លោកយាយវ័យ៩៧ឆ្នាំ ទប់ទឹកភ្នែកមិនជាប់ពេលទទួលសញ្ញាបត្របាក់ឌុប
- 2015-10-31 18:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយវ័យ៩៧ឆ្នាំ ទប់ទឹកភ្នែកមិនជាប់ពេលទទួលសញ្ញាបត្របាក់ឌុប
ចន្លោះមិនឃើញ
លោកយាយអាយុ ៩៧ឆ្នាំម្នាក់នៅសហរដ្ឋអាមេរិក បានស្រែកយំបន្ទាប់ពីទទួលបានសញ្ញាបត្រកម្រិតវិទ្យាល័យ(បាក់ឌុប) លើកដំបូងក្នុងឆាកជីវិតពីវិទ្យាល័យ Catholic Central High School ក្រោយបោះបង់ការសិក្សាទាំងបង្ខំចិត្តតាំងពី ៨០ឆ្នាំមុន។
តាមពិតលោកយាយ Margaret Thome Bekema អាចបញ្ចប់ថ្នាក់វិទ្យាល័យតាំងពីឆ្នាំ១៩៣៦ ប៉ុន្តែនៅអាយុ១៧ឆ្នាំ ត្រូវបោះបង់ចោលការសិក្សាទាំងស្រុងដើម្បីមើលថែប្អូន ៣នាក់ និងម្ដាយដែលមានជំងឺមហារីកជាប់ខ្លួន។ ក្នុងវ័យដែលក្មេងដទៃកំពុងសិក្សា លោកយាយត្រូវចម្អិនអាហារ សម្អាត និងបោកគួកសំលៀកបំពាក់ប្អូនៗ។
លោកយាយ Bekema បាននិយាយថា៖ «ខ្ញុំត្រូវលាចាកសាលាដើម្បីទទួលខុសត្រូវលើគ្រួសារ»។ លោកយាយបានបន្តទៀតថា៖ «វាពិតជាពិបាកខ្លាំងណាស់ អ្នកមិនដឹងឡើយថាពិបាកយ៉ាងណា... ខ្ញុំស្រលាញ់វិទ្យាល័យ ហើយខ្ញុំមានមិត្តច្រើនណាស់»។
ដោយសារចង់បំពេញបំណងលោកយាយ វិទ្យាល័យ Catholic Central High School បានផ្ដល់សញ្ញាបត្របាក់ឌុបកិត្តិយសមួយ ធ្វើឲ្យលោកយាយរំភើបចិត្តទប់ទឹកភ្នែកមិនជាប់ ព្រោះអាចសម្រេចបំណងដែលតែងស្រមៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail