អ្នក​មាន​បទ​ពិសោធន៍​​​​​ប្រាប់​វិធី​មើល​​​លុយ​​១០០​​ដុល្លារ​​និង​២០ដុល្លារ​ពិត​ឬ​​ក្លែងក្លាយ​​

  • 2015-06-05 21:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ធ្វើ​​ការ​ក្នុង​វិស័យ​ធនាគារ​​​មួយ​​រូប​បាន​ចែក​រំលែក​នូវ​វិធី​ខ្លះ​​​​​ៗ ​ដើម្បី​មើល​​ក្រដាស​ដុល្លារ​​ពិត​និង​ក្លែងក្លាយ​ ​ក្នុង​ករណី​​គ្មាន​ប៊ិច​​គូស​ដុល្លារ(ប៊ិច​ម្យ៉ាង​ដែល​​​​គូស​ដឹង​ក្រដាស​ពិត​ ឬ​​ក្លែង​ក្លាយ​)​ ឬ​ក៏​ម៉ាស៊ីន​ពិនិត្យ។​ ​ ​​​ ​

កញ្ញា​គង់​ ច័ន្ទ​វណ្ណី​ ជា​បេឡាធិការ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិល​ស៊ី​បាន​ប្រាប់​ពី​លក្ខណៈ​ នៃ​លុយ​១០០​ដុល្លារ​​ស៊េរី​ឆ្នាំ​១៩៩៦ ​ពិត​​ប្រាកដ ​និង​ក្លែង​ក្លាយ​​មាន​ដូច​​ត​ទៅ​៖​

 

១) រូប​បណ្ដុះ​នៅ​លើ​ក្រដាស​ពិត​មាន​លក្ខណៈ​ច្បាស់​ជាង​ រូប​បណ្ដុះ​នៅ​លើ​ក្រដាស​ក្លែងក្លាយ​។​

 

២)​ ក្រដាស​ពិត​មាន​សរសៃ​តូច​ៗ​ពណ៌​ខៀវ​ និង​ក្រហម​(ខ្សែ​សយ)​ច្រើន​ហើយ​រាង​កោង​ៗ រី​ឯ​ក្រដាស​​ក្លែងក្លាយ​មាន​សរសៃ​ពណ៌​ខៀវ​ និង​ក្រហម​តិច​ ហើយ​រាង​​ត្រង់​ៗ។

 

៣) ក្រដាស​ពិត​ លេខ​ «100» ​ប្រែ​ទៅ​ជា​ពណ៌​បៃ​តង​ចាស់ ឯ​ក្រដាស​ក្លែង​ក្លាយ​ លេខ​ «100» ប្ដូរ​ទៅ​ជា​ពណ៌​បៃ​តង​ខ្ចី​។

 

៤)​ក្រដាស​ពិត​ មាន​បន្ទាត់​ព័ទ្ធ​ជុំវិញ «100» ​ពណ៌​ដិត​ជាង​ហើយ​មាន​លក្ខណៈ​ដិត​ច្បាស់​ល្អ​ ចំណែក​ក្រដាស​ក្លែងក្លាយ​ មាន​បន្ទាត់​ព័ទ្ធ​ជុំ​វិញ​  «100» ​ពណ៌​មិន​សូវ​ដិត​ហើយ​មិន​ច្បាស់​ល្អ​ទេ។

 

៥)ក្រដាស​ពិត​ នៅ​ក្នុង​អក្សរ «N» របស់​ពាក្យ​ «UNITED» មាន​ប្រហោង​តូច​មើល​សឹង​តែ​មិន​ចង់​ឃើញ ឯ​ក្រដាស​ក្លែង​ក្លាយ​ នៅ​ក្នុង​អក្សរ​ «N» នៃ​ពាក្យ​ «UNITED» មាន​ប្រហោង​ធំ​មើល​ទៅ​ដូច​ជា​មាន​បន្ទាត់​ពណ៌ស។

 

៦)​ក្រដាស​ពិត អក្សរ​ពុម្ព​តូច​ៗ​ «USA100» ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ខ្សែ​ការពារ​សុវត្ថិភាព​ រីឯ​ក្រដាស​ក្លែង​ក្លាយ​  អក្សរពុម្ព​ «USA100» មិន​ស្ថិត​ចំ​កណ្ដាល​ នៃ​ខ្សែ​ការពារ​សុវត្ថិភាព​ទេ។

 

៧)​ក្រដាស​ពិត​ ក្បាល​នៃ​អក្សរ​ S មាន​រាង​រាប​ស្មើ​ហើយ​មិន​ជាប់​នឹង​​សំណាញ់​ពណ៌​ស​ទេ​ ចំណែក​ក្រដាស​ក្លែងក្លាយ​  ក្បាល​នៃ​អក្សរ S មាន​រាង​ជា​កន្ទុយ​ត្រី​ ហើយ​ជាប់​នឹង​សំណាញ់​​ពណ៌​ស។​

 

៨)​ក្រដាស​ពិត​ នៅ​ក្នុង​អំពូល​ភ្លើង​នៃ​រូប Independent Hall មាន​បន្ទាត់​ពីរ​ស្រប​គ្នា ​ចំណែក​ក្រដាស​ក្លែង​ក្លាយ​ ​នៅ​ក្នុង​អំពូល​ភ្លើង​ មាន​បន្ទាត់​បី​ស្រប​គ្នា។​

 

 

៩)​ជើង​​នៃ​សសរ​ដង​គោម​ផ្នែក​ខាង​ឆ្វេង​មាន​លក្ខណៈ​ប្រហោង មិន​​ជាប់​និង​សសរ​របង​ផ្ទះ​ទេ​ ចំណែក​ក្រដាស​ក្លែង​ក្លាយ​ ជើង​នៃ​សសរ​ដង​គោម​ផ្នែក​ខាង​ឆ្វេង​ មាន​លក្ខណៈ​ជាប់​ ហើយ​មាន​បន្ទាប់​ជាប់​ទៅ​នឹង​សសរ​របង​ផ្ទះ​ទៀត។​​

 

១០)​ក្រដាស​ពិត​កំពូល​វិមាន​ផ្នែក​ខាង​​ឆ្វេង​មើល​មិន​សូវ​ច្បាស់​ តែ​ក្រដាស​ក្លែងក្លាយ​ កំពូល​វិមាន​ផ្នែក​ខាង​ឆ្វេង​ មាន​រាង​ជា​បន្ទាត់​មើល​ឃើញ​ច្បាស់​ល្អ។​

 

លក្ខណៈ​ពិត​និង​ក្លែង​ក្លាយ​នៃ​លុយ​​២០​ដុល្លារ​ស៊េរី​ឆ្នាំ 1996-2003 មាន​ដូច​ត​ទៅ៖

 

១)​ក្រដាស​ពិត​មាន​លក្ខណៈ​គ្រើម​ហើយ​ស្វិត ឯ​ក្រដាស​ក្លែង​ក្លាយ​ ក្រាស់​ហើយ​ខ្មៅ​ព្រាលៗ។

 

២)​ក្រដាស​ពិត​ លេខ​មាលា​ មាន​ស្នាម​ថ្នាំ​ជក់​នៅ​ខាង​ៗ (​ប្រើ​កែវ​ពង្រីក) ឯ​ក្រដាស​ក្លែង​ក្លាយ​ គ្មាន​ស្នាម​ថ្នាំ​ជក់​នៅ​ខាង​ៗ​ទេ។​

 

៣)​ក្រដាស​ប្រាក់​ពិត​រូប​បណ្ដុះ​ ពេល​លើក​បញ្ចាំង​នឹង​ពន្លឺ មើល​ឃើញ​ច្បាស់​ដូច​រូប​ពិត ឯ​ក្រដាស​ក្លែង​ក្លាយ​ ពេល​បញ្ចាំង​នឹង​ពន្លឺ​វា​មាន​រាង​ស្រមោល​មើល​សឹង​តែ​មិន​ឃើញ។​

 

៤)​ក្រដាស​ពិត​ ខ្សែ​ការ​ពារ​សុវត្ថិភាព​មើល​នឹង​ភ្នែក​មិន​ឃើញ​​ទេ​ ទាល់​តែ​លើក​បញ្ចាំង​ពន្លឺ ចំណែក​ក្រដាស​ក្លែងក្លាយ​ ខ្សែ​ការពារ​សុវត្ថិភាព​ មើល​នឹង​ភ្នែក​ឃើញ​ច្បាស់ (​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ក្រដាស​ប្រាក់)។

 

លក្ខណៈ​ពិត​និង​ក្លែង​ក្លាយ​នៃ​ក្រដាស​ ២០ ដុល្លារ​ស៊េរី​ឆ្នាំ​ 2004-2009 មាន​ដូច​ជា៖

 

១)​ក្រដាស​ពិត គ្រើម​ហើយ​ស្វិត និង​ មាន​សរសៃ​ឆ្មារ​ៗ​ ពណ៌​ខៀវ​-ក្រហម​ ច្រើន​នៅ​លើ​ផ្ទៃ​ក្រដាស​ប្រាក់ ឯ​ក្រដាស​ក្លែង​ក្លាយ រលោង ហើយ​ស្រអាប់​ និង​មាន​សរសៃ​ឆ្មារ​ៗ​ពណ៌​ខៀវ​ក្រហម តិច។​

 

២)​ក្រដាស​ពិត​ពេល​ផ្អៀង​ចុះ​ឡើង​លេខ​ 20 ប្ដូរ​ពណ៌​ ពី​ទង់​ដែង​ ទៅ​ ជា​ពណ៌​បៃ​តង​ ឯ ក្រដាស​ក្លែង​ក្លាយ​ ពេល​ផ្អៀង​ចុះ​ឡើង​ លេខ 20 មិន​ប្ដូរ​ពណ៌​ ពី​ទង់​ដែង​ទៅ​ជាង​ពណ៌​បៃ​តង​ទេ។​

 

៣)​ក្រដាស​ពិត​ រូប​បណ្ដុះ​ពេល​បញ្ចាំង​នឹង​ពន្លឺ​ មើល​ឃើញ​ច្បាស់​ដូច​រូប​ពិត រី​ឯ​ ក្រដាស​ក្លែង​ក្លាយ​ពេល​លើក​បញ្ចាំង​នឹង​ពន្លឺ​វា​មាន​រាង​ជា​ស្រមោល មើល​មិន​ច្បាស់។​

 

៤)​ក្រដាស​ពិត​ ត្រា​រតនាគារ​ និង​ ផ្កាយ​ទាំង​ ១៣ មាន​លក្ខណៈ​ច្បាស់​ល្អ ឯ​ក្រដាស​ក្លែង​ក្លាយ ត្រា​​រតនាគារ​និង​ផ្កាយ​ទាំង​១៣ មាន​លក្ខណៈ​មិន​ច្បាស់​ល្អ​ទេ។

 

៥)​ក្រដាស​ពិត​ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ក្រដាស​ប្រាក់​ ទឹក​ថ្នាំ​បោះ​ពុម្ព នៅ​លើ​រូបភាព​មាន​លក្ខណៈ​ច្បាស់​ល្អ ចំណែក​ក្រដាស​ក្លែងក្លាយ នៅ​ផ្នែក​ខាង​ក្រោយ​ទឹក​ថ្នាំ​បោះ​ពុម្ព​នៅ​លើ​រូប​ភាព​មាន​លក្ខណៈ​មិន​សូវ​ច្បាស់​ល្អ​ទេ។

ក្រដាស​១០០ ​និង​២០ ​ដុល្លារ​​​ក្លែង​ក្លាយ​ជា​​ក្រដាស​ដែល​​ជួប​ញឹកញាប់​​ជាង​គេ​ហើយ​មនុស្ស​មួយ​ចំនួន​កំពុង​ទិញ​ដូរ​លុយ​ដុល្លារ​ក្លែង​ក្លាយ​ ទាំង​មិន​ដឹង​ខ្លួន។ អ្នក​ខ្លះ​យក​មក​ផ្ញើ​នៅ​ធនាគារ​តែ​ត្រូវ​បាន​បដិសេធ​ដោយ​សារ​លុយ​នោះ​ជា​លុយ​ក្លែង​ក្លាយ​។ កញ្ញា​គង់​ ច័ន្ទ​វណ្ណី​ ​​បាន​ឱ្យ​យោបល់​ថា​​​​មុន​នឹង​ទទួល​លុយ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​​សិន​ចៀស​វាង​ការ​ខាត​ប្រាក់​កាស​៕​​

 

បាន​ដឹង​ហើយ​សាក​យក​លុយ​របស់​ប្រិយមិត្ត​មក​មើល ចង់​ដឹង​ថា​លុយ​នេះ​ក្លែង​ក្លាយ​ឬ​ក៏​ពិត?​​​​​​

 

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង

អត្ថបទពេញនិយម