អតីតអ្នកប្រដាល់ សៅ ប៊ុននឿន ឈឺធ្ងន់ទទួលអំណោយពីព្រះសង្ឃវត្តសំពៅមាស
- 2015-08-08 23:31:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកប្រដាល់ សៅ ប៊ុននឿន ឈឺធ្ងន់ទទួលអំណោយពីព្រះសង្ឃវត្តសំពៅមាស
ចន្លោះមិនឃើញ
អតីតកីឡាករប្រដាល់ដ៏ល្បីមួយរូប សៅ ប៊ុននឿន ទទួលបានអំណោយឩបត្ថម្ភពីព្រះតេជគុណគង់នៅវត្តសំពៅមាសក្នុងរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវការសម្រាកព្យាបាលរយៈពេលយូរ។
ព្រះតេជគុណ ខឹម ប៊ុនលឿម គង់នៅវត្តសំពៅមាសបានសង្ឃដិកាប្រាប់ Sabay ថា សៅ ប៊ុននឿន ជាបុគ្គលម្នាក់ដែលធ្លាប់លើកស្ទួយវិស័យកីឡាប្រដាល់នៅកម្ពុជា ហើយពេលនេះធ្លាក់ខ្លួនឈឺខ្លាំងដែលត្រូវការពេលវេលាព្យាបាលយូរ ប៉ុន្តែ គ្រួសារអតីតកីឡាកររូបនេះមានជីវភាពខ្វះខាត ដូច្នេះ ព្រះអង្គសម្រេចយកអំណោយតិចតួចទៅជួយដល់គ្រួសាររបស់គាត់។
ព្រះតេជគុណសង្ឃដិកាថា ៖«តាមពិតអាត្មាបានត្រៀមសម្ភារៈ និងបច្ច័យសម្រាប់ជួយដល់ស្ត្រីម្នាក់ដែលជាអ្នកបោសសំរាមតាមផ្លូវ តែពេលឃើញ សៅ ប៊ុននឿន ធ្លាក់ខ្លួនឈឺ ហើយខ្វះខាត អាត្មាក៏បែងចែកអំណោយទាំងនេះជាពីរចំណែកដើម្បីជួយស្ត្រីនោះផង និងប៊ុននឿនផង។ អាត្មាគ្មានអ្វីច្រើនទេ គឺជាទឹកចិត្តស្តួចស្តើងដែលអាត្មា និងព្រះសង្ឃដទៃមានតាមលទ្ធភាព»។
អំណោយជាទ័យទានដែល សៅ ប៊ុននឿន ទទួលបានគឺទឹកប្រាក់២៥ម៉ឺនរៀលក្នុងនោះព្រះតេជគុណ ខឹម ប៊ុនលឿម ចំនួន១០ម៉ឺនរៀល ព្រះគ្រូចៅអធិការវត្តសំពៅមាសព្រះនាម កង ណាម៉ានី ចំនួន១០ម៉ឺនរៀល និង៥ម៉ឺនរៀលទៀតជាការប្រមូលរបស់ព្រះសង្ឃ និងកូនសិស្សក្នុងវត្ត។ ក្រៅពីទឹកប្រាក់ក៏មានសម្ភារៈបរិភោគមួយចំនួនដូចជា អង្ក១បេ មី៣កេស ទឹកដោះគោឆៅ២យួរ ទឹកផ្លែឈើ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកខ២យួរ អំពិល និងស្ករស។
ព្រះតេជគុណ ប៊ុនលឿម បន្ថែមថា ៖«អាត្មាមិនបានសួរនាំ សៅ ប៊ុននឿន ច្រើនទេ ពីព្រោះគាត់មិនអាចនិយាយបានច្រើន ហើយពេលហារមាត់និយាយម្តងៗ គាត់តែងតែស្រក់ទឹកភ្នែក ប្រហែលជាគាត់ពិបាកចិត្ត និងរំភើបពេក»។
សៅ ប៊ុននឿន ជាជើងខ្លាំងប្រដាល់មួយរូបកាលពីប៉ុន្មានឆ្នាំមុនបានចូលសម្រាកព្យាបាលនៅមន្ទីររយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីជំងឺឈាមកក់ក្នុងខួរក្បាលបានធ្វើទុក្ខខ្លាំង។
អាការៈឈាមកក់នៅខួរក្បាលបានកើតឡើងច្រើនឆ្នាំមកហើយដោយសារឡើងប្រដាល់ ប៉ុន្តែវាមិនឈឺចាប់ខ្លាំង ទើបតែមួយរយៈពេលចុងក្រោយនេះ អាការៈកាន់តែឈឺចាប់ខ្លាំងរហូតមិនអាចក្រោករួច និងត្រូវសម្រាកព្យាបាលច្រើនថ្ងៃ៕
ភរិយា សៅ ប៊ុននឿន ទទួលអំណោយពីព្រះតេជគុណ ខឹម ប៊ុនលឿម
ព្រះតេជគុណ ខឹម ប៊ុនលឿម
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ព្រះតេជគុណ ប៊ុនលឿម