រស់ សំអឿន និងគូដណ្តឹងប្រាប់ពីការសន្សំប្រាក់សម្រាប់រៀបមង្គលការ
- ព្រហស្បតិ៍, 2 កក្កដា 2015 15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់ សំអឿន និងគូដណ្តឹងប្រាប់ពីការសន្សំប្រាក់សម្រាប់រៀបមង្គលការ
ចន្លោះមិនឃើញ
ខ្សែការពាររបស់បឹងកេតអង្គរ រស់ សំអឿន និងគូដណ្តឹងបាននាំគ្នាសន្សំប្រាក់ជាច្រើនខែមកហើយសម្រាប់រៀបអាពាហ៍ពិពាហ៍ដែលគ្រោងរៀបចំនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ។
កីឡាករ រស់ សំអឿន (អាវស)
រស់ សំអឿន បានឲ្យដឹងថា គេបានកំណត់ការសន្សំប្រាក់ចន្លោះពី ៣៥០ ទៅ ៤០០ ដុល្លារអាមេរិកយ៉ាងតិចក្នុងមួយខែ។ របៀបនៃការសន្សំប្រាក់របស់គេគឺ យកប្រាក់ទៅទុកក្នុងធនាគារខ្លះ និងសន្សំទុកនៅជាប់ខ្លួនខ្លះ ។ រូបគេបានចាប់ផ្ដើមសន្សំប្រាក់សម្រាប់រៀបមង្គលការតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ បើគិតមកដល់ពេលនេះគេមិនបានចាំចំនួនទឹកប្រាក់របស់គេឡើយ។ ស្របពេលប្រាក់ដែលសន្សំទុកគណនីរបស់គេជាប្រាក់បានមកពីប្រាក់ខែរបស់គេទាំងស្រុង ។
សំអឿន ប្រាប់ទៀតថា ៖«ការចាយ ខ្ញុំមិនបានកំណត់ទេ តែចាយតាមតម្រូវការប្រចាំថ្ងៃ។ មង្គលការរបស់ខ្ញុំ រឿងបណ្តាការគឺពុកម៉ែជួយចេញ តែចំពោះការរៀបមង្គលការ ខ្ញុំចំណាយដោយខ្លួនឯងទាំងស្រុង»។
ជាមូយគ្នានេះដែរកញ្ញា យូ បូរមី គូដណ្ដឹងរបស់ រស់ សំអឿន បានឲ្យដឹងថា នាងក៏បានសន្សំប្រាក់ផ្ទាល់ខ្លួនខ្លះដែរសម្រាប់រៀបមង្គលការនាពេលខាងមុខនេះ។ កញ្ញាសន្សំប្រាក់នៅធនាគារដោយយ៉ាងហោចណាស់ក៏ទុកសន្សំ ៣០០ ដុល្លារអាមេរិកក្នុងមួយខែ។ ចំពោះការចំណាយវិញ នាងមិនហ៊ានចាយផ្តេសផ្តាសទេពោលគឺទាល់តែចាំបាច់ទើបនាងចាយ។
អ្វីដែលពិសេសនោះ កញ្ញាបានសន្សំប្រាប់សម្រាប់រៀបការ និងទិញផ្ទះនៅផ្ទាល់ខ្លួនទៀតផង។ កញ្ញានិយាយថា ៖«ខ្ញុំបានពិភាក្សាជាមួយគូដណ្តឹងហើយ យើងនាំគ្នាសន្សំប្រាក់សម្រាប់រៀបការ បន្ទាប់មកយើងនឹងសន្សំសម្រាប់ផ្ទះនៅផ្ទាល់ខ្លួន តែអត់ហ៊ានថា ទិញផ្ទះឆ្នាំណាទេ ពីព្រោះអត់ចង់បែកចេញពីក្រុមគ្រួសារ។ ពេលណា គាត់(សំអឿន)ចេញទៅណាឆ្ងាយច្រើនថ្ងៃ ខ្ញុំអត់ចង់នៅផ្ទះម្នាក់ឯង»។
កីឡាករ រស់ សំអឿន និងកញ្ញា យូ បូរមី បានភ្ជាប់ពាក្យកាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ហើយគ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ ។ កាលពីប៉ុន្មានថ្ងៃមុន ពួកគេទើបតែបានថត Pre-wedding៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា