Messi Jay ថៃ នឹងអវត្តមាន២ខែ និងខកខានប្រកួតជម្រុះ World Cup
- 2015-07-02 14:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi Jay ថៃ នឹងអវត្តមាន២ខែ និងខកខានប្រកួតជម្រុះ World Cup
ចន្លោះមិនឃើញ
កីឡាករ Playmaker របស់ថៃ Chanathip Songkrasin រហស្សនាម "Messi Jay” នឹងអវត្តមានពីការប្រកួតរយៈពេល២ខែ និងត្រូវខកខានចូលលេងឲ្យក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតជម្រុះ World Cup នៅខែកញ្ញាថែមទៀត ដោយសាររបួសកជើងធ្ងន់ធ្ងរ អំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃចន្ទ។
Chanathip បានរងរបួសកជើង អំឡុងពេលហ្វឹកហាត់ជាមួយក្រុមរបស់ខ្លួន BEC Tero Sasana កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រកួតចាញ់ Nakhon Ratchasima ១-០ កាលពីចុងសប្ដាហ៍ ខណៈដែលអ្នកចាត់ការក្រុម BEC Tero លោក Thanya Wongnak ក៏បានចេញមកបញ្ជាក់ដែរថា កីឡាករវ័យ២១ឆ្នាំរូបនេះ នឹងខកខានប្រកួតជម្រុះ World Cup ទល់នឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅខែកញ្ញា។
Chanathip បាននិយាយថា៖ "ពិតណាស់ ខ្ញុំរបួសកជើងនេះយូរដែរហើយ ប៉ុន្តែវាបាត់ឈឺទៅវិញ។ តែឥឡូវបែរជាឈឺម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថាវាឈឺចាប់ខ្លាំងពេលនេះ ហើយខ្ញុំក៏បានទៅជួបគ្រូពេទ្យតែម្ដង។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ឆ្អឹងនៅផ្នែកខាងឆ្វេងកជើងរបស់ខ្ញុំបានបាក់ ហើយខ្ញុំត្រូវតែសម្រាកព្យាបាល រយៈពេល២ខែទើបជាសះស្បើយវិញ"។
កីឡាករឆ្នើមរបស់ថៃរូបនេះ បន្ថែមថា៖ "ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ដែលត្រូវខកខានប្រកួតឲ្យក្រុម BEC Tero Sasana និងក្រុមជម្រើសជាតិថៃ ជាពិសេសគឺស្ដាយ ការប្រកួតជម្រុះ World Cup ទល់នឹងអ៊ីរ៉ាក់។ ខ្ញុំជឿថាកីឡាកររបស់យើងទាំងអស់ នឹងលេងបានល្អ និងអាចទទួលបាន៣ពិន្ទុ ពីការប្រកួតជម្រុះក្នុងពូល លើកទី៣ខាងមុខនេះ"។
Mess Jay ដែលទើបតែចូលលេងនៅជម្រើសជាតិឈុតធំថៃលើកដំបូង កាលឆ្នាំ២០១៤រូបនេះ ពិតជាមានទម្រង់លេងឡើងខ្លាំងមែនទែន និងជាតារាសំណព្វចិត្តរបស់អ្នកគាំទ្រថៃ បន្ទាប់ពីជួយឲ្យក្រុមឈុតធំថៃលើកពាន AFF Suzuki Cup ឆ្នាំមុន និងជួយឲ្យ U-23 ថៃឈ្នះមេដាយមាស Sea Games 2015 ថ្មីៗនេះផងដែរ៕
-ចុចអាន៖ Messi Jay របស់ថៃចង់ទៅលេងនៅ Barcelona ជាមួយ Messi ពិតប្រាកដ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bangkokpost