ជិត​ដល់​ថ្ងៃ​​ចូល​រោង​ការ VJ រតនាវិនិយោគ​ជំនួញ​ជាង១៣ម៉ឺនដុល្លារ

  • 2015-12-26 16:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ធីនរៈ រតនា ហៅ VJ រតនា ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ​CTN និង MY TV  ដែល​ទើប​ភ្ជាប់​ពាក្យ​​ជា​មួយ​តារា​សម្ដែង​កញ្ញា លីម លីហ្សា ហើយ​គ្រោង​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ២០១៦​នេះ បានប្រាប់​ Sabay ថា បច្ចុប្បន្ន​លោក​ជា​មួយ​អនាគត​​ភរិយា​កំពុង​​វិនិយោគ​ជំនួញ​​មួយ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​​ជាង១៣ម៉ឺន​ដុល្លារ​ឯណោះ។

 

 

 

 

ជំនួញ​ដែល VJ រតនា​កំពុង​ធ្វើ​នោះ គឺ​លោក​បាន​​បើក​ការ៉ាសាំង​មួយ​កន្លែងនៅ​តំបន់​កំពុង​អភិវឌ្ឍន៍​មួយ​​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លោក​​​បាន​ចូល​ហ៊ុន​ជា​មួយ​មិត្តភ័ក្ដិ​ដែល​ជា​អតីត​​​អ្នក​សិល្បៈ​ដូច​គ្នា។ "លុយ​គូ​ដណ្ដឹង​ខ្ញុំ​​ខ្លះ របស់​ខ្ញុំ​ខ្លះ យើង​ចូល​គ្នា​ជា​មួយ​ពួកម៉ាក​ខ្ញុំ​​ម្នាក់​ទៀត ទាំង​អស់​ជាង​១៣ម៉ឺន" រតនា​ថ្លែង​បញ្ជាក់។

 

 

ការ៉ាសសាំង​ដែល​ជា​ជំនួញ​ទី១​នេះ គ្រោង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដោយ​បច្ចុប្បន្ន​ក្រុម​ជាង​កំពុងតែ​​មមាញឹក​​​ធ្វើ​ដើម្បី​បង្ហើយ​តាម​ផែន​ការ។

លោក​ថ្លែង​ថា នៅ​ថ្ងៃ​បើក​សម្ពោធ​មិន​មាន​គម្រោង​អញ្ជើញ​​​ភ្ញៀវ​មក​ចូល​រួម​ច្រើន​ទេ ព្រោះ​​ទុក​អញ្ជើញ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​​វិញ។ អាពាហ៍ពិពាហ៍​របស់​លោក​គ្រោង​ធ្វើ​នៅ ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​កោះពេជ្រ ដោយ​គ្រោង​ហៅ​ភ្ញៀវ​ប្រមាណ​ជិត១០០តុឯណោះ។

 

 

 

 រូបភាព៖ ផ្ដល់​ដោយ វីជេ រតនា

 

តាម​ការ​​លើក​ឡើង​របស់​រតនា ជំនួញ​បើក​ការ៉ាសសាំង​នេះ​មិនមែន​ជា​មុខ​របរ​ចុង​ក្រោយ​​ឡើយ នៅ​ថ្ងៃ​បន្ទាប់​ លោក​មាន​​បំណង​ចង់​បើក​លក់​បោះ​ដុំ​អង្ករ​មួយ​មុខ​ថែម​ទៀត ហើយ​ចំពោះ​ការងារ​សិល្បៈ​វិញ​ ត្រូវ​កាត់​បន្ថយ​បណ្ដើរៗ យក​ពេល​មក​មើល​ការ​ខុសត្រូវ​លើ​ទំនួញ តែ​ទោះបី​ជា​យ៉ាងណា ​ក៏​លោក​មិន​បោះបង់​ចោល​ឡើយ ត្បិតអី​អាជីព​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ទស្សនិកជន​ស្គាល់​មក​ដល់​បច្ចុប្បន្ន៕

  អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី