ទឹកជំនន់នៅមីយ៉ាន់ម៉ា ចំនួនមនុស្សស្លាប់បន្តកើនឡើង
- 2015-08-03 16:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់នៅមីយ៉ាន់ម៉ា ចំនួនមនុស្សស្លាប់បន្តកើនឡើង
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ានាប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើនដល់២៧នាក់ ហើយគេជឿថានឹងបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការប្រកាសរបស់អង្គការសហប្រជាជាតិ។ មូលហេតុនៃទឹកជំនន់នេះ គឺដោយសារភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ខុសប្លែកពីខែវស្សារាល់ឆ្នាំ។
ចំណែកក្រុមអ្នកជួយសង្គ្រោះ បានទៅដល់តំបន់រងគ្រោះខ្លះហើយ ប៉ុន្តែពុំទាន់បានទៅដល់គ្រប់កន្លែងនោះទេ។ យោងតាមរបាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាសង្កាត់ចំនួន១២ត្រូវបានលិចលង់ ហើយមនុស្សចំនួន១៥៦០០០នាក់ បានខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែង ស្រែចម្ការ។
ដោយឡែក ភ្នាក់ងារឧតុនិយមជាតិបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់រយៈពេល២ថ្ងៃទៀត ជាពិសេសនៅក្នុងរដ្ឋ Chin, Rakhine, Magwe និងរដ្ឋផ្សេងទៀត។ យ៉ាងណាក្ដីមនុស្សចំនួនរាប់ពាន់នាក់បានចូលស្នាក់នៅបណ្ដោះអាសន្ននៅតាមវត្តអារាមនៅទីខ្ពស់ ដើម្បីសុវត្ថិភាព៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ BBC