Jony Ive អ្នកឌីហ្សាញផលិតផល Apple ដ៏ល្បីឈ្មោះជាអតីតអ្នករចនាបង្គន់
- 2015-12-28 16:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jony Ive អ្នកឌីហ្សាញផលិតផល Apple ដ៏ល្បីឈ្មោះជាអតីតអ្នករចនាបង្គន់
ចន្លោះមិនឃើញ
ផលិតផលរបស់ Apple រួមមាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និងប្រព័ន្ធប្រតិបត្តិការ iOS សុទ្ធតែបានឆ្លងកាត់ស្នាដៃឌីហ្សាញរបស់លោក Sir Jonathan Paul ទាំងអស់។
លោក Sir Jonathan Paul Ive ឬ Jony Ive ជាបុគ្គលដ៏សំខាន់មួយរូបរបស់ Apple ដែលបានឌីហ្សាញស្ទើររាល់ផលិតផលទាំងអស់ឱ្យ Apple ព្រមទាំងប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ។
Jony Ive គឺជាអ្នកជំនាញឌីហ្សាញជនជាតិអង់គ្លេស សព្វថ្ងៃមានតំណែងជាប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញនៅ Apple Inc។ លោកទទួលបន្ទុកមើលការខុសត្រូវទៅលើ Industrial Design Group និងដឹកនាំក្រុមហ៊ុនអភិវឌ្ឍ Software Human Interface (HI)។
ជីវិត និងការសិក្សា
លោក Ive បានកើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៦៧ ក្នុងតំបន់ Chingford ទីក្រុង London ប្រទេសអង់គ្លេស។ លោក Jonathan Ive បានចូលរៀននៅសាលាមត្តេយ្យ Chingford School បន្ទាប់មកចូលសិក្សាវិទ្យាល័យ Walton ស្ថិតក្នុងក្រុង Stafford។ នៅពេលនោះ លោកមានជំនាញខាងបច្ចេកទេស និងមានទេពកោសល្យយ៉ាងខ្លាំងផ្នែកគំនូរ។ ក្រោយពីបញ្ចប់ឆ្នាំសិក្សាទុតិយភូមិនៅ Walton លោក Ive បានបន្តសិក្សានៅសាកលវិទ្យាល័យឯកទេសខាងរចនា Newcastle Polytechnic ដែលឥឡូវប្ដូរមកឈ្មោះ Northumbria University។
Ive បានផ្ដោតសិក្សាយ៉ាងខ្លាំងលើជំនាញគំនូរ និងការច្នៃប្រឌិតរបស់របរយ៉ាងស្រស់ស្អាត។ ក្រោយពី Ive បានជួបអ្នកជំនាញឌីហ្សាញបទពិសោធន៍ផ្សេងៗគ្នាជាច្រើនរូប លោកក៏បានប្រលូកខ្លួនក្លាយជាអ្នកឌីហ្សាញផលិតផល។
ប្រវត្តិការងារ
បន្ទាប់ ពីបញ្ចប់ឆ្នាំសិក្សានៅសាកលវិទ្យាល័យ Newcastel Polytechnic លោក Ive បានធ្វើការឱ្យក្រុមហ៊ុនឌីហ្សាញមួយឈ្មោះថា Tangerine ស្ថិតក្នុងទីក្រុង London។ ការងាររបស់ Ive ដំបូងគឺទទួលបន្ទុកក្នុងការរចនាបង្គន់ និងចានងូតទឹកជាដើម។ នៅឆ្នាំ១៩៩២ Ive ត្រូវបានលោក Robert Brunner ដែលជាប្រធាន Industrial Design របស់ Apple តែងតាំងឱ្យធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួន។ ក្រោយមកក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Apple។ ស្នាដៃដំបូងរបស់លោកនៅក្នុងក្រុមហ៊ុន Apple Inc. គឺបានឌីហ្សាញ Newton platform ជំនាន់ទី២ និង MessagePad110។
នៅឆ្នាំ១៩៩៧ លោក Ive បានក្លាយជាអនុប្រធានជាន់ខ្ពស់នៅ Industrial Design និងជាប្រធានដឹកនាំក្រុមឌីហ្សាញទទួលបន្ទុករចនាស្ទើរតែរាល់ hardware ទាំងអស់របស់ Apple។ កិច្ចការស្រាវជ្រាវដំបូងរបស់ Ive គឺរចនារូបរាង iMac ដែលនេះបានជួយត្រួសត្រាយផ្លូវសម្រាប់ការរចនាម៉ូដជាច្រើនទៀតនៅ លើ iPod និងទីបំផុតរចនា iPhone និង iPad ទៀត។ គ្រានោះដោយបានការសហការយ៉ាងស្អិតល្មួតរវាង Steve Jobs និង Jonathan Ive ដោយលោក Jobs ជាអ្នកបង្កើតយុទ្ធសាស្ត្រសម្រាប់ផលិតផល ចំណែកលោក Ive ជាអ្នកអនុវត្តដើម្បីបង្កើតជំហរយ៉ាងរឹងមាំជាស៊េរីផលិតផលប្រកបដោយ សោភ័ណភាព និងទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។
លោក Ive ជាបុគ្គលិកផ្នែករចនាតែម្នាក់គត់របស់ Apple ដែលមានការិយាល័យផ្ទាល់ខ្លួន។ លោកបានបង្កើតបន្ទប់ពិសោធន៍ផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុន Apple សម្រាប់ត្រួតពិនិត្យការងារឌីហ្សាញ និងកោះហៅសមាជិកក្រុមការងាររបស់ខ្លួនចូលប្រជុំ។ ជាធម្មតា មិនថាតែបុគ្គលិកដែលហាមមិនឱ្យចូលការិយាល័យផ្ទាល់ខ្លួនរបស់ Ive ប៉ុណ្ណោះទេ ទោះបីកូនរបស់ខ្លួនក៏ដូច្នោះដែរ។
យោងតាម ប្រវត្តិរូបការងាររបស់ Jobs បានឱ្យដឹងថា ស្ទូឌីយោរចនារបស់លោក Ive មានពពុះកាប់ (foam-cutting) និងមានម៉ាស៊ីនព្រីន ខណៈដែលបង្អួចមានពណ៌ប្រឿងៗ។ លោក Jobs បានសរសេរនៅក្នុងជីវប្រវត្តិការងាររបស់លោកទៀតថា “Ive គឺជាបុគ្គលិកដ៏មានសមត្ថភាពកម្ររកបានមិនដូចបុគ្គលិកដទៃដែល កំពុងបម្រើការនៅ Apple នោះទេ លើកលែងតែខ្ញុំ”។ Ive ថែមទាំងបានរចនាផលិតផលមួយចំនួនផ្សេងទៀតក្រៅពី Apple device គឺកាមេរ៉ារបស់ក្រុមហ៊ុនអាល្លឺម៉ង់ Leica។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ ក្រុមហ៊ុន Apple បានប្រកាសថា “Jony Ive នឹងផ្ដល់ភាពជាអ្នកដឹកនាំ និងការដឹកនាំសម្រាប់ចំណុចប្រទាក់ចិត្តមនុស្ស Human Interface (HI) នៅទូទាំងក្រុមហ៊ុនដែលជាការបន្ថែមលើតួនាទីរបស់គាត់ក្នុងនាមជា អ្នកដឹកនាំនៃឧស្សាហកម្មរចនានេះ”។ ក្នុងសិន្នសីទអ្នកអភិវឌ្ឍកម្មវិធី WWDC13 ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ iOS7 ដែលជាស្នាដៃឌីហ្សាញរបស់លោក Jony Ive។ គ្រានោះគឺជាពេលវេលាដ៏ប្រសើរមួយកាន់តែជួយលើកមុខមាត់ដល់លោក Ive អនុប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញ រហូតមានការសុំធ្វើបទសម្ភាសន៍សរសេរអំពីជីវប្រវត្តិការងាររបស់លោក Jony Ive ដោយបានដាក់ឈ្មោះថា “ទេពកោសល្យនៅពីក្រោយផលិតផលដ៏ជោគជ័យអស្ចារ្យរបស់ Apple” (The Genius Behind Apple’s Greatest Products) ទៀតផង។
នៅខែឧសភាឆ្នាំ ២០១៥ Jony Ive ត្រូវបានទទួលតំណែងថ្មីជាប្រធានផ្នែកឌីហ្សាញ (CDO) របស់ក្រុមហ៊ុនជាតំណែងក្នុងកម្រិត C Level បន្ទាប់ពី Tim Cook (CEO) និង Luca Maestri (CFO)។
iMac G3 ជាស្នាដៃឌីហ្សាញរបស់ Jony Ive
សមិទ្ធផលទទួលបាន៖
ឆ្នាំ១៩៩៩ លោក Ive ត្រូវបានវិទ្យាស្ថានបច្ចេកវិទ្យា MIT ចាត់ចូលជាបុគ្គលមានទេពកោសល្យក្នុងចំណោមបុគ្គលទេពកោសល្យក្នុងការ បង្កើតថ្មីទាំង១០០ លើពិភពលោកក្រោមអាយុ ៣៥ឆ្នាំ។
ឆ្នាំ២០០៣ គាត់បានឈ្នះពានប្រចាំឆ្នាំជាអ្នកឌីហ្សាញយ៉ាងល្បីឈ្មោះក្នុងសារមន្ទីររចនា ដែលជាពានដំបូងរបស់លោក។
ឆ្នាំ២០០៥ កាសែត The Sunday Times បានដាក់ឈ្មោះលោក Ive ជាបុគ្គលចាកចោលមាតុភូមិដែលមានឥទ្ធិពលបំផុតរបស់អង់គ្លេស។ Ive អាចមិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬជាបុគ្គលជាន់ខ្ពស់អីឡើយ ប៉ុន្តែលោកពិតជាសមត្ថភាពអស្ចារ្យបង្កើតឥទ្ធិពលខ្លួនឯងតាមរយៈ រចនា iPod សម្រាប់ប្រជាជនលើពិភពលោកប្រើប្រាស់ប្រកបដោយរូបរាងឡូយទាន់សម័យ។
ឆ្នាំ២០០៧ ទស្សនាវដ្ដី GQ បានដាក់ឈ្មោះឱ្យលោក Ive ថាជា “អ្នកឌីហ្សាញផលិតផលប្រចាំឆ្នាំ” (Product Designer of the Year)។
ឆ្នាំ២០០៧ លោក Ive បានទទួលពានឌីហ្សាញថ្នាក់ជាតិ (National Design Award) តាមរយៈ iPhone ជំនាន់ដំបូងដែលជាស្នាដៃឌីហ្សាញរបស់លោក។
ឆ្នាំ២០០៨ លោកត្រូវបានចាត់ចំណាត់ថ្នាក់ជា “បុគ្គលមានឥទ្ធិពលជនជាតិអង់គ្លេសដែលរស់នៅលើទឹកដីអាមេរិក” (Most Influential Briton in America) ដោយសារព័ត៌មាន The Daily Telegraph។ ឆ្នាំដដែលនេះ Ive ថែមទាំងទទួលពាន MDA Personal Achievement Award ក្នុងការឌីហ្សាញ iPhone។
ឆ្នាំ២០០៩ បានទទួលងារជាបណ្ឌិតកិត្តិយសពីសាលាឌីហ្សាញ Rhode Island និងនៅមហាវិទ្យាល័យភូមិន្ទសិល្បៈ។ ឆ្នាំដដែល លោកត្រូវបានក្រុមហ៊ុន Fast Company ចាត់ជាបុគ្គលមានការច្នៃប្រឌិតខ្ពស់លើមុខជំនាញ ក្នុងចំណោមមនុស្សមានទេពកោសល្យបំផុតចំនួន ១០០នាក់។ សារព័ត៌មាន Daily Telegraph បានហៅដាក់ឈ្មោះឱ្យ Ive ថាជា “បុគ្គលជនជាតិអង់គ្លេសដែលមានឥទ្ធិពលខ្លាំងបំផុតផ្នែកបច្ចេកវិទ្យា លំដាប់លេខ២” ចំណែកទស្សនាវដ្ដី Forbes ក៏បានបញ្ចូលឈ្មោះលោកជាបុគ្គលមានសមត្ថភាពទី២ លើវិស័យបច្ចេកវិទ្យាផងដែរ។ រីឯសារព័ត៌មាន The Guardian បានហៅឈ្មោះលោកថា ជា “បុគ្គលមានគំនិតច្នៃប្រឌិតខ្ពស់ប្រចាំទសវត្សរ៍”។
ឆ្នាំ២០១០ សារព័ត៌មាន Bloomberg BusinessWeek បានបញ្ចូលឈ្មោះលោក Ive ទៅក្នុងចំណោមបុគ្គល “អ្នកឌីហ្សាញដ៏មានឥទ្ធិពលបំផុតលើពិភពលោក”។ រីឯ CNN Money វិញបានឱ្យឈ្មោះលោកថាជា “អ្នកឌីហ្សាញឆ្លាតវៃបំផុត” នៅក្នុងវិស័យបច្ចេកវិទ្យា។ នៅមានការផ្ដល់ងារល្បីៗជាច្រើនទៀត។
ឆ្នាំ២០១១ សារព័ត៌មាន Daily Mail បានផ្ដល់ហៅលោក Ive ជាអ្នកមានទេពកោសល្យខ្ពស់ផ្នែករចនា។ លោកថែមទាំងទទួលបានពានរង្វាន់ផ្នែកឌីហ្សាញទៀតផង។
ឆ្នាំ២០១២ ទស្សនាវដ្ដី Vanity Fair បានជ្រើសរើសលោក Ive និងលោក Tim Cook ជាបុគ្គលមានការច្នៃប្រឌិតខ្ពស់ក្នុងព្រឹត្តិការណ៍ប្រចាំរបស់ ខ្លួន។
ឆ្នាំ២០១៣ លោក Blue Peter បានប្រគល់ពានត្រា Blue Peter ឱ្យលោក Ive ហើយក្រោយមកត្រូវបានគេចុះឈ្មោះជាបុគ្គលដែលមានឥទ្ធិពលក្នុង ចំណោម តារាងឈ្មោះបុគ្គលមានឥទ្ធិពលលើពិភពលោកទាំង ១០០។
ជីវិតឯកជន
លោក Ive បានរៀបការជាមួយអ្នកស្រី Heather Pegg នៅឆ្នាំ១៩៨៧ ហើយបានរួមរស់នឹងគ្នានៅទីក្រុង San Francisco រដ្ឋ California រហូតមកទល់ពេលនេះ គូស្នេហ៍បានកុនប្រុសភ្លោះ៕
ប្រែសម្រួល៖ ឈុន ហួរ