ឱកាសក្លាយជាយុវជនU-16 របស់ក្លិបណាហ្គាបានមកដល់ហើយ
- 2015-12-30 17:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសក្លាយជាយុវជនU-16 របស់ក្លិបណាហ្គាបានមកដល់ហើយ
ចន្លោះមិនឃើញ
ឱកាសក្លាយជាកីឡាករបាល់ទាត់លេងក្នុងក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំរបស់ណាហ្គាវើលបានមកដល់ហើយ សម្រាប់អ្នកមានសមត្ថភាពលេងបាល់ទាត់អាចបង្ហាញបាន និងទទួលការបង្ហាត់បន្ថែមពីគ្រូបង្វឹកលោក មាស ចាន់ណា នៅទីលានបាល់ទាត់ព្រែកលាប។
លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលបានឲ្យដឹងថា យុវជនដែលចង់មកទទួលការហ្វឹកហាត់ ដែលមានលោកជាគ្រូបង្គោលអាចមកចូលរួមបានដោយគ្មានការបង់ប្រាក់អ្វីទាំងអស់។ សម្រាប់សម្ភារៈហ្វឹកហាត់ផ្សេងៗ ក្លិបមានគ្រប់គ្រាន់ ប៉ុន្តែយុវជនមកទាំងអស់ត្រូវមានខោអាវកីឡា និងស្បែកជើងទាត់បាល់ខ្លួនឯង។
គ្រូបង្គោលរូបនេះបន្តថា ការហ្វឹកហាត់នេះលោកកំណត់យកយុវជនកើតនៅឆ្នាំ២០០០ និង២០០១ សម្រាប់លេងនៅក្រុមយុវជនក្រោម១៦ ឆ្នាំរបស់ណាហ្គាវើលចំនួន២០នាក់។ បន្ថែមលើសពីនេះសម្រាប់អ្នកកើតនៅឆ្នាំ១៩៩៧, ១៩៩៨ និងឆ្នាំ១៩៩៩ ទុកយកមកលេងឈុតធំរបស់ណាហ្គាវើលចំនួន ៨នាក់ ក្នុងទិសដៅបណ្ដុះបណ្ដាល៣ ឬ៤ ឆ្នាំ។
គ្រូបង្វឹកដែលដឹកនាំណាហ្គាវើលឈ្នះជើងឯករងលីកកំពូលកម្ពុជាឆ្នាំ២០១៥រូបនេះបន្ថែមថា បើគិតមកដល់ពេលនេះមានក្មេងជិត៦០ នាក់ ដែលកំពុងទទួលការបង្ហាត់ពីលោក អស់រយៈពេលជិត៣ខែ។ លោកមិនទាន់ឈប់ទទួលសិស្សឡើយ ហេតុនេះក្មេងៗ ដែលមានបំណងចង់ហ្វឹកហាត់អាចមកចូលរួមបាននៅទីតាំងខាងលើរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ម៉ោង៧ ដល់ម៉ោង ៩ព្រឹក ឬទាក់ទងតាមរយៈទូរសព្ទលោក មាស ចាន់ណា ០១៥ ៧៥ ៨១ ៥៥។ ក្នុងចំណោមក្មេងទាំងអស់លោក នឹងរើសយកចំនួន២៨ នាក់ចុងក្រោយនៅដើមខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា