នារីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ទទួលបានពានរង្វាន់ណូបែលសន្តិភាព
- 2014-10-11 16:52:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ទទួលបានពានរង្វាន់ណូបែលសន្តិភាព
ចន្លោះមិនឃើញ
ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ត្រូវបានប្រកាសប្រគល់ឲ្យសកម្មជនក្នុងវិស័យអប់រំ ២នាក់រួមគ្នា គឺយុវនារីជនជាតិប៉ាគីស្ថាន Malala Yousafzai និងលោក Kailash Satyarthi វ័យ ៦០ឆ្នាំ ជនជាតិឥណ្ឌា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺម្ចាស់ពានរង្វាន់ណូបែលសន្តិភាពជនជាតិប៉ាគីស្ថានមានវ័យត្រឹម ១៧ឆ្នាំ ក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។
យុវនារីជនជាតិប៉ាគីស្ថាន Malala Yousafzai
ការប្រកាសឈ្មោះជយលាភីម្ចាស់ពានរង្វាន់ណូបែលទាំងពីរ បានប្រព្រឹត្តទៅនៅប្រទេសន័រវែស កាលពីថ្ងៃសុក្រម្សិលមិញ។ មុនពេលទទួលបានកិត្តិនាមល្បីរន្ទឺនេះ សកម្មជនទាំងពីរបានចូលរួមសកម្មភាពវិស័យអប់រំជាច្រើនក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដូចជាប្រឆាំងនឹងការបំបិទសិទ្ធិកុមារមិនឲ្យចូលរៀន និងការទប់ស្កាត់ពលកម្មកុមារជាដើម។ គ្រោះថ្នាក់ធំបំផុតក្នុងសកម្មភាពរបស់នាង Malala គឺត្រូវពួកតាលីបង់បាញ់ចំក្បាលកាលពីឆ្នាំ២០១២ ពេលចូលទៅក្នុងសាលាមួយនៃប្រទេសប៉ាគីស្ថាន ប៉ុន្តែបានជួយសង្គ្រោះរួចរស់ជីវិត។
ម្ចាស់ជយលាភីណូបែលសន្តិភាពទាំងពីរ គ្រោងអញ្ជើញប្រធានាធិបតីនៃប្រទេសរបស់ខ្លួន ទៅចូលរួមកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងនៅរាជធានី Oslo ប្រទេសន័រវែស នាថ្ងៃទី១០ ខែធ្នូខាងមុខ។ សកម្មជនទាំងពីរនឹងទទួលបានប្រាក់រង្វាន់រួមគ្នា ១,៤លានដុល្លារ។
ស្ថិតិពានរង្វាន់ណូបែលសន្តិភាព
ពានរង្វាន់ណូបែលសន្តិភាព ត្រូវបានផ្ដល់ជូនបុគ្គលដែលមានស្នាដៃក្នុងការជួយសង្គម លើកកម្ពស់វិស័យអប់រំ ផ្សព្វផ្សាយសន្តិភាព និងកាត់បន្ថយជម្លោះ។ ចាប់តាំងពីឆ្នាំ១៩០១ មក ពានរង្វាន់ណូបែលសន្តិភាព៩៥ បានផ្ដល់ជូនបុគ្គលនានា ក្នុងនោះមានស្ត្រី ១៦រូប រាប់ទាំងនារីវ័យក្មេងជនជាតិប៉ាគីស្ថានផង។ អាយុអ្នកដែលទទួលបានពានរង្វាន់នេះជាមធ្យមគឺ ៦២ឆ្នាំ ប៉ុន្តែម្ចាស់ពានឆ្នាំនេះមានវ័យត្រឹម ១៧ឆ្នាំ ក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕
រឿងរ៉ាវជាច្រើនទៀតទាក់ទងនឹងជីវិតជោគជ័យ៖ ចុចអាន
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ bbc