​អាយុ​១៥ឆ្នាំ​​​ ចូល​លេង​យប់​មិញ​ បំបែក​កំណត់ត្រា​នៅ​ Euro

  • 2014-10-14 17:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ​Martin Odegaard​ បាន​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ឬ Uefa Euro វគ្គ​ជម្រុះ ក្រោយ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ន័រវែស​យប់​មិញ ដោយ​មាន​អាយុ​ត្រឹម​តែ១៥​ឆ្នាំ និង​៣០០​ថ្ងៃ។

 

ការ​ប្ដូរ​ចូល​លេង​នៅ​នាទី​៦៣ជំនួស​ Mats Moller បាន​ធ្វើ​ឲ្យ​យុវជន​រូប​នេះ បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ​ Sigurdur Jonsson នៃ​ក្រុម​អ៊ីស្លង់ ដែល​ចូល​លេងក្នុង​វ័យ​១៦ឆ្នាំ ២៥១ថ្ងៃ កាល​ពី​នៅ​វគ្គ​ជម្រុះ Euro ឆ្នាំ​១៩៨៤។​​​

 

Odegaard​ (លេខ៩)​ ប្ដូរ​ចូល​លេង​យប់​មិញ

 

​នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ ន័រវែស​បាន​យក​ឈ្នះ​ប៊ុលហ្គារី ២-១ ស៊ុត​បញ្ចូល​ទី​ដោយ Tarik Elyounoussi​ និង Havard Nielsen ខណៈ​១គ្រាប់​របស់​ប៊ុលហ្គារី​ធ្វើ​បាន​ដោយ Nikolay Bodurov។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ន័រវែស​មាន​៦ពិន្ទុ ក្នុង​៣ប្រកួត​ ពូល H។

 

សម្រាប់​កំណត់ត្រា​កីឡាករ​ក្មេង​ជាង​គេ​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ Euro វិញ គឺ​កំពុង​កាន់​ដោយ​កីឡាករ​ហុល្លង់ Jetro Willems ដែល​ចូល​លេង​ក្នុង​អាយុ​១៨ឆ្នាំ ៧១ថ្ងៃ កាល​ពី​នៅ Euro 2012 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ប្រសិន​បើ​ន័រវែស​អាច​បន្ត​ទម្រង់​លេង​ល្អ ហើយ​អាច​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៦ នោះ Odegaard នឹង​អាច​បំបែក​កំណត់ត្រា​​​បាន​មួយ​ទៀត​មិន​ខាន។​

 

​Odegaard បាន​ចូល​លេង​​ឲ្យ​ក្រុម​ឈុត​ធំ​ Stromsgodset ​របស់​ន័វែស ក្រោយ​លេង​ឲ្យ​ឈុត​យុវជន​របស់​ក្រុម​នេះ​តាំង​ពី​កុមារភាព។ ទោះ​មាន​អាយុ​ត្រឹម​១៥ឆ្នាំ ប៉ុន្តែ​រូប​គេ​អាច​ជាប់​ក្នុង​ឈុត​ជម្រើស​ជាតិ​ ទាំង​ U-17, U-21 និង​ឈុត​ធំ។ ដោយ​សារ​តែ​សមត្ថភាព​លេច​ធ្លោ​បែប​នេះ ធ្វើ​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​រូប​គេ ដែល​មាន​ដូច​ជា Bayern Munich, Barcelona, Real Madrid និង Liverpool ជា​ដើម។ កីឡាករ​ដែល​មាន​ឪពុក​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​ Liverpool រូប​នេះ ក៏​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ Man Utd និង​ក្លឹប​មួយ​ចំនួន​នៅ​អាល្លឺម៉ង់​ផង​ដែរ៕

 

Odegaard​ បណ្ដើរ​បាល់​គេច​កីឡាករ​ប៊ុលហ្គារី​យប់​មិញ

ចុច​អាន៖ ហុល្លង់​​នៅ​តែ​យ៉ាប់​ ​ខណៈ​អ៊ីតាលី​​បន្ត​ឈ្នះ​​​​ទាំង​ប្រផុតប្រផើយ ​(វីដេអូ)

 

តាម​ដាន​រឿងរ៉ាវ​ជា​ច្រើន​នៅ Euro សូម​ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល​៖​ អូន សៅណាត

ប្រភព​៖​ The guardian, dailymail

អត្ថបទថ្មី