អ៊ីចឹង​តើ​បាន លឹម ម៉េងសាយ ជាប់​និទ្ទេស A និង​ ជាសិស្ស​ឆ្នើម​​ប្រចាំ​ខេត្ត​តាកែវ​

  • 2015-09-17 12:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លឹម ម៉េងសាយ ជា​សិស្ស​ឆ្នើម​​ជាប់​និទ្ទេស A មួយ​រូប​ ក្នុង​ចំណោម​សិស្ស​បាក់ឌុប​និទ្ទេស A ចំនួន ១០៨ នាក់ ដោយ​មាន​​​​លំដាប់​​ពិន្ទុ​សរុប ៩៩.៩៧៤ ​ជា​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​ខេត្ត​តាកែវ។

 

 

ម៉េងសាយ មាន​ប្រវត្តិ​សិក្សា​បែប​ណា? កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យសិស្ស​រូប​នេះ​ក្លាយ​ជា​សិស្ស​ពូកែ?

 

ជំនួប​ជាមួយ Sabay ព្រឹកមិញ​សិស្ស​វ័យ ១៧ ឆ្នាំ​បាន​លាតត្រដាង​ថា ខ្លួន​មិន​ដែល​ស្គាល់រសជាតិ​លេខ ២​ ម្ដង​ណា​ឡើយ ចាប់​តាំង​ពី​ថ្នាក់​ទី១ រហូត​ដល់​ថ្នាក់​ទី​១២។ ចាប់​​ពី​ថ្នាក់​ទី ១-៦ នៃ​មឋមសិក្សា ហ៊ុន សែន អង្គតាសោម និង​ដល់​ទី ១០ នៃ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន អង្គតាសោម​ យុវសិស្ស​តែង​ដាក់ពាក្យ​​ប្រឡង​សិស្ស​ពូកែ ពាន​រង្វាន់​លោកឧកញ៉ាាបណ្ឌិត ច័ន្ទ សារុន ដោយទទួល​ចំណាត់​ថ្នាក់​លេខ ​១ ​រាល់​ឆ្នាំ​។

 

គ្រួសារ​ជា​កត្តា​សំខាន់​មួយ​ជួយ​ឱ្យ​អ្នកភូមិ​ព្រៃ​រំដេង​រៀន​ពូកែ។ គ្រួសារ​បាន​ផ្ដល់​​ភាព​កក់​ក្ដៅ ការ​មើល​ថែ ផ្ដល់ពេលវេលា និង​ជួយ​ទំនុក​បម្រុង​គ្រប់​បែបយ៉ាង​ ជា​ពិសេសសិស្ស​វ័យ​ក្មេង​​នេះ មាន​លោក​ឪពុក​ដ៏​ពូកែ​ជា​អ្នក​បង្ហាត់​បង្រៀន និងណែនាំ​បន្ថែម។

 

"ពេល​រៀន​ថ្នាក់​ទី ១ ប៉ា​បង្រៀន​ខ្ញុំ​ថ្នាក់​ទី ២ ទើប​ខ្ញុំ​​ទម្លាប់ខ្លួន​រហូតដល់​ថ្នាក់​ទី ​១២ អ៊ីចឹង​ហើយ​ខ្ញុំ​តែង​ឆ្ងល់​មុន​គេ ពេល​រៀន​ក្នុង​ថ្នាក់។ ប៉ា​ជា​ជាង​ឡាន និង​ជា​អតីត​សិស្ស​ពូកែម្នាក់ តែ​គាត់​នៅ​​ចាំ​បាន​ច្រើន"។

 

សិស្ស​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន អង្គតាសោម​បញ្ជាក់​ថា ចំណុច​ស្នូល​មួយ​ទៀតគឺ «ការ​ដាក់​គោលដៅ» ថា​ចង់​បាន​អ្វី? ដើម្បី​សម្រេច​គោល​ដៅ​ ត្រូវ​រៀបចំ​ខ្លួន​របៀប​ណា និង​រៀន​យ៉ាងដូចម្ដេច?

 

កត្តា​មួយ​ផ្សេងទៀត ​ដែល​អ្នក​រស់​នៅ​ឃុំ​អង្គតាសោម​​ទទួលបានការសិក្សាល្អ ​ខេត្ត​របស់​គេតែង​មាន​គ្រូ​​ល្អ​ៗ​មក​បង្រៀន​ណែនាំ​បំប៉ន​ នៅ​ពេល​ចុះឈ្មោះ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ម្ដងៗ​។

 

ម៉េងសាយ មានរបៀប​រៀន និង​ស្វ័យ​សិក្សា​​​ដូចម្ដេច?

 

ដូចជា​​ការ​បញ្ជាក់​ខាងលើ ម៉េងសាយ តែង​រៀន​មុន​គ្រូ​ជានិច្ច ដើម្បី​ឱ្យ​ឆាប់​​យល់ និង​ចាំ ចំណែក​ម៉ោង​ស្វ័យ​សិក្សា អ្នក​ស្រុក​​ត្រាំកក់ បាន​កំណត់​ម៉ោង​រៀន ​ចាប់​ពី​ពេល​បាយ​ល្ងាច​ដល់​ម៉ោង ១២ យប់ ឬ​អាច​លើស​នេះ បើ​​មាន​សំណៅ​ឯកសារ​ច្រើន​ត្រូវ​ធ្វើ ប៉ុន្តែ​រូបគេ​កម្រ​ក្រោក​ពី​ព្រលឹម​ណាស់។ ចំណែក​ម៉ោង​ដ៏​ល្អ​​មួយ​ទៀត​នោះ​​ គឺ​ពេល​ថ្ងៃដោយ​ម៉េងសាយ​ថា ជា​វេលាដែលខ្លួន​​រៀន​ឆាប់​ចេះ​។

 

ម៉េងសាយ យល់​យ៉ាងណា​ចំពោះ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា ២០១៤ – ២០១៥?

 

 

 

"ខ្ញុំ​គិត​ថា​ឆ្នាំនេះ​វិញ្ញាសា​ចេញ​ធូរ​មែនទែន ហើយ​នៅ​មាន​កំហុស​បច្ចេកទេស​ទៀត។ ជាក់​ស្តែង​លំហាត់​រូបវិទ្យា និង​គីមីវិទ្យា​មាន​ផ្នែក​ខ្លះ​ឱ្យ​ពិន្ទុ​ពេញ​តែ​ម្ដង"។

 

ប្អូន​លើក​ឡើង​ថា រូបវិទ្យា​ចេញ​តែមួយ​ជ្រុង ឯ​គណិតវិទ្យា​ក៏​មិន​គ្រប់​ស្តង់ដារ​ ដែល​ធ្លាប់​មាន​ដូចពី​មុន ​(ធរណីមាត្រ)។ ប្អូន​បន្ត​ថា ការ​ចេញ​វិញ្ញាសា​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គុណភាព​សិក្សា​របស់​សិស្ស​ជំនាន់​ក្រោយ​ថយ​ចុះ ដោយ​ពួកគេ​អាច​គិត​ថា មិន​ចាំបាច់​ខំប្រឹង​ប្រែង​ខ្លាំង ព្រោះ​វិញ្ញាសា​ចេញ​តែ​មេរៀន និង​ផ្នែក​ងាយស្រួល។

 

ម៉េងសាយ មាន​អារម្មណ៍​បែប​ណា ពេល​មិន​បាន​ជាប់​និទ្ទេស A ពិន្ទុ​ខ្ពស់​លើស​គេ?

 

ជុំវិញ​សំណួរ​នេះ​​កូន​ទី ២ ក្នុង​ចំណោម ៤ នាក់​ក្នុង​គ្រួសារ​ជីវភាព​មធ្យម ​មិន​ដែល​គិត​ថាបាន​ពិន្ទុ​ខ្ពស់​លើក​គេ​ទេ គឺ​រំពឹង​បាន​ត្រឹម B ប៉ុណ្ណោះ ព្រោះ​ប្អូន​នៅ​មាន​ចំណុច​ខ្វះខាត ជាក់​ស្ដែង​មុខវិជ្ជា ខ្មែរ ប្រវត្តិ និង​ភាសា​អង់គ្លេស។

 

ទោះបីជា​យ៉ាងណា ម៉េងសាយ បាន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​របស់​ខ្លួន ព្រោះ​ជា​ការ​ខំ​ប្រឹងប្រែង និង​រីករាយ​ពេល​ឃើញ​សិស្ស​ផ្សេងៗ​ទៀត ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​ជាប់​ច្រើន។ ​

 

សិស្ស​និទ្ទេស A ដដែល​​បាន​បន្ថែម​ថា សិស្ស​ខ្លាំង​ខ្សោយ​មិន​សំខាន់​លើ​មានឬ​ក្រ​ឡើយ ឱ្យ​តែ​ខិតខំ មាន​ពេល​គ្រប់គ្រាន់ កំណត់​គោលដៅ​ឱ្យ​បាន​ច្បាស់ ជា​ពិសេស​សុខភាព។

 

ម៉េងសាយ​ ធ្លាប់​ប្រលង​អ្វី​ខ្លះ?

 

តាម​ការ​បញ្ចេញ​ឱ្យ​ដឹង​របស់​សាមីខ្លួន ក្នុង​កាល​ពី​ថ្នាក់​ទី ១០ និង ១១ យុវជន​សប្បុរស ធ្លាប់​ប្រឡង​គណិតវិទ្យា SUKEN Test រៀបចំ​ដោយ​អ្នក​សមាគម​គណិតវិទ្យា​កម្ពុជា សហការ​ជាមួយ​វិទ្យាស្ថាន​គណិតវិទ្យា​ជប៉ុន។

 

ថ្នាក់​ទី ១១ ឆ្នាំ​២០១៤ ម៉េងសាយ ចូល​រួម​ប្រកួត FERMAT Contest ដើម្បី​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា (ត្រូវ​ស្តង់ដារ​ពិភពលោក​អត់) ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ Waterloo ប្រទេស​កាណាដា ដែល​មាន​បេក្ខជន​ជាង ៩ ម៉ឺន​នាក់​លើ​ពិភពលោក​ចូលរួម​ប្រកួត។ ជា​លទ្ធផល​ប្អូន​ជា​ជយលាភី​ម្នាក់ ក្នុង​ចំណោម​អ្នក​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ២៥% ដំបូង​នៃ​បេក្ខជន​ជាង​ម៉ឺន​នាក់ និង​បាន​មេដាយ​បញ្ជាក់​ថា បាន​ពិន្ទុ​ខ្ពស់​នៅ​កម្ពុជា។

ថ្នាក់​ទី ១២ ឆ្នាំ ២០១៥ នេះ ម៉េងសាយ បាន​ទទួល​​មេដាយ​មាស​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​កំពត កាល​ពី​ខែ​មេសា។ មិន​តែ​ប៉ុណ្ណោះ​ ម៉េងសាយជា​បេក្ខជន​តំណាង​ឱ្យ​កម្ពុជា​ ទៅ​ចូលរួម​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​លើកទី ៥៦ នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ ៨ ដល់ ១៦ ខែ​កក្កដា និង​ជា​យុវជនត្រូវ​​បាន​ជ្រើសតាំង​ដោយ​ក្រសួង​អប់រំ ទៅ​ចូលរួម​វេទិកា​យុវជន​អាស៊ាន កាល​​ថ្ងៃ​ទី ៨ ដល់ ១១ ខែ​កញ្ញា ឆ្នាំ​២០១៥ នាពេល​កន្លង​ទៅ។

 

ម៉េងសាយ ចង់​រៀន​ជំនាញ​អ្វី? នៅ​សាកលវិទ្យាល័យ​ណា?

 

ក្រោយ​ទទួល​និទ្ទេស A ភ្លាម គឺ​មាន​សាកលវិទ្យាល័យ​ជាច្រើន​ផ្ដល់​ឱកាស​អាហារូបករណ៍ ប៉ុន្តែ ​​យុវជន​​មិន​ទាន់​សម្រេច​ថា នឹង​ចូល​សាលា​មួយ​ណា​នោះ​ទេ។ យ៉ាងណា​កូន​ជាងឡាន​រូប​នេះ បាន​សម្លឹង​ឃើញ​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​ហើយ គឺ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង IT ដូចជា​គ្រប់គ្រង​ទិន្នន័យ​ជាដើម ព្រោះ​ជំនាញ​ទាំងនេះ​ ត្រូវ​ការ​អ្នកចេះ​គណិតវិទ្យា​ខ្លាំង និង​ មិន​ចង់​ឱ្យ​អ្វីដែល​ខ្លួន​បាន​រៀន​បាត់បង់ចោលឥតប្រយោជន៍៕

 

 

 

ចុចអាន៖ វិញ្ញាបនបត្រ​​អាច​​ដក​​បាន​​នៅ​​តាម​​សា​លា​​រៀង​​ៗ​​ខ្លួន​សម្រាប់​សិស្ស​បាក់​ឌុប

 

អត្ថបទ៖ អ៊ុំ សុភក្តិ