គ្រូ Lee ប្រាប់បញ្ហាបីយ៉ាងមុនក្រុមជម្រើសជាតិចាកចេញទៅអ៊ីរ៉ង់
- 2015-11-10 21:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Lee ប្រាប់បញ្ហាបីយ៉ាងមុនក្រុមជម្រើសជាតិចាកចេញទៅអ៊ីរ៉ង់
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងពីបញ្ហាបីយ៉ាង មុនធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនប្រកួតជាមួយប្រទេសអាហ្វហ្គានីស្ថាន ក្នុងជំនួបជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅតំបន់អាស៊ី ពូលEជើងទី២ ជុំទី២ នាថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ។
បញ្ហាទី១៖ លោក Lee Tae Hoon បានបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជាពុំមានពេលវេលាសម្រាកគ្រប់គ្រាន់ជុំគ្នា ព្រោះលីកកំពូលទើបបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។
បញ្ហាទី២៖ កីឡាករជម្រើសជាតិ ៦នាក់នៅក្រុមបឹងកេតអង្គរ មិនបានហ្វឹកហាត់រួមគ្នាជាមួយកីឡាករជម្រើសជាតិផ្សេងទៀត ព្រោះជាប់ភារកិច្ចប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 នៅប្រទេសឡាវ និងប្រកួតវគ្គខ្វែងជើងទី២ ជាមួយក្រុមណាហ្គាវើល។
បញ្ហាទី៣៖ ចម្ងាយផ្លូវដ៏ឆ្ងាយទៅទីកន្លែងប្រកួតនៅប្រទេសអ៊ីរ៉ង់ប្រមាណជិត ៦ពាន់គីឡូម៉ែត្រ ដែលអាចធ្វើឲ្យកីឡាករអស់កម្លាំងព្រោះពុំមានជើងហោះហើរត្រង់ និងត្រូវប្ដូរជើងហោះហើរនៅវៀតណាមម្ដង រួចប្ដូរនៅប្រទេសកាតារម្ដងទៀត ទើបចេញទៅដល់ប្រទេសអ៊ីរ៉ង់។
ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីកម្ពុជាចាញ់ជើងទី១ លើទឹកដីខ្លួនឯង ១-០ កាលពីខែមិថុនាកន្លងទៅ។ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអាហ្វហ្គានីស្ថាន បានសម្រេចជ្រើសរើសយកប្រទេសអ៊ីរ៉ង់ជាទឹកដីកណ្ដាលសម្រាប់ការប្រកួត ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Takhti នៃទីក្រុងតេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់៕
ទស្សនាវីដេអូ គ្រូ Lee និយាយមុនពេលចាកចេញពីកម្ពុជា៖
អត្ថបទ៖ គង់ វិសាល