អ្នកជំនាញអចលនទ្រព្យប្រាប់វិធីទិញដី-ផ្ទះធូរថ្លៃ ហើយចំណេញច្រើន
- 2015-08-18 21:00:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញអចលនទ្រព្យប្រាប់វិធីទិញដី-ផ្ទះធូរថ្លៃ ហើយចំណេញច្រើន
ចន្លោះមិនឃើញ
ការទិញដី ឬ ផ្ទះនៅតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះក្នុងជីវិតប្ដីប្រពន្ធមិនថា ទើបតែរៀបការថ្មោងថ្មី ឬចាស់ឆ្នាំនៅតែយល់ថា មានផ្ទះគឺមានជម្រកកក់ក្ដៅសម្រាប់គ្រួសារ។ ពិតណាស់ការទិញផ្ទះមិនថា ក្នុងគោលបំណងសម្រាប់រស់នៅ ឬលក់បន្តឡើយ នរណាក៏ចង់ទទួលបានផលចំណេញមកវិញដែរ។ លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានចែករំលែកបទពិសោធន៍ថា តើគួរទិញ-លក់ផ្ទះយ៉ាងណាដើម្បីទទួលបានផលចំណេញ។
ចំណុចដំបូង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខាងលើបង្ហើបថា បើចង់បានចំណេញពីការទិញ-លក់ផ្ទះ លោកប្រកាន់ខ្ជាប់គោលការណ៍ពីរគឺ ១ ទិញពេលគេ (ម្ចាស់ផ្ទះ) ចង់លក់ និង ២ លក់ពេលគេ (អតិថិជន) ចង់ទិញ។ នាយកប្រតិបត្តិដដែលពន្យល់ «[ទិញពេលគេចង់លក់] ដោយសារតែតម្លៃយើងអាចនិយាយគ្នាបាន តម្លៃល្មមៗ ជួនកាលក្រោមទីផ្សារក៏គាត់លក់ដែរ។ យើងអាចទិញបានរបស់ល្អ។ ដោយឡែកលក់ពេលគេចង់ទិញ។ ឧទាហរណ៍ផ្ទះយើងអត់ចង់លក់ទេ ស្រាប់តែសុខៗមានគេគោះទ្វារចង់ទិញ បែបនេះយើងអាចកាត់ និងលក់បានថ្លៃ [...]»។
លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត
លោកបន្ថែមថា ទីផ្សារដីធ្លី និងផ្ទះមិនមែនចង់លក់លក់ចេញស្រួលទេ ដូច្នេះបើមានគេចង់បានឲ្យថ្លៃខ្ពស់គួរតែលក់ ហើយរកទិញពីអ្នកដែលចង់លក់នៅទីតាំងដែលអ្នកយល់ថា ល្អមកវិញ។
ចំណុចទីពីរលោកថា អ្នកទិញ-លក់ ត្រូវមានប្រភពព័ត៌មានច្បាស់លាស់។ សម្រាប់លោកធនាគារជាប្រភពដ៏ល្អជាងគេ។ «[...ករណីខ្ចីលុយធនាគារ] ឧទាហរណ៍ថា តម្លៃទីផ្សារ (ផ្ទះ) ១០ ម៉ឺន អញ្ចឹងធនាគារអាចឲ្យខ្ចីពីបួនទៅប្រាំម៉ឺនទេ។ អញ្ចឹងពេលដល់កំណត់ធនាគារចង់បានលុយចូលវិញ ភ្ញៀវត្រូវការលុយសងធនាគារ អញ្ចឹងគាត់ [ភ្ញៀវ] អាចនឹងលក់ក្នុងតម្លៃទាបជាងទីផ្សារ។ រកប្រភពព័ត៌មាន ដែលអាចទិញបានរបស់បែបនេះគឺល្អ»។
នាយកក្រុមហ៊ុនដែលមានបទពិសោធន៍ទិញ-លក់ដីធ្លីរយៈពេល ១០ ឆ្នាំឲ្យដឹងដែរថា ភ្ញៀវដែលយកប្លង់ផ្ទះទៅដាក់ធនាគារដើម្បីខ្ចីលុយយកមកប្រើប្រាស់ មាន ១ ទៅ ៥ ភាគរយដែលមិនមានលទ្ធភាពសង ដូច្នេះបើទទួលបានព័ត៌មានច្រើនពីធនាគារ ហើយវិនិយោគដោយការទិញពីអ្នកដែលត្រូវការលុយ អាចនឹងទទួលបានផលចំណេញច្រើន។
ចំណុចមួយទៀតដែលមិនអាចមើលរំលងគឺ សង្កេតការវិវឌ្ឍនៃសេដ្ឋកិច្ច និងតម្រូវការទីផ្សារជាក់ស្ដែង។ បើសេដ្ឋកិច្ចមានលំនឹង ការទិញ-លក់ មានសកម្មភាពច្រើនមានន័យថា តម្រូវការទីផ្សារមានការកើនឡើង។ តែលោកចង់សង្កត់ធ្ងន់ថា គោលបំណងនៃការទិញដី ឬផ្ទះគឺរឹតតែសំខាន់ទៅទៀត។ «វា[ការទិញ-លក់] អាស្រ័យទៅលើគោលបំណងយើងថា ចង់ទិញលក់រយៈពេលប៉ុន្មាន។ បើមួយឆ្នាំប្រាកដជាទួលគោក បើបីឆ្នាំអាចភ្នំពេញថ្មី បើប្រាំឆ្នាំអាចពោធិចិនតុង ហើយបើ ១០ ឆ្នាំ មើលតំបន់ជុំវិញក្រវាត់ក្រុង។ អញ្ចឹងខ្ញុំអាចនិយាយបានថា សំខាន់គឺគោលបំណងថា យើងចង់បានចំណេញរយៈពេលប៉ុន្មាន»។
សម្រាប់អ្នកដែលមិនទាន់មានផ្ទះនៅ បើចង់ទិញសម្រាប់គ្រួសាររស់នៅ លោក គីម ហ៊ាងផ្ដល់ជាយោបល់ថា គួរទិញផ្ទះសម្រាប់រស់នៅសិនកុំទាន់ចង់ទិញយកលក់ចំណេញ ព្រោះទីមួយ គាត់ (អ្នកទិញ) មានកន្លែងស្នាក់នៅត្រឹមត្រូវ និងទីពីរ មិនចាំបាច់ចំណាយថ្លៃឈ្នួលផ្ទះ។ បើខ្ចីធនាគារទម្រាំបង់ផ្ទះដាច់ តម្លៃផ្ទះនឹងកើនឡើងតាមទីផ្សារ ទោះមិនដល់តម្លៃការប្រាក់ដែលខ្ចីយកទៅបង់ធនាគារ ក៏នៅតែចំណេញព្រោះវាប្រហាក់ប្រហែលនឹងថ្លៃឈ្នួលផ្ទះដែលជួលគេនៅក្នុងរយៈពេលនោះ ហើយបើចាំទម្រាំសន្សំលុយគ្រប់សឹមទិញ នោះតម្លៃដី-ផ្ទះក៏នឹងកើនឡើងបន្ថែមទៀត៕
អត្ថបទ៖ ប្រាក់ ចាន់សីហា