Man Utd ចុះកុងត្រាអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន៣ឆ្នាំ
- 2015-07-27 15:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ចុះកុងត្រាអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន៣ឆ្នាំ
ចន្លោះមិនឃើញ
ក្លិប Manchester United បានប្រកាសកាលពីយប់មិញនេះថាពួកគេបានចុះកុងត្រាជាមួយអ្នកចាំទី Sergio Romero ហើយ ក្នុងកុងត្រារយៈពេល៣ឆ្នាំ។ បិសាចក្រហមអាចបានកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ដោយមិនអស់តម្លៃខ្លួន ព្រោះជាកីឡាករមិនជាប់កុងត្រា (free agent)។
ក្រោយធ្វើពិធីប្រកាសជាផ្លូវការ អ្នកចាំទីដៃទី១ ជម្រើសជាតិអាហ្សង់ទីន Romero បានបញ្ចេញអារម្មណ៍ថា៖ "ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមជាមួយ Man Utd ។ បានលេងជាមួយក្លិបធំជាងគេលើលោក គឺជាក្ដីស្រមៃមួយដែលបានក្លាយជាការពិត។ លោក Louis van Gaal គឺជាអ្នកចាត់ការអស្ចារ្យណាស់ ហើយខ្ញុំពិតជាអន្ទះសារចង់ចូលលេងជាមួយក្រុមថ្មី និងប្រជែងយកពានរង្វាន់”។
ចំណែកឯលោក Van Gaal វិញបានប្រាប់ទៅទូរទស្សន៍ MUTV ដែរថា៖ "Romero គឺជាអ្នកចាំទីល្អបំផុតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។ គាត់ជាអ្នកចាំទីល្អម្នាក់ ហើយខ្ញុំជាអ្នកយកជ្រើសរើសគាត់ អំឡុងពេលខ្ញុំដឹកនាំក្រុម AZ Alkmaar។ គាត់បានបង្ហាញទម្រង់លេងល្អណាស់ពេលប្រកួត World Cup ឆ្នាំមុន ហើយខ្ញុំតែងតែរំពឹងថានឹងបានធ្វើការជាមួយគាត់ទៀត”។
អ្នកចាំទីវ័យ២៨ឆ្នាំខាងលើ ចូលលេងបាល់ដំបូងជាមួយក្រុម Racing Club នៅឆ្នាំ២០០៦។ លេងជាមួយក្រុមនៅអាហ្សង់ទីនមួយនេះបានមួយឆ្នាំ រូបគេក៏ត្រូវក្រុម AZ ក្នុងប្រទេសហុល្លង់ដែលនៅក្រោមការដឹកនាំរបស់លោក Van Gaal ទិញយកនៅឆ្នាំ២០០៧។ ដល់ឆ្នាំ២០១១ អ្នកចាំទីរូបនេះក៏បានទៅលេងនៅ Sampdoria រហូតដល់ឆ្នាំ២០១៥នេះក៏អស់កុងត្រាជាមួយក្លិបនៅអ៊ីតាលីនេះ ហើយសម្រេចចិត្តផ្លាស់មក Old Trafford តែម្ដង។
ងាកទៅខាងជម្រើសជាតិអាហ្សង់ទីនវិញ Romero បានចូលលេងនៅឈុតធំឆ្នាំ២០០៩ និងបង្ហាញខ្លួនបាន៦២ប្រកួត។ អ្វីដែលគេមើលឃើញថា អ្នកចាំទីរូបនេះបង្ហាញទម្រង់លេងល្អនោះគឺអំឡុងពេល World Cup នៅប្រទេសប្រេស៊ីល ដែលបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៕
ចុចអាន៖ខ្សែប្រយុទ្ធអាថ៌កំបាំងដែល Man Utd ត្រៀមទិញ គឺ Pedro របស់ Barca
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ manutd