ជួបបញ្ហាជាច្រើន សុវណ្ណា ហ្គិច ប្រកាសឈប់ពីសិល្បៈហើយ!
- 2015-06-12 15:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបបញ្ហាជាច្រើន សុវណ្ណា ហ្គិច ប្រកាសឈប់ពីសិល្បៈហើយ!
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេង សុវណ្ណា ហ្គិច បានប្រាប់ឲ្យដឹងថា នាងសម្រេចលាឈប់ពីអាជីពសិល្បៈហើយ ដោយឈប់ទទួលយករាល់ការសម្ដែងទាំងអស់ចាប់ពីពេលនេះតទៅ។
ចំពោះហេតុផល ហ្គិច មិនបាននិយាយឲ្យចំថា នាងមានរឿងអីជាមួយនរណាទេ ប៉ុន្តែគ្រាន់តែបង្ហើបថា ព្រោះតែសិល្បៈត្រូវបានគេឲ្យតម្លៃទាប។ ម្យ៉ាងនាងបានជួបរឿងជាច្រើនផងក្នុងអាជីពនេះ តាំងពីរប្រឡូកសិល្បៈប្រមាណជាង១ឆ្នាំមក។
សុវណ្ណា ហ្គិច ថ្លែងថា "គេចូលសិល្បៈចេះតែរីកចម្រើន ឯខ្ញុំវិញមានរឿងរហូត...មនុស្សភាគច្រើនឲ្យតម្លៃសិល្បៈទាប គេថាខ្ញុំមិនល្អ ហ៊ឺ...ខ្ញុំអត់សូវដឹងរឿងពីសិល្បៈទេបង ខ្ញុំល្ងង់ណាស់ អីចឹងហើយដើរចេញ គឺជាជម្រើសល្អបំផុតហើយសម្រាប់ខ្ញុំ!"។
ហេតុផលមួយផ្សេងទៀត ដែលតារាសម្ដែងរូបនេះយកធ្វើជាហេតុផលមួយសម្រាប់ការចាកចេញពីសិល្បៈនាពេលនេះ គឺនាងបានលើកឡើងថា សិល្បៈត្រូវការមានទំនាក់ទំនងច្រើន ប៉ុន្តែនាងខ្លួនឯង ដឹងថាមិនសូវពូកែលើរឿងនេះ មិនសូវបានមាត់បានក បូករួមទាំងមិនមានសាច់ញាតិជួយយឹតយោងទៀត។
ដូច្នេះហើយ នាងមើលឃើញថា នាងពិតពិបាកទទួលបានផ្លែផ្កាក្នុងអាជីពនេះណាស់ ទើបសម្រេចឈប់។ យ៉ាងណា ការប្រទះនឹងបញ្ហាជាច្រើន ទើបជាបញ្ហាពិត។ សុវណ្ណា ហ្គិច ដែលទន្ទេញតែពាក្យថា "ឈប់ៗ" នោះ ប្រាប់ថា "កាលពីមុន ខ្ញុំស្រឡាញ់ណាស់ តែឥឡូវខ្ញុំច្បាស់ក្នុងចិត្តហើយ ថាត្រូវតែឈប់ ខ្ញុំអាចប្រាប់បានត្រឹមថា មានរឿងជាច្រើនព្រោះខ្ញុំអត់ចង់មានរឿងទេ ខ្ញុំពិបាកណាស់"។
កញ្ញា សុវណ្ណា ហ្គិច ប្រឡូកចូលសិល្បៈអំឡុងចុងឆ្នាំ ២០១៣ កន្លងទៅ ទាំងមិនបានព្រាងទុក ដោយតាមការណែនាំរបស់មិត្តភ័ក្ដិ។ កញ្ញា បានចាប់ផ្តើមដំបូងដោយថតខារ៉ាអូខេឲ្យផលិតកម្ម Pleng Record ក្នុងបទមួយចំនួនដូចជាបទ “យំពេលសើច” “ចង់ធ្វើសង្សារម្តងទៀត” និងបទ “ចង់លឺពាក្យស្រឡាញ់ពីគេ” ជាដើម។
មុនពេលប្រកាសឈប់ តារាវ័យ ២៣ឆ្នាំរូបនេះ បានសម្ដែងក្នុងបទចម្រៀងមួយចំនួនរបស់ផលិតកម្ម ថោន និងសាន់ដេ។ ក្រៅពីនេះ នាងក៏បានចូលរួមសម្ដែងភាពយន្តមួយចំនួនផងដែរ។ រឿងទាំងនោះមាន “ព្រះធិនវង្សនាងពៅ” និង “វេរាស្នេហ៍ឆ្លងភព” ជាដើម៕
អត្ថបទ៖ ទារិកា