ទៅ បុប្ផា​ណា បាន​ទស្សនា​កុន​ស្នាព្រះហស្ត​សម្ដេច​តា​ដោយ​សេរី

  • 2015-10-27 17:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សមិទ្ធផល​ភាពយន្ត​មួយ​ចំនួន​ជា​ស្នាព្រះហស្ត​របស់​សម្ដេច​តា ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ទុក​ជា​ឯកសារ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍ បុប្ផាណា ហើយ​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី​ទៀត​ផង​។

 

 

លោក ជា សុភាព អនុប្រធាន​មជ្ឈមណ្ឌល​បាន​បញ្ជាក់​ថា ភាពយន្ត​ទាំង​នោះ​ធ្លាប់​មាន​ភាព​ល្បីល្បាញ​នា​ពេល​កន្លង​មក​ហើយ​ដូច​ជា​រឿង ​"រស់​ដោយ​សប្បាយ" ផលិត​ក្នុង​​ឆ្នាំ ១៩៦៩ បង្ហាញ​ពី​ជីវិត​រស់​នៅ​ក្នុង​ភាព​សប្បាយ​រីករាយ​ក្នុង​សម័យ​នោះ និង​បង្កប់​នូវ​រឿងរ៉ាវ​ផ្សេង​ទៀត​ជា​ច្រើន។

 

លោក​បន្ត​ថា ចំពោះ​រឿង"អប្សរា" នៅ​ឆ្នាំ ១៩៦៦ បង្ហាញ​ពី​សម្រស់​ទីក្រុង​ភ្នំពេញ​ពោរពេញ​ដោយ​សំណង​ស្ថាបត្យកម្ម​ដូច​ជា ចតុមុខ អគារ​ប៊ូឌីង និង​ស្ថាបត្យកម្ម​ផ្សេងៗ​ទៀត ដោយ​មាន​សម្ដេច​ព្រះ​រាម បុប្ផាទេវី ជា​តួ​ឯក​ផង​នោះ។ លោក​បន្ត​ថា អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ក៏​បាន​បង្ហាញ​មុខ​នៅ​ក្នុង​រឿង​នោះ​ផង​ដែរ ដោយ​បក​ស្រាយ​បទ​ចម្រៀង​មាន​ចំណង "រាត្រី​ជួប​ភក្ដិ" ដែល​ចាត់​ទុក​ថា ជា​រឿង​កម្រ​មួយ។

 

​ដោយ​ឡែក​រឿង ​"កូលាប​បូក​គោ" ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៦៩ និយាយ​រៀបរាប់​ពី​ប្រវត្តិ ពេល​ដែល​ជប៉ុន​ចូល​មក​ប្រទេស​កម្ពុជា ខណៈ​បារាំង​ធ្វើ​អាណានិគម។ ហើយ​រឿង "សិទ្ធិ​ប្រកាស" និយាយ​ពី​ទំនាក់​ទំនង​ខ្មែរ​ជាមួយ​ឥណ្ឌា​សម្ដែង​ដោយ​ព្រះ​អង្គ​ផ្ទាល់ និង​សម្ដេច​ម៉ែ។ ក្រៅ​​ពី​​នេះ​​ក៏​មាន​រឿង "ស្រមោល​អង្គរ" និយាយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់ ដាប ឈួន នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ផង​ដែរ។

 

 លោក ស៊ិន ស៊ីសាមុត និង​អ្នក​ម្នាង សៀង ឌី ក្នុង​រឿង"អប្សរា"

 

នៅ​មាន​ភាពយន្ត​របស់​សម្ដេច​តា​ខ្លះ​មិន​ទាន់​រក​ឃើញ​នោះ​ទេ ខណៈ​ក្រុម​ការងារ​កំពុង​បន្ត​ស្វែង​រក។ ប៉ុន្តែ​ក្រៅ​ពី​ភាពយន្ត​បែប​ប្រឌិត​ខាង​លើ សម្ដេច​តា​ក៏​បាន​បន្សល់​ទុក​វីដេអូ​ឯកសារ​ជា​ច្រើន​ទៀត​​រួម​មាន​ឯកសារ​និយាយ​ពី​របាំ​ខ្មែរ ឯក​សារ​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​មាន​ឯកសារ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​ថែរក្សា​យ៉ាង​ត្រឹមត្រូវ​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា អនុប្រធាន​មជ្ឈមណ្ឌល​ដដែល​អះអាង​ថា ក្រៅ​ពី​ស្នាព្រះហស្ត​របស់​សម្ដេច​តា ក៏​មាន​ភាពយន្ត​ជា​ច្រើន​ទៀត​របស់​សមិទ្ធិករ​ជើង​ចាស់​នានា​ដូច​ជា អ្នក​ស្រី ឌី សាវ៉េត លី ប៊ុនយីម និង​លោក អ៊ី វ៉ុងហែម ជា​ដើម ដែល​សុទ្ធសឹងតែ​ធ្លាប់​មាន​ភាព​ល្បីល្បាញ​ក្នុង​អតីត​កាល៕

 

 

អត្ថបទ៖ សំ ជំនាញ