ទ្រីមែន ក្លាយ​ជា​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ក្រោយ​ឃើញ​មិត្តភក្ដិ​ថត​វីដេអូ​លេង​ក្នុង​ពិធី​ជប់​លៀង

  • 2015-06-12 17:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាក់ ​ជែន​ទ្រី​មែន ​​​គឺ​ជា​ឈ្មោះ​មេ​ក្រុម​របស់ “High School Media” ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​និង​​ដឹកនាំ​រឿង​វ័យ​ក្មេង​ម្នាក់ ក្រោយ​ឃើញ​មិត្តភ័ក្ដិ​ថត​វីដេអូ​លេង​ក្នុង​ពិធី​ជប់​លៀង។

 

 

អ្នក​ដឹកនាំ​វ័យ​ក្មេង​រូប​នេះ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​មួយ​នៅ​ផ្ទះ​មិត្ត​ម្នាក់​មាន​ពិធី​ជប់​លៀង ហើយ​ពេល​នោះ​ពួក​គេ​បាន​នាំ​គ្នា​ថត​វីដេអូ​សម្រាប់​មើល​លេង​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ថត​ហើយ​យក​មក​មើល​ឡើង​វិញ​ក៏​មាន​មិត្ត​ភក្តិ​លោក​ម្នាក់ ផ្តើម​គំនិត​ចេញ​មក​ថា​ហេតុ​អ្វី​ពួក​យើង​មិន​នាំ​គ្នា​ថត​ជា​វីដេអូ​មួយ​ទៅ។

 

ដោយ​មាន​និស្ស័យ​ស្រាប់​ផង ពេល​នោះ ទ្រីមែន បាន​យល់​ស្រប ហើយ​ពួកគេ​ក៏​បាន​សម្រេច​គ្នា​ថា​ធ្វើ​មែន ដែល​ក្រោយ​មក ក៏​ផលិត​វីដេអូ​បាន​មួយ​ដំបូង​គេ​គឺ​រឿង "ចំណង​ស្នេហ៍​យុវវ័យ"។ បន្ត​មក​ទៀត មាន​ដូច​ជា "គំនុំ​ផ្គុំ​ស្នេហ៍" “Valentine's LOVE” និង​រឿង​ចុង​ក្រោយ“ទឹក​ភ្នែក​ម្តាយ"។

 

​រឿង​ទាំង​៤​នោះ​ ជា​ប្រភេទ​រឿង​ខ្លី និយាយ​ពី​ស្នេហា​យុវវ័យ និង​ទាក់​ទង​ទៅ​នឹង​ការ​អប់រំ​ផ្តើម​ចេញ​តាំង​ពី​ ទ្រីមែន រៀន​នៅ​ថ្នាក់​ទី​១២​មក​ម្ល៉េះ។ សាមី​ខ្លួន​ផ្ទាល់​បញ្ជាក់​ថា មិន​បាន​ទៅ​រៀន​នៅ​សាលា​ជំនាញ​ណា​មួយ​នោះ​ទេ​។

 

ទ្រីមែន បន្ត​ថា "ចំពោះ​រឿង​នីមួយ​ៗ​ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ដែរ​បង​ប្រហែល​ជា​៣​ខែ​ក្នុង​ការ​សម្ដែង​រក​ទីតាំង​ណា​មួយ​ដែល​សមស្រប​ហើយ​នៅ​យក​មក​កាត់​ត​ដោយ​ខ្លួន​ឯង។ ម្យ៉ាង​ទៀត​ពួក​យើង​ចុះ​ថត​ពេល​ដែល​ទំនេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ​។

 

 

 

រូប​ភាព​៖ ផ្ដល់​ដោយ ទ្រីមែន

 

តួ​សម្ដែង​ទាំងអស់​សុទ្ធ​តែ​មាន​វ័យ​ក្មេងៗ​ មាន​ដូច​ជា ជៀន ដារ៉ូ អ៊ុន សុមនា អ៊ុន ដាលី អៀង លីនដា ​សុភី ដូលា ​ហាក់ ​ពេជ្រម៉ូលីតា យួង គីមឡេង សានិត បញ្ញា ។ ទ្រី​មែន ប្រាប់​ថា នៅ​ពេល​វីដេអូ​រឿង​ខ្លីៗ​របស់​លោក បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​យូធូប និង​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក មាន​មិត្តភក្ដិ​ជាច្រើន​បាន​ពោល​សរសើរ ថា​មាន​គំនិត​ក្នុង​ការ​បង្កើត​រឿង​ខ្លីៗ​ហើយ​មាន​លក្ខណៈ​សប្បាយ​ៗ​ទៀត។

 

“​អូ​បង ពេល​ដែល​វីដេអូ​របស់​ខ្ញុំ​បាន​ផុស​នៅ​លើ​ប្រព័ន្ធ​យូធូប​មាន​ទាំង​អ្នក​សរសើរ​មាន​ទាំង​ថា​ឲ្យ​និង​រិះគន់​ផង​ដែរ​ប៉ុន្តែ​ក្នុង​នោះ​ការ​សរសើរ​មាន​ច្រើន​ជាង​ការ​បង្អាប់​អ្នក​ខ្លះ​ថា​ធ្វើ​វីដេអូ​ដូច​​ឡប់​ក៏​ត្រដរ​ធ្វើ​ដែរ​អីចឹងៗ​ណា​បង"។ ទ្រីមែន ថ្លែង។

 

បើ​ទោះ​ជា​បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​និពន្ធ នឹង​ដឹក​នាំ​រឿង​វ័យ ២៤​ឆ្នាំ រូប​នេះ បញ្ជាក់​ថា មិន​អាច​បង្អាក់​ទឹក​ចិត្ត​របស់​ខ្លួន​បាន​ឡើយ។ "​ខ្ញុំ​ដឹង​ថា​ការ​ធ្វើ​វីដេអូ​របស់​ខ្ញុំ​នៅ​មាន​កម្រិត​ប៉ុន្តែ​វា​ជា​អ្វី​ដែល​ជា​ចូលចិត្ត​ហើយ​ខ្ញុំ​នឹង​ខិត​ខំ​បន្ថែម​ទៀតហើយ​ក៏​នឹង​មិន​បោះ​បង់​ចោល​ទេ"។

 

រឿង​ខ្លី​មួយ​របស់ ជែក​ទ្រីមែន​ រឿង "គំនុំ​ផ្គុំ​ស្នេហ៍"

 

 

ដោយ​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​នៃ​ការ​ធ្វើ​វីដេអូ​របស់​ក្រុម “High School Media"មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​អញ្ជើញ​ពួកគេ​ទៅ​ថត​ជា​លក្ខណៈ Pre-Wedding ទៀត​ផង។ ជែនទ្រីមែន មាន​អាយុ​២២ឆ្នាំ​​ជា​​កូន​ទី​១ក្នុង​ចំណោម​បង​ប្អូន​៥​នាក់។ បច្ចុប្បន្ន​ក្រៅ​ពី​ការងារ​និពន្ធ និង​ដឹក​នាំ​រឿង លោក​កំពុង​សិក្សា​ឆ្នាំ​ទី៤​ខាង​អក្សរសាស្ត្រ​ភាសា​កូរ៉េ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថែម​ទៀត​ផង៕

 

អត្ថបទ ៖ ថា ម៉ាលីដា