ជ័យ សោភា​៖ យុវជន​ខ្មែរ​​យល់​ដឹង​ពី​អាស៊ាន​​កាន់​តែ​ច្រើន​ឡើង

  • 2015-08-14 16:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជ័យ សោភា​ អគ្គនាយករង​​ទូរទស្សន៍​ជាតិ​កម្ពុជា​ (ទទក) បាន​ប្រាប់​ Sabay ឱ្យ​ដឹង​ថា យុវជន​ខ្មែរ​មាន​ការ​យល់​ដឹង​​ច្រើន​ជាង​មុន​អំពី​ចំណេះ​ដឹង​ទូទៅ​ដែល​ទាក់​ទង​នឹង​អាស៊ាន។

 

លោក​​ថា សន្ទុះ​នៃ​ការ​យល់​ដឹង​របស់​យុវជន​ខ្មែរ​មាន​ការ​កើន​ឡើង​ ដោយ​សារ​ពួក​គេ​អាច​ឆ្លើយ​សំណួរ​បាន​ក្នុង​​កម្មវិធី​ «សំណួរ​ ចម្លើយ​សម្រាប់​ការ​យល់​ដឹង​អំពី​អាស៊ាន» ដែល​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ សហការ​ជា​មួយ​ ទូរទស្សន៍​ជាតិ​កម្ពុជា​ បង្កើត​ឡើង។ លោក​បាន​លើក​ឡើង​ថា « យើង​អាច​សម្គាល់​ថា​ កើន​ឡើង​បាន​ដោយ​សារ​ពេល​ដាក់​សំណួរ​ទៅ​ពួក​គេ​ឆ្លើយ​បាន​ ហើយ​ពួក​គេ​ប្រហែល​ជា​បាន​ស្រាវជ្រាវ លើ​វេបសាយ​មួយ​ចំនួន​ ដែល​ទាក់​ទង​នឹង​អាស៊ាន ដោយ​សារ​តែ​ការ​សិក្សា​របស់​ពួក​គេ​បែប​ងាយ​នេះ​ហើយ ទើប​ពួក​គេ​ចេះ​ដឹង​ច្រើន​ណាស់»។

 

កាល​ពី​ឆ្នាំ​​មុនៗ​​ ក្រសួង​​ព័ត៌មាន​ ក៏​ធ្លាប់​បាន​រៀប​ចំ​កម្មវិធី បែប​នេះ​ដើម្បី​វាស់​ស្ទង់​ សមត្ថភាព​សិស្ស​វិទ្យាល័យ​ ​នៅ​ក្នុង​ប្រទេស។ អ្នក​ដែល​ជាប់​ជយលាភី​ អាច​បន្ត​ទៅ​ប្រកួត​ជាមួយ​ប្រទេស ​ដែល​ជា​សមាជិក​អាស៊ាន​ទាំង ១០​ ដូច​ជា​ឆ្នាំ​ ២០១១ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង ទទួល​​បាន​ជយលាភី​លេខ ២ ឆ្នាំ​ ២០១៣​នៅ​ប្រទេស​វៀតណាម​ និង ឆ្នាំ​២០១៦ ខាង​មុខ​នេះ​ ឡាវ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

លោក​អគ្គនាយក​ក៏បាន​​​សំណូម​ពរ​ឱ្យ​យុវជន​ខ្មែរ​ទាំង​អស់​គួរ​តែ​ស្រវាស្រទេញ សិក្សា​ស្វែង​យល់ និង​ បង្កើន​ចំណេះ​ដឹង​ទាក់​ទង​នឹង អាស៊ាន​ ពី​ព្រោះ​​ កម្ពុជា​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ផ្សេង​ៗ ទៀត​របស់​អាស៊ាន ជា​ពិសេស​ដើម្បី​ត្រៀម​ខ្លួន​​សមាហរណកម្ម​អាស៊ាន ​​​ពី​សមាគម​អាស៊ាន​ ទៅជា សហគមអាស៊ាន ដែល​គ្រោង​​​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​ ២០១៥ ខាងមុខ៕

 

អត្ថបទ៖ ណេង ណេង