សៅ ប៊ុននឿន គ្មានសង្ឃឹមបានវះកាត់ ព្រោះតសរសៃមួយ ៤៥០០ដុល្លារ
- 2015-11-06 17:51:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ ប៊ុននឿន គ្មានសង្ឃឹមបានវះកាត់ ព្រោះតសរសៃមួយ ៤៥០០ដុល្លារ
ចន្លោះមិនឃើញ
កីឡាករប្រដាល់ជើងចាស់រហស្សនាមនាគខ្មៅ សៅ ប៊ុននឿន នឹងចេញដំណើរទៅប្រទេសវៀតណាមជាលើកទី៣ នៅថ្ងៃស្អែក ប៉ុន្តែគ្មានសង្ឃឹមថាបានវះកាត់ឲ្យជាសះស្បើយឡើយ ព្រោះតសរសៃបេះដូងមួយ ត្រូវចំណាយរហូតដល់ទៅ៤៥០០ដុល្លារ ដែលជាទឹកប្រាក់ដ៏ច្រើនមួយសម្រាប់លោក។
អតីតអ្នកប្រដាល់ល្បីឈ្មោះ សៅ ប៊ុននឿន បានប្រាប់ Sabayថា៖ «ហឹម! ឥឡូវនេះខ្ញុំចេះតែធ្វើទុក្ខរាល់យប់ ស្ពឹកមួយចំហៀងខ្លួន អ៊ីចឹងហើយទើបប្រញាប់ទៅថតមើលម្ដងទៀត... គេថាដាច់សរសៃបេះដូង និងហើបស្រទាប់បេះដូង។ បើវះកាត់តមួយសរសៃគេទារ ៤៥០០ដុល្លារ មិនដឹងទៅរកលុយមកពីណាទេ... ហើយបើដាច់ច្រើនសរសៃទៀត មានតែបើកថ្នាំមកដេកលេបនៅផ្ទះវិញទៅ»។
សៅ ប៊ុននឿន បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាងបីខែហើយ ដោយសារមានឈាមកកក្នុងសរសៃបេះដូង និងហើបស្រទាប់បេះដូងពិបាកដកដង្ហើម។ កាលពីដើមខែសីហានេះ លោកបានចូលសម្រាកក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) និងបន្តទៅព្យាបាលដល់ប្រទេសវៀតណាមជិតមួយខែ ដោយចំណាយប្រាក់ខ្ទង់ជិតមួយម៉ឺនដុល្លារ ប៉ុន្តែហាក់ដូចមិនធូរស្រាលឡើយ។
រហូតដល់ខែកញ្ញា អ្នកប្រដាល់ជើងចាស់រូបនេះ និងប្រពន្ធដ៏កម្សត់របស់ខ្លួន បានត្រលប់ទៅប្រទេសវៀតណាមម្ដងទៀតដើម្បីតាមដានស្ថានភាពជំងឺ។ ក្រោយពេលពិនិត្យរួច វេជ្ជបណ្ឌិតបានបញ្ជាក់ថា សៅ ប៊ុននឿន ត្រូវវះកាត់បេះដូងបន្ទាន់ទើបរួចផុតគ្រោះថ្នាក់។ ការព្យាបាលនោះអាចចំណាយអស់ពី ៤ ទៅ ៥ពាន់ដុល្លារ ដែលជាឧបសគ្គធំមួយ ធ្វើឲ្យលោកនិងប្រពន្ធត្រលប់មកកម្ពុជាទាំងអស់សង្ឃឹម បានត្រឹមបើកថ្នាំមកលេបគ្រាន់កំដរជីវិតប៉ុណ្ណោះ។
ដោយសារមិនអាចទ្រាំបានជាមួយស្ថានភាពជំងឺវិវឌ្ឍឥតឈប់ឈរ ទើបលោកសម្រេចចេញទៅពិនិត្យម្ដងទៀត ថាអាចវះកាត់ឲ្យជាសះស្បើយឬយ៉ាងណា។ ទោះបែបនេះក្ដី ជំងឺរបស់លោកដែលវេជ្ជបណ្ឌិតអះអាងថាដាច់សរសៃបេះដូង ព្រមទាំងហើបស្រទាប់បេះដូងផងនោះ អាចចំណាយប្រាក់ច្រើនសម្រាប់ព្យាបាល ដោយតមួយសរសៃតម្លៃ ៤៥០០ដុល្លារ ហើយមិនទាន់ដឹងថាដាច់ប៉ុន្មានសរសៃឡើយ។
អ្នកស្រី គ្រៀល ស៊ីយ៉ា ភរិយារបស់កីឡាករ សៅ ប៊ុននឿន បានរៀបរាប់ប្រាប់ Sabay ទាំងអារម្មណ៍តឹងណែនក្នុងទ្រូងថា៖ «បងខ្ចីបងប្អូនអស់ហើយ បានត្រឹមតែប៉ុន្មានពាន់ហ្នឹង... តាមប៉ុស្តិ៍ទូរទស្សន៍គេជួយថ្ងៃមុនបានប៉ុន្មានរយ គ្រាន់តែចំណាយថ្លៃទៅមក ថ្លៃហូបចុក... បើសិនត្រូវចំណាយច្រើនពេក ប្រហែលមកស្រុកខ្មែរ រកកន្លែងវះនៅស្រុកខ្មែរវិញហើយ មិនដឹងធ្វើម៉េចទេ»។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ពេលនេះប្ដីរបស់អ្នកស្រីមានការភ្លេចភ្លាំងច្រើន ឯអារម្មណ៍ក៏ឆេវឆាវខុសពីធម្មតា។ ប្រសិនបើអាចជាសះស្បើយ អ្នកស្រីមិនដឹងថាសប្បាយចិត្តយ៉ាងណាឡើយ ព្រោះចង់រស់នៅជួបជុំគ្នាជាមួយកូនពីរនាក់ក្នុងបន្ទុក បើទោះបីត្រូវធ្វើការរងទុក្ខលំបាកយ៉ាងណាក៏ដោយ៕
អត្ថបទ៖ គង់ វិសាល