី​ថា​ល្អ​មើល​ពេញ​ពិភព​លោក ឥលូវ​មាន​បញ្ចាំង​ហើយ

  • 2015-05-21 22:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mad Max: Fury Road ខ្សែ​ភាពយន្ត​សង្គ្រាម​រថយន្ត​លើ​ដង​ផ្លូវ​របស់​អូស្ត្រាលី​ដែល​កំពុង​ល្បី​ថា​ល្អ​មើល​ពេញ​ពិភពលោក​នោះ ឥលូវ​នេះ​មាន​បញ្ចាំង​នៅ​កម្ពុជា​ហើយ បន្ទាប់​ពី​ដាក់​បញ្ចាំង​សម្ពោធ​ដំបូង​នៅ​ផ្លាទីនៀម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

 

 

ខ្សែ​ភាពយន្ត​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ឈ្មោះ​អង់គ្លេស Tom Hardy (Mad Max) និង​នាង Charlize Theron (Furiosa) តារា​សម្ដែង​អាហ្វ្រិក​ខាង​ត្បូង​កាត់​អាមេរិក នេះ បង្ហាញ​ពី​ឈុត​ឆាក​សង្គ្រាម​បាញ់​គ្នា​ជាមួយ​នឹង​រថយន្ត​ប្រដេញ​លើ​វាល​ខ្សាច់​មិន​ធ្លាប់​មាន​ពី​មុន។

 

ពិភពលោក​ជួប​សង្គ្រាម​នុយក្លេអ៊ែរ។ មនុស្ស​ជាតិ សត្វ និង​រុក្ខជាតិ​ស្លាប់​ស្ទើរ​ផុត​ពូជ ខណៈ​អ្នក​ដែល​​នៅ​សេសសល់​មាន​ជំងឺ ពិការ និង​ត្រូវ​​បញ្ចូល​ឈាម​ដើម្បី​រស់ ហើយ​ត្រូវ​រស់​លើ​វាល​ខ្សាច់​រហោឋាន​ខ្សត់​ទឹក និង​ធនធាន​ធម្មជាតិ។ មនុស្ស​ទាំង​នោះ​ត្រូវ​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​របស់​មេដឹកនាំ​សាសនា​ម្នាក់ Immortan Joe ដែល​មាន​ប្រពន្ធ​ស្អាតៗ​៥​នាក់ សម្រាប់​បន្ត​ពូជ​មនុស្ស​ថ្មី។ Max ត្រូវ​ក្រុម Joe ចាប់​ខ្លួន​ធ្វើ​ជា​ប្លោក​ឈាម។

 

 

Max និង Furiosa រួមដៃ​គ្នា​សង្គ្រោះ​នារី​ទាំង​៥​នាក់​នោះ ដោយ​បើក​រថយន្ត​ចម្បាំង​គេច​ខ្លួន​ទៅ​រក​ពិភព​ថ្មី​មាន​ពណ៌​បៃតង​គេច​ពី​ការ​ជិះជាន់ បង្ក​ជា​សង្គ្រាម​រថយន្ត​ចម្បាំង​ច្នៃ​គ្រប់​ប្រភេទ​ប្រដេញ​គ្នា​យ៉ាង​សាហាវ ព្រោះ​ក្រុម Joe តាម​ចាប់​ប្រពន្ធ​គេ​មក​វិញ​ឲ្យ​ខាង​តែ​បាន។ សាច់​រឿង​ទាំង​មូល​ពេញ​ដោយ​សង្គ្រាម​ប្រដេញ​រថយន្ត​យ៉ាង​ក្ដៅ​គគុក​តាំង​ពី​ដើម​ដល់​ចប់។

 

 

ចង់​ដឹង​សាច់​រឿង​ល្អ​មើល និង​បញ្ចប់​ទៅ​យ៉ាង​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​រឿង Mad Max: Fury Road ដែល​ចាប់​បញ្ចាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​សុរិយា៕

 

 

ដោយ៖ សុផាត