សុនខ​គួរ​ឲ្យ​អាណិត​ គេ​ពិសោធ​ហើយ​ទុក​ចោល​មិន​មើល​ថែ

  • 2015-12-08 20:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សុនខ​ជា​ច្រើន​ក្បាល​​​ត្រូវ​បាន​គេ​ទុក​ចោល​ មិន​មើល​ថែ​​ក្រោយ​ពេល​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​បាន​យក​សត្វ​ទាំង​នោះ​មក​​ប្រើ​ប្រាស់​សម្រាប់​​ពិសោធន៍​​វេជ្ជសាស្ត្រ​រួច​មក។

 

  ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​​​​​​ជួយ​សង្គ្រោះ​សត្វ​​បាន​ថត​បង្ហោះ​រូប​សុនខ​ដែល​​ត្រូវ​គេ​ទុក​ចោល​លើ​ដំបូល​​​អគារ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Weiyang ក្នុង​ទី​ក្រុង​ Xi'an ខេត្ត​ Shaanxi ប្រទេស​ចិន។ ស្ថានភាព​សត្វ​​​​​​សុនខ​​ទាំង​នោះ ត្រូវ​បាន​គេ​​​ដឹង​ថា ខ្លះ​មាន​​របួស ​​​​និង​ហូរ​ឈាម ខ្លះ​ទៀត​ងាប់។ សុនខ​ខ្លះ​ត្រូវ​បាន​គេ​រុំ​មាត់​​​ និងរុំ​ជើង​ផង​ដែរ ចំណែក​ពោះ​របស់​វា​​ត្រូវ​គេ​កាត់ ហើយ​​ទ្រូង​របស់​វា​​​មាន​ស្នាម​ឆេះ​ខ្លោច​​។  

ក្រោយ​ពេល​​​​ទិដ្ឋភាព​​ខាង​លើ​​ត្រូវ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មនុស្ស​ជា​ច្រើន​​បាន​សម្ដែង​ក្ដី​អាណិត​ទៅ​ដល់​សុនខ​ទាំង​នោះ។ អ្នក​លេង​បណ្ដាញ​សង្គម​ចិន Weibo ​ឈ្មោះ Naomiko បាន​សរសេរ​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ថា "តើ​សិស្ស​ និង​គ្រូ​ៗ​​សាលា​ពេទ្យ​​​អាច​ធ្វើ​បែប​នេះ​ទៅ​រួច​ដែរ ហេតុអ្វី​បាន​ជា​មើល​ងាយ​ជីវិត​សត្វ​បែប​នេះ?"។  

បន្ទាប់​ពី​​ទិដ្ឋភាព​សត្វ​សុនខ​​​ត្រូវ​គេ​ទុក​ចោល​មិន​មើល​ថែ​ក្រោយ​ពិសោធន៍​រួច​បាន​​កើត​ឡើង​ និង​លេច​ឮ​ដល់​សាធារណជន ​​​​តំណាង​​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Weiyang​ បាន​ចេញ​មុខ​សូម​ទោស​ ​មជ្ឈដ្ឋាន​ជា​ច្រើន​ដែល​បាន​​ឃើញ​  និង​ទទួល​ស្គាល់​​ចំពោះ​បញ្ហា​នោះ​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិល​មិញ​នេះ។ ​  

  និស្សិត​​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​សត្វ​សុនខ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​​វះ​កាត់​​បើក​ខ្នែង​ពោះវៀន​​សម្រាប់​​​ការ​ពិសោធន៍​និស្សិតដេរ​ថ្នេរ​​មុខ​របួស។

  ​ជា​ធម្មតា​​ក្នុង​ប្រទេស​ចិន សត្វ​សុនខ​​ក្រោយ​ពេល​​គេ​ប្រើ​ប្រាស់​សម្រាប់​ការ​ពិសោធ​វេជ្ជសាស្ត្រ​រួច​​​គឺ​ត្រូវ​គេ​ប្រើ​ថ្នាំ​​ឲ្យ​វា​ងាប់​តាម​សម្រួល។ ​ចំពោះ​សាលា​វេជ្ជសាស្ត្រ Weiyang ​ក្រោយ​ពី​មាន​លេច​ឮ​ទង្វើ​​មិន​សមរម្យ​ចំពោះ​សត្វ​សុនខ​បែប​ ក៏​បាន​ប្រកាស​ផ្អាក​ការ​ពិសោធ​វេជ្ជសាស្ត្រ​ជា​បណ្ដោះ​អាសន្ន៕

 

 

 

 

ចុចអាន៖ សុនខ​ Cute Cute លេង​ស្តាយ៍​​​តា​​អូណែល​​សឹង​​ខ្មាស  

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist, dailymail​​​​​​