Elber៖ Costa អាច​ជំនួស​តំណែង​ Ribery ឬ Robben នៅ Bayern បាន

  • 2015-06-29 18:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Bayern Munich លោក​ Giovane Elber ជឿ​ថា​​កីឡាករ​ប្រេស៊ីល​ Douglas Costa អាច​​ជំនួស​តំណែង​ Franck Ribery ឬ​ Arjen Robben ​នៅ​ Bayern ​បាន​ ខណៈ​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​ជិត​ផ្ទេរ​ទៅ​កាន់​ Allianz Arena។

 

 

​តារា​ឆ្នើម​របស់​ក្រុម​ Shakhtar Donetsk ​ជិត​ផ្ទេរ​ទៅ​​អាល្លឺម៉ង់​ហើយ នូវ​តម្លៃ​៣៥​លាន​អឺរ៉ូ (ជាង​៣៨,៥​លាន​ដុល្លារ) ​ខណៈ​ដែល​អ្នកចាត់ការ​ក្រុម​ជើង​ឯក​អ៊ុយក្រែន​ លោក​ Mircea Lucescu ​បាន​លើក​ឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ក្រុម​ជើង​ឯក​អាល្លឺម៉ង់ ​បាន​​បាន​ដាក់​សំណើ​ទិញ​យក​​កីឡាករ​​វ័យ​២៤​ឆ្នាំ​ របស់​លោក។

 

Elber ​ជឿ​ថា Bayern ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល Costa  ព្រោះ​តែ​ចង់​ជំនួស​តំណែង​ Ribery និង​ Robben ​ដែល​អ្នក​ទាំង​២​នោះ​ ឈាន​ដល់​វ័យ​៣២ និង​៣១​ឆ្នាំ​ហើយ ដោយ​លោក​បាន​និយាយ​ថា៖ "Bayern តែង​ដើរ​ទៅ​មុខ​ជានិច្ច។ យើង​ដឹង​ថា ពេល​វេលា​របស់​ Ribery និង​ Robben ​ជិត​បញ្ចប់​ហើយ ដូច្នេះ​​​ក្លិប​ត្រូវ​តែ​មាន​អ្នក​ជំនួស​ពួកគេ"។

 

​បុរស​វ័យ​៤២​ឆ្នាំ បន្ថែម​ថា៖ "Douglas ​អាច​បង្កើត​ឱកាស​ ប៉ុន្តែ​វា​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​ឡើយ​ សម្រាប់​គាត់​។ ​សង្ឃឹម​ថា គាត់​នឹង​អាច​លេចធ្លោ​ឆាប់​រហ័ស ប៉ុន្តែ​ក៏​មិន​ត្រូវ​ព្យាយាម​ដាក់​សម្ពាធ ទៅ​លើ​គាត់​ដែរ។ គាត់​ត្រូវ​ចាប់​ផ្ដើម​យឺតៗ ​ដូច្នេះ​គាត់​នឹង​អាច​សហការ​ជាមួយ​ក្រុម និង​យល់​ពី​ប្រព័ន្ធ​​លេង​របស់​ Bayern ក៏​ដូច​ជា​ជីវិត​រស់​នៅ​​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ល្អ"។

 

​Costa ​ដែល​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ មិន​ចូល​ និង​ធ្វើ​ឲ្យ​ប្រេស៊ីល ធ្លាក់​ចេញ​ពី​ Copa America​ ក្រោយ​ចាញ់​ប៉ារ៉ាហ្គាយ កាល​ពី​ម្សិល​មិញ​​រូប​នេះ ​បាន​ផ្ទេរ​ពី​​ក្លិប​ Gremio ​ទៅ​ Shakhtar ​កាល​ឆ្នាំ​២០១០ និង​ជួយ​ឲ្យ​ក្រុម​មួយ​នេះ លើក​ពាន Ukrainian Premier League ​៥​រដូវ​កាល​ជាប់​គ្នា​ផង​ដែរ៕

 

​ចុះ​ប្រិយ​មិត្ត​ជឿ​ថា Costa អាច​ជំនួស​តំណែង​ Ribery ឬ Robben ​បាន ឬ​អត់?

 

-ចុចអាន៖ Robben ​​ជាប់​កីឡាករ​ល្អ​បំផុត​របស់ Bayern ទោះ​របួស​ចុង​រដូវ​កាល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal​

អត្ថបទថ្មី