លោក ​Ohara​៖ ក្រុម​អាហ្វ្រិក​នៅ​ខ្មែរ​មាន​អំណោយ​ផល​​​ជាង​ក្រុម​កម្ពុជា​យប់​មិញ​

  • 2015-05-29 18:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​លោក​ Kazunori Ohara យល់​ឃើញ​ថា ក្រុម​កីឡាករ​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​មាន​ផល​ចំណេញ​ច្រើន​លើ​កម្ពុជា​សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​កាល​ពី​យប់​មិញ​ដែល​​បញ្ចប់​​​ដោយ​លទ្ធផល​ស្មើ​២-២។

 

តាម​រយៈ​គ្រូ​ជំនួយ​ការ​លោក​ ឈូក ពិសិដ្ឋ ដែល​បាន​បក​ប្រែ​ឲ្យ​លោក​ Kazunori Ohara ដែល​​ជា​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​ថា ប្រសិន​បើ​ក្រុម​កម្ពុជា​អាច​គ្រប់​គ្រង​បាល់​បាន​ច្រើន​នោះ​ លោក​គិត​​ថា ក្រុម​​កម្ពុជា​​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ​​ ប៉ុន្តែ​ក្រុម​កម្ពុជា​មិន​អាច​គ្រប់​គ្រង​បាន​ច្រើន​ឡើយ​ដោយ​សារ​ក្រុម​កីឡាករ​អាហ្វ្រិក​មាន​អំណោយ​​ផល​ខាង​កម្ពស់ខ្ពស់​ និង​មាឌ​ធំ​ជាងកីឡាករ​​កម្ពុជា។

 

សូម​ទស្សនា​​បទ​សម្ភាសន៍​ខ្លី​រវាង Sabay ជា​មួយ​លោក ​ Kazunori Ohara

សម្រាប់​ការ​​កាល​ពី​យប់​មិញ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បើក​ការ​នាំ​មុខ​មុន​ បន្ទាប់​ពី ឃឹម បូរី បាន​ស៊ុត​បាល់​ប៉េណាល់ទី​បាន​សម្រេច​ក្រោយ​ពេល​​កីឡាករ​របស់​ក្រុម​ African Selection Team បាន​បង្ក​កំហុស​នៅ​ប្រអប់​គ្រោះ​ថ្នាក់។ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក​​សមាជិក​របស់​ African Selection Team គឺ​ សមាជិកស្វាយរៀង Dzarma Bata បាន​តែត​ចួល​ទី​តាម​ស្មើ​កម្ពុជា មុន​ពេល​ Obioh Julius ស៊ុត​បាល់​ពី​ចម្ងាយ​​ដើម្បី​​​នាំ​មុខ​កម្ពុជា​ ២-១ តែ​យ៉ាង​ណា​ចប់​តង់​ទី​មួយ​លទ្ធផល​ ២-២ ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​បឹងកេត ឃួន ឡាបូរ៉ាវី ​ស៊ុត​ចូល​ទី​បាន​សម្រេចមួយ​គ្រាប់​វិញ​ ខណៈ​តង់​ទី​ពីរ​គ្មាន​គ្រាប់​បាល់​ចូល​ទី​គ្នា​ឡើយ។ ​​

 

នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ខាង​មុខ​នេះ ក្រុម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ប្រទេស​ឡាវ​ដែល​នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Kazunori Ohara៕

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​