មុនទិញថ្នាំប្រើប្រាស់ អ្នកជំងឺត្រូវគិតលើអ្វីខ្លះ?
- 2015-07-13 20:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញថ្នាំប្រើប្រាស់ អ្នកជំងឺត្រូវគិតលើអ្វីខ្លះ?
ចន្លោះមិនឃើញ
ពលរដ្ឋខ្មែរមួយចំនួន មានការយល់ដឹងនៅមានកម្រិតនៅឡើយ ទាក់ទងនឹងសុខភាព។ ពេលឈឺថ្កាត់ម្ដងៗ ពួកគេបានទៅទិញថ្នាំពីឱសថស្ថាន ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវ ដែលជាទង្វើមួយប្រមាថដល់អាយុជីវិតខ្លួនឯង។ តើអ្នកដឹងអត់ថា មុនទិញថ្នាំប្រើប្រាស់ អ្នកត្រូវយល់ដឹងលើអ្វីខ្លះ?
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Sabay លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នាយកគេហទំព័រសុខភាពកម្ពុជា បានចូលរួមចំណែក ចែករំលែកចំណេះដឹងដូចខាងក្រោម៖
គ្រូពេទ្យ
មុនសម្រេចចិត្តប្រើប្រាស់ថ្នាំ ពលរដ្ឋខ្មែរ និង អ្នកជំងឺទាំងអស់ ត្រូវតែជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត (គ្រូពេទ្យព្យាបាល)។ ពេលពិនិត្យរួចរាល់ហើយ គ្រូពេទ្យនឹងសម្រេចចិត្តថា តើអ្នកជំងឺនោះត្រូវប្រើថ្នាំឬអត់ ហើយបើសិនប្រើថ្នាំ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា ដើម្បីពួកគេទិញថ្នាំ។
ឱសថស្ថាន
ឱសថស្ថាន មិនមែនជាគ្រូពេទ្យព្យាបាលទេ គឺជា គ្រូពេទ្យលក់ថ្នាំ ហើយក្នុងនេះមានឱសថការី អ្នកលក់ថ្នាំ និង អ្នកគិតលុយ។ បើតាមច្បាប់ ឱសថស្ថានមួយ ត្រូវមានឱសថការី យ៉ាងហោចណាស់ម្នាក់ ដើម្បីប្រចាំការ ណែនាំទៅកាន់អតិថិជន។ ឱសថស្ថានមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាល ត្រូវលក់ថ្នាំឱ្យអ្នកជំងឺ តាមរយៈវេជ្ជបញ្ជា។ បើគ្មានវេជ្ជបញ្ជាទេ ឱសថស្ថានគ្មានសិទ្ធិលក់ថ្នាំឡើយ លើកលែងឱសថគ្មានវេជ្ជបញ្ជា OTC ដូចជា ថ្នាំវីតាមីន ថ្នាំបញ្ចុះកម្ដៅ និង ថ្នាំបំបាត់ការឈឺចាប់ជាដើម។ ការលក់ថ្នាំឱ្យអតិថិជន ដោយគ្មានវេជ្ជបញ្ជា គឺខុសច្បាប់ ខុសវិជ្ជាជីវៈ និង ខុសក្រមសីលធម៌អាជីវកម្ម ចំណែកអ្នកទិញ ក៏ខុសដែរ គឺមើលងាយ និង ប្រមាថជីវិតខ្លួនឯង។
ឱសថការី
ឱសថការីជាអ្វី? ឱសថការី គ្រាន់តែជាអ្នកប្រាប់អ្នកជំងឺ ឬអតិថិជនថា ថ្នាំដែលវេជ្ជបណ្ឌិតឱ្យតាមវេជ្ជបញ្ជា ត្រូវលេបដូចម្ដេច ពេលណា និង បរិមាណប៉ុណ្ណា...ពេលលេបទៅមានបញ្ហាអ្វី អ្នកជំងឺត្រូវទាក់ទងគ្រូពេទ្យឡើងវិញ ឬទាក់ទងមជ្ឈមណ្ឌល ប្រឆាំងការពុលដោយថ្នាំ ឬសារជាតិផ្សេងជាដើម (បច្ចុប្បន្នមជ្ឈមណ្ឌលនេះមិនទាន់មាននៅឡើយនៅកម្ពុជា)។
ឱសថការីល្អ ត្រូវឆ្លងកាត់ការសិក្សាពីចន្លោះ ៦-៧ ឆ្នាំ មិនមែនរៀនបានតែពីបីថ្ងៃ ចេញធ្វើការឡើយ។ ឱសថស្ថានខ្លះ យកបងប្អូនឯងមកជួយលក់ ជាចំណុចមួយខុសទាំងស្រុង។ ដោយឡែកអ្នកទិញ មានសិទ្ធិពេញលេញ ក្នុងការសួររកឱសថការី តែបើសិនគ្មានឱសថការី ឬអ្នកលក់ត្រឹមត្រូវទេនោះ ពួកគេអាចស្វែងរកឱសថស្ថានផ្សេងបាន (សិទ្ធិអ្នកទិញ)។
ថ្នាំក្លែងក្លាយ និង ថ្នាំគ្មានគុណភាព
ថ្នាំក្លែងក្លាយ ជាថ្នាំមិនពិត ដូចជាថ្នាំម្សៅមីជាដើម។ ជារួមបើថ្នាំប្រភេទនេះ គឺគ្មានស្លាកសញ្ញាបិទដោយ ក្រសួងសុខាភិបាល ឬគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គេសន្មតថា ជាថ្នាំមានបញ្ហា។ ថ្នាំគ្មានគុណភាព ជាប្រភេទថ្នាំទម្លាក់គុណភាព ពោលគឺមិនគ្រប់បទដ្ឋាន។ លើសំបកថ្នាំដាក់ថា ៥០០ មិល្លីក្រាម តែតាមពិតមានតែ ៣០០ មិល្លីក្រាម។ មួយទៀតក៏គេចាត់ទុកថា ជាថ្នាំខូចគុណភាពដែរ គឺថ្នាំកែកាលបរិច្ឆេទ។ ពេលលក់ថ្នាំមិនអស់ ថ្នាំហួសកំណត់ ជនខិលខូច បានកែកាលបរិច្ឆេទដើម្បីលក់បន្ត។ ការប្រើប្រាស់ថ្នាំហួសកំណត់ នឹងធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង ព្រោះលេបជាតិពុល និង មេរោគ។
ឱសថស្ថាន និង ឱសថស្ថានរង
កន្លែងពីរនេះខុសគ្នាយ៉ាងម្ដេច?
@ឱសថស្ថាន៖ -ឱសថស្ថានធំជាងឱសថស្ថានរង -អាចលក់ថ្នាំបានគ្រប់មុខ -មានឱសថការី ថ្នាក់ឧត្ដម (កម្រិតខ្ពស់)
@ឱសថស្ថានរង៖ -ឱសថស្ថានរងតូចជាងឱសថស្ថាន -មានឱសថការីមធ្យម (កម្រិតទាប) -មិនអាចលក់ថ្នាំបានគ្រប់មុខដូចឱសថស្ថាន។ ឱសថស្ថានរងត្រូវលក់ថ្នាំ តាមការកំណត់របស់ក្រសួងសុខាភិបាល៕
តើមិត្តអ្នកអានយល់យ៉ាងម៉េចដែរចំពោះអត្ថបទនេះ?
អត្ថបទ៖ អ៊ុំ សុភក្តិ