ឌីជេ ឡាយ​អិន ត្រូវ​ភរិយា​ប្ដឹង​សុំ​លែង​លះ

  • 2014-10-14 00:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហែម បូរិទ្ធ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ឌីជេ ឡាយអិន នោះ ស្ងាត់​ៗ​ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ចេញ​មក​ថា ភរិយា​លោក គឺ​អ្នក​នាង សន សុម៉ាលីនដា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយ​សុំ​លែង​លះ​ផ្ដាច់​សមគ្គ​សង្វាស​ជាមួយ​គ្នា​ពី​ឥឡូវ​នេះ​ទៅ។

 

ឌីជេ ឡាយអិន បាន​ទម្លាយ​ដោយ​ផ្ទាល់ ដោយ​លោក​បាន​បង្ហោះ​លិខិត​ប្ដឹង​លែង​លះ​នោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។ តាម​រយៈ​បណ្ដឹង​លែង​លះ​នោះ គឺ​ភរិយា​របស់​លោក លើក​យក​ហេតុផល​អស់​និស្ស័យ​ជាមួយ​ស្វាមី​ឈ្មោះ ហែម បូរិទ្ធ គឺ​លោក ឡាយអិន។ ចំណុច​សំខាន់​មួយ​ទៀត​ដក​ស្រង់​ចេញ​ពី​បណ្ដឹង​របស់​អ្នក​នាង សុម៉ាលីនដា គឺ​អ្នក​នាង​លើក​ឡើង​ពី​ការ​ចាប់​ដៃ​គ្នា​ប្រមាណ​៤​ឆ្នាំ ពោល​គឺ​តាំង​ពី​បាន​រៀបការ​ស្រប​ច្បាប់​ជាមួយ​នឹង​លោក ហែម បូរិទ្ធ ហៅ​ ឡាយអិន បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ លេខ០៦ ខែកុម្ភៈ ឆ្នាំ​២០១១ មក ការ​រស់​នៅ​មិន​មាន​សល់​ទ្រព្យ​សម្បត្តិ​អ្វី​ឡើយ មាន​តែ​បំណុល​ធនាគារ​ប៉ុណ្ណោះ។

 

ក្នុង​បណ្ដឹង​លែង​លះ​ដដែល​នេះ គឺ អ្នក​នាង សុម៉ាលីនដា អះអាង​ទទួល​ខុស​ត្រូវ​លើ​បំណុល​ទាំង​អស់ ព្រម​ទាំង​សុំ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​បី ដោយ​មិន​ទាំង​សុំ​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន​ពី​លោក ឡាយអិន ថែម​ទៀត​ផង។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឡាយ​អិន បាន​ឆ្លើយ​ប្រាប់ Sabay តាម​ទូរសព្ទ​យ៉ាង​ខ្លី​ថា ពួក​លោក​ពិត​មាន​រឿង​រកាំ​រកូស​មែន។ "មាន​រឿង​រកាំរកូស​បង ប៉ុន្តែ​ប្អូន​សុំ​ចិត្ត​បង​មុន​ណា ឥឡូវ​នេះ​ប្អូន​កំពុង​រវល់​រើ​ផ្ទះ ចាំ​១​ម៉ោង​អី​ទៀត​ចុះ​ណា​បង ប្អូន​សុំ​ទោស!”។

 

វិល​មក​អ្នក​នាង សុន សុម៉ាលីនដា វិញ មិន​អាច​សុំ​ការ​អធិប្បាយ​​បាន​ទេ​រសៀល​នេះ ដោយ​ទូរសព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន។

 

ខាង​ក្រោម​ជា​ឯកសារ​ពាក្យ​បណ្ដឹង​របស់​អ្នក សុម៉ាលីនដា ប្ដឹង​សុំ​លែង​លះ​ជាមួយ​លោក ឡាយអិន។

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម