ចាប់ពីខែធ្នូដល់ខែមេសានៅអន្លង់ផ្សោតទឹកសាបឈើទាលខេត្តស្ទឹងត្រែង​មាន​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន

  • 2016-01-03 17:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បាន​ទៅដល់​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​នោះ គឺ​ចាំបាច់​ភ្ញៀវទេសចរ​ទាំងអស់​ត្រូវ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តស្ទឹងត្រែង តាមផ្លូវ​ជាតិ​លេខ៧លុះ​មកដល់​អន្លង់​មរកត ហើយ​ត្រូវ​បន្តដំណើរ​ដោយ​ការ​ជិះទូក​ប្រហែលជា២០នាទី​ទៀត​នោះ​នឹង​បាន​ទៅដល់​អន្លង់​ផ្សោត​ឈើទាល​ជាមិនខាន ឬក៏​លោកអ្នក​អាចធ្វើ​ដំណើរ​ទៅតាម​ផ្លូវ​មុំ​បី​ក៏បាន ប៉ុន្តែ​ភាគច្រើន​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅតាម​ផ្លូវទឹក​ជាង ព្រោះ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ។

 

 

សូមជម្រាបថា ស្ទឹងត្រែង​ជា​ខេត្ត​មួយ​ដែលមាន​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​មាន​ទីតាំង​នៅលើ​ខ្ពង់រាប​តាម​បណ្តោយ​ទន្លេមេគង្គ ដែល​ប្រសប់​នឹង​ទន្លេសេកុង ហើយ​ខេត្ត​នេះ​ក៏​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកទេសចរ​ចាប់អារម្មណ៍​ផងដែរ ជាពិសេស​សោភ័ណភាព​តាម​ដង​ទន្លេមេគង្គ និង​តំបន់​អេកូ​ទេសចរណ៍​នៃ​ដែន​ជម្រក​ទឹកសាប​ដ៏​កម្រ​នោះ។ ជាក់ស្តែង​នៅ​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​ក្នុង​រដូវប្រាំង​ចាប់ពី​ខែធ្នូ​ដល់​ខែមេសា​នោះ​មាន​ភាព​ទាក់ទាញ​ជាង​រដូវវស្សា​ដោយមាន​អ្នកទេសចរ​ទៅ​ទស្សនា និង​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​ដែល​បានធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាពល្បីល្បាញ​ខ្លាំង។

 

សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​មាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំប្រទល់​ដែនដី​ខ្មែរ-ឡាវ ក្នុង​ទឹកដី​ឃុំ​ព្រះ​រំកិល ស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ប ហើយ​ច្ចុ​ប្បន្ន​សហគមន៍​ទេសចរណ៍​មួយ​នេះ​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ។ ភ្ញៀវទេសចរ​អាច​ទស្ស​នា​បាន​ជាមួយនឹង​សត្វ​ផ្សោត​ទឹកសាប​ដែល​បាន​បង្ហាញខ្លួន​ឡើងលើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដ៏​ស្រស់បំព្រង ក៏ដូចជា​ជិះទូក​គយគន់​ព្រៃ​លិច​ទឹក​ផងដែរ។        ភ្ញៀវទេសចរ​ភាគច្រើន​ដែល​ចូល​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​ឈើទាល​នេះ គឺ​គេ​ចូលទៅ​ទឹកដី​នៃ​ខេត្ត​ចំប៉ា​សក្តិ​ប្រទេស​ឡាវ​ជាមុន​ទើប​ធ្វើដំណើរ​តាម​ទូក​មកកាន់​តំបន់​នេះ​ជា​ក្រោយ។ នេះ​ក៏​ព្រោះតែ​ការធ្វើដំណើរ​នៅ​ខាង​ទឹកដី​ខ្មែរ​យើង​ទៅកាន់​ទីនោះ​នាពេល​សព្វថ្ងៃ​មាន​សភាព​លំបាក​បន្តិច ហើយ​បើតាម​គម្រោង​នៅក្នុងពេលឆាប់ៗខាងមុខនេះ​យើង​នឹងធ្វើ​ការអភិវឌ្ឍ​ផ្លូវគោក​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​មកកាន់​អន្លង់​ផ្សោត​នេះ​ផ្ទាល់​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា​យើង​តែម្តង។

 

លោក យាន យុ​ទ្ធី ជា​ប្រធាន​សាខា​អភិរក្ស​សត្វ​ផ្សោត​ខេត្តស្ទឹងត្រែង​បាន​និយាយប្រាប់​ឲ្យ​ដឹងថា អន្លង់​ផ្សោត​ឈើទាល​មាន​ជម្រៅ​ប្រមាណ​ជា៣០ម៉ែត្រ​ដែល​បច្ចុប្បន្ន​មាន​ឃើញ​សត្វ​ផ្សោត​ទឹកសាប​ប្រហែល​ជិត១០ក្បាល​ប៉ុណ្ណោះ ក្នុងនោះ​មាន​សត្វ​ផ្សោត​ធំ​ប្រមាណ​ជា៦ក្បាល​ដែលមាន​ទម្ងន់​ពី៨០ទៅ១០០គីឡូក្រាម​និង​ប្រវែង​ជា២ម៉ែត្រ។ សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​នេះ​គឺ​ត្រូវ​បានរៀបចំ​បង្កើតឡើង​ក្លាយជា​តំបន់​ទេសចរណ៍​កាលពី​អំឡុង​ឆ្នាំ២០០៧ក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការ​ម្លប់​បៃតង​ផងដែរ។ ប្រធាន​សាខា អភិរក្ស​សត្វ​ផ្សោត​ខេត្តស្ទឹងត្រែង​រូបនេះ​និយាយ​បន្ថែម​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ចំនួន សត្វ​ផ្សោត​នៅ​ខេត្តស្ទឹងត្រែង​មានការ​កើន​ឡើងជា​លំដាប់ នេះ​ក៏​ដោយសារតែ មានការ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​បំផុត៕

 

អត្ថបទ៖ វិសិទ្ធ

ប្រភព៖ Khmerdaily