អ្នកប្រឹក្សាជំនួញជនជាតិកាណាដាបង្ហាញវិធីបង្កើតគំនិតអាជីវកម្មថ្មី
- 2015-08-20 20:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រឹក្សាជំនួញជនជាតិកាណាដាបង្ហាញវិធីបង្កើតគំនិតអាជីវកម្មថ្មី
ចន្លោះមិនឃើញ
លោក Stephen Peterson អ្នកប្រឹក្សាដែលមានបទពិសោធន៍ជំនួញ និងអាជីវកម្មនៅកម្ពុជាយូរឆ្នាំបានចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតគំនិតអាជីវកម្មថ្មីៗក្នុងកម្មវិធី Startup Insight កាលពីពេលថ្មីៗឲ្យអ្នកចូលរួមជាង ១៥០ នាក់បានយល់ដឹង។
អ្នកជំនាញជនជាតិកាណាដាដែលរស់នៅទឹកដីកម្ពុជាជាច្រើនឆ្នាំបានលើកយកចំណុចមួយចំនួនដែលយុវជនអាចសម្លឹងរកឱកាសដើម្បីបង្កើតអាជីវកម្មបាន។ ចំណុចដំបូងគឺសម្លឹងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមាននៅក្នុងសង្គម។ លោកបានលើកយកបញ្ហាការកកស្ទះចរាចរណ៍ បញ្ហាចំណតយានយន្តជាឧទាហរណ៍។ «តើអ្នកមានមធ្យោបាយណាដែលអាចដោះស្រាយបញ្ហានេះល្អប្រសើរ និងងាយស្រួលទេ? បើអាចនោះជាឱកាសអាជីវកម្មថ្មីមួយ»។
លោក Stephen Peterson អ្នកប្រឹក្សាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង
បង្កើតក្រុមការងារដែលមានជំនាញចម្រុះ និងចក្ខុវិស័យដូចគ្នាជាអ្វីដែលជួយឲ្យអ្នកជោគជ័យបាន។ នេះជាការលើកឡើងរបស់អ្នកជំនាញដដែល។ ត្រង់ចំណុចនេះលោកនិយាយថា មិនមែនចង់ធ្វើអ្វីមួយ ចេះតែជំនាញមួយនោះគ្រប់គ្រាន់ទេ បើមានសមាជិកក្រុមដែលមានជំនាញខុសៗមករួមបញ្ចូលគ្នានោះវា អាចនឹងបង្កើតស្នាដៃថ្មីមិនធ្លាប់មាន និងល្អជាងអ្វីដែលអ្នកដទៃធ្វើទៅទៀត។ លោកបានលើកយកហាងកាហ្វេ Brown មកធ្វើជាឧទាហរណ៍ «អ្នកឃើញហើយថា ហាងកាហ្វេ Brown ជាហាងកាហ្វេផ្ដួចផ្ដើមដោយស្ថាបនិកខ្មែរដែលមានជំនាញខុសៗគ្នា ខ្លះជំនាញខាងស្ថាបត្យកម្ម ខ្លះខាង IT ខ្លះខាងអាហារមកចាប់ដៃគ្នា។ ពេលនេះ ហាងកាហ្វេមួយនេះបានក្លាយជាហាងកាហ្វេដែលនាំមុខគេក្នុងស្រុកផ្តើមចេញពីការបញ្ចូលជំនាញខុសៗគ្នាទាំងនោះរួមគ្នា»។
នៅមានបួនចំណុចទៀតដែលលោកបានបង្ហាញគឺ ត្រូវពូកែសួរសំណួរ សង្កេត ពិសោធន៍ និងចុងក្រោយគឺការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញ។ លោកថា ជនល្បីៗដូចជាស្ថាបនិក Apple លោក Steve Jobs ចូលចិត្តសួរសំណួរខ្លាំងៗដូចជា «មានវិធីណាដែលល្អជាងនេះទេ?» ឬ «យើងអាចធ្វើអ្វីខុសពីអ្វីដែលកំពុងមានឬទេ?» ជាដើម។
ងាកមកការសង្កេត បើអ្នកពូកែសង្កេតក៏អាចសម្លឹងមើលឃើញឱកាសថ្មីៗដែរ ដូចជាទំនោររបស់អតិថិជននៅក្នុងទីផ្សារអ្វីមួយគឺមានការប្រែប្រួលទៅតាមពេលវេលា។ បើអាចសង្កេតរកឃើញអ្វីដែលអាចបំពេញតម្រូវការរបស់អតិថិជននោះអ្នកអាចទទួលបានឱកាសជោគជ័យទៅតាមនោះដែរ។
ងាកមកការពិសោធន៍វិញ អ្នកបង្កើតគំនិតច្នៃប្រឌិតប្លែកៗចូលចិត្តការពិសោធន៍នេះណាស់។ ឧទាហរណ៍ជាក់ស្ដែងមួយ បើមានទូរសព្ទច្រើននៅកន្លែងតែមួយត្រូវការបញ្ចូលថ្ម នោះកន្លែងនោះប្រាកដជាមើលទៅរញ៉េរញ៉ៃដោយសារខ្សែច្រើនត្រូវដោតក្នុងពេលតែមួយ។ ចុះបើអ្នកអាចរកឃើញវិធីងាយជាងនេះដូចជា រកវិធីសាកថ្មដោយមិនប្រើខ្សែ ហើយពិសោធន៍វាឲ្យបានសម្រេចនោះប្រាកដជាឱកាសដ៏ល្អមួយ។
ចំណុចចុងក្រោយគឺការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នាអាចឲ្យអ្នកសម្លឹងឃើញឱកាសថ្មីៗ។ អ្នកនឹងដឹងថា អ្វីកំពុងកើតឡើង អ្នកនេះកំពុងត្រូវការនេះ អ្នកនោះកំពុងត្រូវការនោះ។ គំនិតដែលអ្នកទទួលបានពីមនុស្សជុំវិញអាចឲ្យអ្នកមើលឃើញនូវឱកាសថ្មីណាមួយ ហើយអ្នកទាំងនោះក៏អាចជាអតិថិជនគោលដៅនៃជំនួញថ្មីនោះតែម្ដង៕
អត្ថបទ៖ ប្រាក់ ចាន់សីហា