បរទេស​យក​​ស្បែក​និង​ច្រមុះ រដ្ឋា ​យក​ទាំង​ជីវិត​​បញ្ជាក់​ពី​សមត្ថភាព​ការងារ

  • 2015-12-01 13:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បរទេស​​​ខ្លះ​យក​ស្បែក​និង​ច្រមុះ​​​ទៅ​ធ្វើការ​តែ​ប៉ុណ្ណោះ ឯ​ខ្ញុំ​យក​​ទាំង​ជីវិត​​បន្ថែម​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​"​​។

 

ជា​វិស្វករ​ខ្មែរ​មួយ​រូប​ដែល​មាន​ឱកាស​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​​របស់​អាមេរិក​នៅ​ប្រទេស​ភូមា ជិន លីរដ្ឋា បាន​ជម្នះ​ការ​មាក់ងាយ​​​​ពី​មិត្ត​រួម​ការងារ​​​​ ដើម្បី​​​​បញ្ជាក់​​​ពី​សមត្ថភាព​ការងារ​​​ដែល​អាច​ធ្វើការ​បាន​​មិន​ថា​ការងារ​តូច​​ឬ​ធំ​​។

 

 

ជា​វិស្វករ​និង​ជា​អ្នក​ត្រួត​ពិនិត្យ​ការងារ (Progress Control Specialist) នៅ​ក្រុមហ៊ុន Pan Asia Tower ជា​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ជំនាញ​ផ្នែក​ដំឡើង​អង់តែន​ទូរសព្ទ រដ្ឋា​ ប្រាប់​ថា បាន​ទៅ​​ធ្វើការ​​ទី​នោះ​​​​ដោយសារ​មាន​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​ និងដោយសារ​​​​​ក្រុមហ៊ុន​​មើល​​ឃើញ​សមត្ថភាព​និង​លក្ខណៈ​សម្បត្តិ​​ ដែល​​​​គេ​អាច​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​​នេះ​បាន​។

 

ក្រុមហ៊ុន​ដែល​ រដ្ឋា ធ្វើការ​ជា​​មួយ​​ជា​ក្រុមហ៊ុន​​​លំដាប់​អន្តរជាតិ​ មាន​​សុទ្ធ​តែ​បុគ្គលិក​​​ចំណានៗ​​ចម្រុះ​ជាតិ​សាសន៍​​​​​​។ ជា​អ្នក​ជំនាញការ​ខ្មែរ​មួយ​រូប​ដែល​​បាន​ទៅ​​ក្រុមហ៊ុន​ដ៏​ធំ​នេះ​ រដ្ឋា ប្រាប់​ថា ដំបូង​​​មាន​ការ​​មាក់ងាយ​ពី​បុគ្គលិក​បរទេស​មួយ​ចំនួន ដោយ​ពួកគេ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​ជំនាញការ​ខ្មែរ​ទេ​​ ដោយ​គិត​ថា​មិន​មាន​សមត្ថភាព​ ​​អាច​ប្រកួតប្រជែង​​​ការងារ​ជាមួយ​ពួកគេ​បាន​​។ តែ​​ដោយសារ​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង រួម​ទាំង​ការ​ប្រឹងប្រែង​​​​​​​​​ទើប​ធ្វើ​ឲ្យ​​អ្នកជំនាញការ​បរទេស​ទាំង​នោះ​​ទទួល​ស្គាល់​ថា​ជនជាតិ​ខ្មែរ​ក៏​មាន​ធនធាន​មនុស្ស​ពូកែៗ​ មាន​សមត្ថភាព​អាច​​ធ្វើការ​​​​និង​សម្រេច​​លទ្ធផល​ការងារ​បាន​ជោគជ័យ​។

 

"បរទេស​​មិន​ចង់​បាន​បុគ្គលិក​ខ្មែរ​ទេ ដោយសារ​តែ​ពួកគេ​មើល​ស្រាល​សមត្ថភាព​អ្នក​ជំនាញ​ការ​ខ្មែរ​ថា​ធ្វើការ​មិន​កើត​ ប៉ុន្តែ​​​​ពួកគេ​មួយ​ចំនួន​​សមត្ថភាព​ក៏មិន​ពូកែ​អី​ដែរ​យក​តែ​​រូបរាង​ខាងក្រៅ​ទៅ​ធ្វើការ​ប៉ុណ្ណោះ​​ ចុងក្រោយ​ពួកគេ​ទទួល​ស្គាល់​ថា​ អ្នក​ជំនាញ​ខ្មែរ​​ក៏​មាន​សមត្ថភាព​និង​ធ្វើការ​​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់"។

 

យុវជន​រូប​នេះ​បន្ត​ទៀត​ថា ការ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុនដ៏​ធំ​បែប​នេះ​​​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ការ​ធ្វើការ​​ទាមទារ​ភាព​ច្បាស់លាស់​និង​ទំនួលខុសត្រូវ​ខ្ពស់។

 

ការងារ​របស់​រដ្ឋា​ចាំបាច់​ត្រូវ​​មាន​ភាព​ច្បាស់លាស់​លើ​ភាសា​​​ ដោយសារ​បុគ្គលិក​​ចម្រុះ​ជាតិសាសន៍​ដែល​ភាសា​អង់គ្លេស​​ត្រូវ​បានប្រើប្រាស់​ជា​ទូទៅ ដើម្បី​ងាយស្រួល​​​ទំនាក់ទំនង​​​​គ្នា​។

 

ជិន លីរដ្ឋា បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​នៅ​វិទ្យាស្ថាន NTTI នៅ​ឆ្នាំ​២០០៦។ មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ រដ្ឋា​ធ្លាប់​​មាន​បទ​ពិសោធន៍​​​ការងារ​ជា​ច្រើន​ដូចជា​ធ្លាប់​ធ្វើ​ជា​អ្នក​រចនា​ប្លង់​​ក្នុង​គម្រោង​សាងសង់​ផ្លូវ​មួយ​របស់​គម្រោង​ ADB ​នៅ​ប្រទេស​កម្ពុជា និង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​​ការដ្ឋាន​សាងសង់​បុរី​មួយ មុន​ពេល​មាន​ឱកាស​ស្វែង​រក​បទ​ពិសោធន៍​ការងារ​ថ្មី​ជា​វិស្វករ​នៅ​ក្រុមហ៊ុន Pan Asia Tower ​នៅ​ប្រទេស​ភូមា។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី