ដួង ស្រី​ពេជ្រ ថ្វីត្បិត​មាន​ការ​រិះគន់​មែន តែ​ការងារ​រឹតតែ​សម្បូរ​ធ្វើ

  • 2015-06-12 16:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តារា​ម៉ូដែល ដួង ស្រី​ពេជ្រ​ នា​ឱកាស​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​បើក​សម្ពោធ​​រឿង “កំពូល​អង្គរក្ស​ស្រី” នៅ​រោង​ភាព​យន្ត Major Cineplex by Cellcard  បាន​ឲ្យ​ដឹង​ថា​ត្បិត​តែ​មួយ​រយៈ​មុន​មាន​ការ​រិះគន់​លើ​ការ​ស្លៀកពាក់​លើ​រូប​នាង​ក៏​ពិត​មែន តែ​ការងារ​សិល្បៈ​ឥឡូវ​រឹតតែ​មមាញឹក​លើស​ដើម។

 

 

“ចាប់តាំង​ពី​នាង​ខ្ញុំ​បាន​បកស្រាយ​រឿង​ស្លៀកពាក់​សិចស៊ី​នោះ​រួច​មក​ឃើញ​ថា​បងប្អូន​ទស្សនិកជន​ពួកគាត់​បាន​យល់​ថា​ការ​ស្លៀកពាក់​បែប​នោះ​មិនមែន​ជា​ចេតនា​របស់​នាង​ខ្ញុំ​ទេ។ ឥឡូវ​មាន​អ្នក​គាំទ្រ​ខ្ញុំ​ច្រើន​មែនទែន ដោយ​ពីមុន​មាន​តែ​ទស្សនិកជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ដែល​ស្គាល់​នាង​ខ្ញុំ តែ​ឥឡូវ​សូម្បី​នៅ​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ក៏​គេ​ស្គាល់ និង​​គាំទ្រ ​ធ្វើឲ្យ​ខ្ញុំ​ទទួល​បាន​ការងារ​រឹតតែ​ច្រើន​ដែរ"។ ស្រីពេជ្រ រៀបរាប់​ប្រាប់ Sabay។

 

តាម​សាមី​ខ្លួន គ្រាន់តែ​ខែ​នេះ​ នាង​បាន​ថត​៤រឿង ​ក្នុង​នោះ​​តួឯក​បាន​ពីរ និង​តួរង​ពីរ​ដូចគ្នា គឺ​រឿង "​ផ្កា​បួន​ទង"  "ចិត្ត​ស្អប់​បង្កប់​ស្នេហ៍"  "អា​មោក​លក់​ម៉ាំ" និង​មួយ​ទៀត​នាង​ភ្លេច​ចំណងជើង។ ស្រី​ពេជ្រ បន្ថែម​ថា ក្នុង​ចំណោម​រឿង​ទាំងអស់​មាន​តែ​មួយ​ទេ​ដែល​គេ​ទាក់ទង​មក​មុន ហើយ​បី​រឿង​ទៀត​ក្រោយ​ធ្លាយ​រូប​សិចស៊ី។ ចំណែក​ខែ​មុន​នាង ទើប​ថត​ចប់​រឿង​​ទី​១៣​ដែរ។

 

 

ចំពោះ​គូរ​អនាគត​វិញ​តារា​ម៉ូដែល​ខាងលើ​បាន​និយាយ​ថា"រាល់ថ្ងៃ​គឺ​រវល់​ខ្លាំង​ណាស់​សូម្បី​តែ​ពេល​វេលា​សម្រាប់​ខ្លួនឯង​ក៏​គ្មាន​ផង មាន​ពេល​ណា​ទៅ​គិត​ដល់​រឿង​នោះ តែ​បើ​គូព្រេង​ដល់​មែន​ពេល​ណា​ពេល​ហ្នុង​ចុះ"។ ជា​ចុងក្រោយ  ស្រីពេជ្រ បាន​សំណូម​ពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​នៅ​ក្នុង​ប្រទេស ក៏​ដូចជា​នៅ​ក្រៅ​ប្រទេស​សូម​ជួយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា តែ​កុំ​ប្រើ​ពាក្យ​អសុរស៕

 

អត្ថបទ៖ទ្រី រ៉ាវី