Messi ​ព្រមាន​ថា Tevez ​អាច​ធ្វើ​ឱ្យ Barca​ ចុក​ឈាម​បាន

  • 2015-05-29 20:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Lionel Messi ​បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម Barcelona ​ទាំង​អស់​ថា កុំ​មើល​ស្រាល​ខ្សែ​ប្រយុទ្ធ Carlos Tevez ​របស់​ក្រុម Juventus ​ឱ្យ​សោះ ព្រោះ​ថា​កីឡាករ​រូប​នេះ​អាច​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​មិន​អាច​ឈ្នះ​ពាន UEFA Champions League ​ក៏​ថា​បាន។

 

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប UEFA Champions League ​រវាង​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ Barcelona ​និង​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី Juventus ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ខាង​មុខ​នេះ នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

 

មុន​ការ​ប្រកួត​ដ៏​ធំ​នេះ​ធ្វើ​ឡើង ទ័ព​ស្រួច Barcelona ​កីឡាករ Lionel Messi ​បាន​ព្រមាន​ដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ទាំង​អស់​ថា​កុំ​មើល​ស្រាល​សេះ​បង្កង់​ឱ្យ​សោះ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Carlos Tevez។ "យើង​នឹង​ជួប​ជាមួយ​ដៃ​គូ​ដែល​ខ្លាំង​ ព្រោះ​ថា Juventus ​ជា​ក្រុម​មាន​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន ជា​ពិសេស​គឺ Tevez ។ វា​ជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដូច្នេះ​អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ ប៉ុន្តែ​ក្រុម​យើង​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​វា”។ កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​និយាយ​ប្រាប់ Sport Premium ។

 

 

មុន​ប្រកួត​ផ្ដាច់​ព្រ័ត្រ Champions League ​ខាង​មុខ​នេះ ក្រុម Barcelona ​ក៏​មាន​ភារកិច្ច​ធំ​មួយ​ទៀត​ដែរ​នៅ​យប់​ថ្ងៃ​សៅរ៍​​នេះ​គឺ​ប្រកួត​យក​ពាន Copa del Rey ​ជាមួយ​ក្រុម Athletic Bilbao ។ ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ ហើយ​ឈ្នះ​ Juventus ​ទៀត នោះ​រដូវ​កាល​នេះ​អ្នក​មាន​បុណ្យ​នឹង​អាច​លើក​ពាន​រហូត​ដល់​ទៅ​៣​ក្នុង​មួយ​រដូវ​កាល​ហើយ ៕

 

ចុចអាន៖មើល Messi លេង​ទល់​នឹង Juventus ​កាល​វ័យ​១៧​ឆ្នាំ ​ខ្លាំង​ឬ​អត់?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖goal