រឿង៧យ៉ាង ដែល Klopp គួរផ្លាស់ប្ដូរនៅ Liverpool ដើម្បីបាន Top 4
- 2015-12-25 13:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៧យ៉ាង ដែល Klopp គួរផ្លាស់ប្ដូរនៅ Liverpool ដើម្បីបាន Top 4
ចន្លោះមិនឃើញ
Jurgen Klopp អ្នកចាត់ការក្រុម Liverpool ធ្លាប់បានលើកឡើងតាំងពីពេលឡើងដឹកនាំដំបូងថា លោកនឹងមានការងារច្រើនត្រូវដោះស្រាយនៅក្រុមហង្សក្រហម។
Liverpool បានចាញ់ក្រុមសិស្សប្អូនមកពីលីកក្រោម Watford ៣-០ កាលចុងសប្ដាហ៍មុន ហើយលទ្ធផលនេះ បានធ្វើឲ្យពួកគេមានគម្លាត៥ពិន្ទុពីក្រុមកំពូលទាំង៤ (Top 4) ឬតំណែងលេងនៅ UEFA Champions League រដូវកាលក្រោយ។ ខាងក្រោមនេះ គឺជាបញ្ហា៧យ៉ាង ដែលអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវដោះស្រាយឲ្យបានឆាប់បំផុត ដើម្បីបន្តសង្ឃឹមបាន Top 4៖
១. អ្នកចាំទី៖
Simon Mignolet គឺជាអ្នកចាំទីដៃទី១របស់ Liverpool ប៉ុន្តែកីឡាករជម្រើសជាតិបែលហ្សិករូបនេះ តែងមានកំហុសជាញឹកញាប់ ហើយកំហុសទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលក្រុមហង្សក្រហមមិនតិចដែរ។ រីឯអ្នកចាំទីដៃទី២ Ádám Bogdán ដែលជាប់ជម្រើសដំបូង កាលចាញ់ Watford ក៏កាន់តែយ៉ាប់យឺនទៀត បន្ទាប់ពីភ្លាត់ជាបន្តបន្ទាប់។ Klopp អាចនឹងទិញចូលអ្នកចាំទីថ្មី នាខែមករានេះ។
២. ខ្សែការពារកណ្ដាល៖
Liverpool តែងតែមានកំហុសនៅតំបន់ការពារកណ្ដាលជាញឹកញាប់ ហើយការចាប់ដៃគូរវាង Martin Skrtel និង Mamadou Sakho កាលពីចុងសប្ដាហ៍កន្លងទៅបានបង្ហាញឲ្យឃើញច្បាស់ហើយ ដូច្នេះ Klopp អាចនឹងត្រូវការខ្សែការពារកណ្ដាលថ្មី នៅខែមករាខាងមុខនេះ បន្ទាប់ពី Skrtel រងរបួសត្រូវអវត្តមាន៦សប្ដាហ៍ទៀត។
៣. ខ្សែការពារឆ្វេង៖
Albert Moreno មានសមត្ថភាពរត់លឿន និងបម្រើល្អគ្រាន់បើ ប៉ុន្តែកីឡាកររូបនេះ តែងចាកចោលពីទីតាំងរបស់ខ្លួន និងអន់ខាងការពារ។ Klopp គួរតែមានវិធីជួយឲ្យកីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ លេងប្រសើរជាងមុន ឬអាចទិញចូលថ្មី។
៤. ខ្សែប្រយុទ្ធ៖
Daniel Sturridge អវត្តមានមិនចេះឈប់ គឺជាបញ្ហាធំរបស់ហង្សក្រហម ខណៈដែល Klopp ហាក់អស់ជំនឿលើ Christian Benteke បន្ទាប់ពីដាក់ឲ្យបម្រុងកាលពីចុងសប្ដាហ៍។ Benteke នឹងត្រូវបង្ហាញទម្រង់លេងឲ្យបានល្អដូចនៅ Aston Villa វិញ ឬបើពុំនោះទេ Klopp នឹងអាចលក់ចេញ។
៥. ការបាក់ទឹកចិត្ត៖
គ្រប់ពេលដែល Liverpool ត្រូវគេស៊ុតចូលមុន ពួកគេតែងតែបាក់ទឹកចិត្តយ៉ាងលឿនភ្លាមៗតែម្ដង ដូចជាកាលចាញ់ Watford ជាដើម។ ដូច្នេះ Klopp ត្រូវតែមានវិធីសាស្ត្រ ពង្រឹងផ្នែកស្មារតីឲ្យខ្លាំងជាងមុន។
៦. ប្រធានក្រុម៖
តាំងពី Steven Gerrard ចាកចេញ ហង្សក្រហមបានផ្ទេរតំណែងប្រធានក្រុមទៅឲ្យ Jordan Henderson ប៉ុន្តែកីឡាកររូបនេះ បានអវត្តមានច្រើនប្រកួតដែរ ខណៈដែល James Milner ជាអនុប្រធានក្រុមមានបទពិសោធន៍ច្រើន ប៉ុន្តែកីឡាករទាំង២នាក់នេះ ហាក់ពុំសូវមានឥទ្ធិពល អាចដឹកនាំក្រុមលើទីលានបានល្អឡើយ។
៧. ខ្វះកីឡាករមានបទពិសោធន៍៖
Liverpool គឺជាក្រុមដែលសម្បូរទៅដោយកីឡាករក្មេងៗដូចជា Emre Can, Moreno, Divock Origi, Roberto Firmino, Jordon Ibe និង Philippe Coutinho សុទ្ធតែក្មេងៗ ដែលពួកគេខ្វះបទពិសោធន៍ ដើម្បីកែប្រែស្ថានការណ៍គ្រប់សប្ដាហ៍បាន។ Klopp ត្រូវតែមានគម្រោងថ្មី ដើម្បីជួយពួកគេ ឬអាចនាំចូលកីឡាករជើងចាស់មួយចំនួនវិញ៕
-ចុចអាន៖ ហេតុអ្វី Klopp នាំ Liverpool អបអរក្រោយស្មើ West Brom ក្នុងដីខ្លួនឯង?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror