កីឡាករ​បរទេស​៨​រូប​លេច​ធ្លោ​ក្នុង​​លីក​​កំពូល​​កម្ពុជា​​២០១៥​​

  • 2015-12-24 16:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង ហើយ​ក្លឹប​​នានា​បាន​​នាំ​យក​កីឡាករ​បរទេស​​ជា​ច្រើន​​មក​ពង្រឹង​ក្រុម​បន្តបន្ទាប់។ កីឡាករ​បរទេស ៨​រូប​ខាង​ក្រោម​ ត្រូវ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​លេច​ធ្លោ​ទាំង​សមត្ថភាព ព្រម​ទាំង​ប្រជាប្រិយភាព​ក្នុង​ឆ្នាំ​២០១៥ នេះ។

 

១. កីឡាករ Shane Booysen (ភ្នំពេញ​ក្រោន)

កីឡាករ​សញ្ជាតិ​អាហ្វ្រិកខាងត្បូង Shane Booysen ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លិប​ភ្នំពេញ​ក្រោន ដែល​ចាប់​ផ្ដើម​អាជីព​ក្នុង​លីក​កំពូល​បាល់​ទាត់​កម្ពុជា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ក្រោយ​ផ្ទេរ​មក​ពី​ប្រទេស​ថៃ​កាល​ពី​ខែ​កុម្ភៈ។ កីឡាករ​រួប​នេះ​មាន​កម្ពស់​ទាប ប៉ុន្តែ​ល្បឿន​លឿន និង​តិកនិក​ញាក់​បាល់​ល្អ។ Booysen ជា​សមាជិក​សកម្ម​ម្នាក់​ដែល​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន ការពារ​តំណែង​ជើង​ឯក​បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៥ នេះ។ ​

 

២. កីឡាករ George Bisan (ភ្នំពេញ​ក្រោន)

 កីឡាករ George Bisan ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​មួយ​រូប​របស់​ក្លឹប​ភ្នំពេញ​ក្រោន ដែល​រក​គ្រាប់​បាល់​បាន ២៤​គ្រាប់​ម្នាក់​ឯង រហូត​ជួយ​ក្រុម​លើក​ពាន​លីក​កំពូល​កម្ពុជា​ឆ្នាំ២០១៥។ អ្នក​គាំទ្រ​បាល់​ទាត់​ភាគ​ច្រើន សុទ្ធតែ​ស្គាល់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ ព្រោះ​រូប​គេ​បាន​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ស្ទើរ​គ្រប់​ការ​ប្រកួត។

 

៣. កីឡាករ Esoh Paul Omogba (បឹងកេត​អង្គរ)

 

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba ​ទើប​ចុះ​កុងត្រា​លេង​ឲ្យ​​ក្លិប​បឹង​កេត​អង្គរ​កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ទឹក​ដី​ថៃ​រយៈ​ពេល​បី​ឆ្នាំ​ក្នុង​នាម​ជា​ខ្សែ​បម្រើ​នៅ​ក្លិប​ពីរ​របស់​ប្រទេស​ថៃ គឺ Udon Thani និងSamut Sakhon ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​លីក​លំដាប់​ទី​បី។ កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​ចាប់​ផ្ដើម​មាន​គេ​ស្គាល់​កាន់​តែ​ច្រើន ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ពាន​រង្វាន់ 2015 Toyota Mekong Club Championship ព្រម​ទាំង​ស៊ុត​បញ្ចូល​ទី​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា Yangon United ២​គ្រាប់​ម្នាក់​ឯង។

 

៤. កីឡាករ Samuel Gbenga Ajayi (បឹងកេត​អង្គរ)

 

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Samuel Gbenga Ajayi ដែល​ភាគ​ច្រើន​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ហៅ​កាត់​ថា Gbenga គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​របស់​ក្លឹប​បឹងកេតអង្គរ។ Gbenga ធ្លាប់​លេង​ឲ្យ​ក្លឹប​ភ្នំពេញក្រោន​ក្នុង​ឆ្នាំ​២០០៦ ដល់ ២០០៨ និង​ទៅ​លេង​នៅ​ក្លឹប​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ មុន​ត្រលប់​មក​កម្ពុជា​ចូល​រួម​ជាមួយ​ក្លឹប​បឹងកេតអង្គរ​ក្នុង​ឆ្នាំ​២០១៥ នេះ។

 

៥. កីឡាករKazuki Tatsuta (ទើប​ចប់​កិច្ច​សន្យា​ជាមួយ​ការពារ​ជាតិ)

 

 កីឡាករKazuki Tatsuta

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Kazuki Tatsuta បាន​ចាប់​ផ្ដើម​បំពេញ​តួនាទី​នៅ​ក្លឹប​​ក្រសួង​ការពារ​ជាតិ​ក្នុង​រដូវ​កាល២០១៥ បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្រុម Albirex Niigata។ កីឡាករ​សក់​កន្ទ្រើង​រូប​នេះ បាន​ចប់​កិច្ចសន្យា​ជាមួយ​ក្រសួង​ការពារ​ជាតិ​ហើយ ប៉ុន្តែ​ត្រូវ​អ្នក​ចាត់​ការ​ក្រុម​បឹងកេត​អង្គរ​ចាប់​អារម្មណ៍ និង​​ចុះ​កិច្ច​សន្យាលេង​បណ្ដោះ​អាសន្ន​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​ 2015 Toyota Mekong Club Championship ដើម្បី​ពិចារណា​បន្ត។

 

៦. កីឡាករ Dzama Bata (ទើប​ចប់​កិច្ចសន្យា​ជាមួយ​ក្លឹប​ស្វាយរៀង)

កីឡាករ Dzama Bata ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ស្វាយរៀង ដែល​ស៊ុត​​បាន ២៣​គ្រាប់​ក្នុង​លីក​កំពូល​កម្ពុជា​​ឆ្នាំ​២០១៥ ហើយ​ទើប​ចប់​កិច្ចសន្យា។ ២៣​គ្រាប់​របស់​កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ គឺ​ស្មើ​នឹង​ជិត​ពាក់​កណ្ដាល​គ្រាប់​ស៊ុត​សរុប​របស់​ក្លឹប​ស្វាយរៀង (៥២​គ្រាប់)។ Bata ត្រូវ​អ្នក​ចាត់ការ​ក្លឹប​​បឹងកេត​ចាប់​អារម្មណ៍ និង​ចុះ​កិច្ចសន្យា​លេង​ពាន​រង្វាន់ 2015 Toyota Mekong Club Championship ប៉ុន្តែ​ហាក់​ដូច​ជា​ធ្វើ​មិន​បាន​ល្អ​ឡើយ។

 

៧. កីឡាករ Barry Alpha Oumar Lelouma (ណាហ្គាវើល)

Barry ជា​ឈ្មោះ​កាត់ ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​ហៅ​កីឡាករ​សញ្ជាតិ​​ហ្គីណេ​ម្នាក់​របស់​ក្រុម​ណាហ្គាវើល។ កីឡាករ​រូប​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​ដែល​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល​រឹង​មាំ​ក្នុង​២០១៥ និង​ជា​ជើង​ឯក​រង​នៃ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា។

 

៨. កីឡាករ Befolo Mbarga Jean Marie PRIVAT (Cambodian Tiger)

 ​កីឡាករ Befolo Mbarga Jean Marie PRIVAT ហៅ​កាត់​ថា PRIVAT ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប Cambodian Tiger ក្នុង​ឆ្នាំ​២០១៥ ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៩​គ្រាប់។ កីឡាករ​សញ្ជាតិ​កាមេរ៉ូន​រូប​នេះ ជា​សមាជិក​សំខាន់​ជួយ​ឲ្យ Cambodian Tiger ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​លីក​កំពូល​កម្ពុជា២០១៥ ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ៕

 

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី