Guardiola ​ថា​ Man Utd ​មិន​អាច​ទិញ​កីឡាករ​ពី​ Bayern ​បាន​ទេ​

  • 2014-09-17 19:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្លិប​ Bayern Munich ​លោក​ Pep Guardiola ​បាន​​ក្រើន​រំឭក​ក្លិប​ Manchester United ​ថា​ក្លិប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​មិន​អាច​ទិញ​កីឡាករ​ល្អ​ៗ​របស់​លោក​បាន​ទេ។ អតីត​អ្នកចាត់ការ​ក្លិប Barcelona រូប​នេះ​បាន​អះអាង​ទៀត​ថា​កីឡាករ​ល្អ​ដូចជា​ Arjen Robben, Bastian Schweinsteiger ​និង​ Thomas Muller ​សុទ្ធ​តែ​បដិសេធ​មិន​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ Barclays Premier League ​ឡើយ។​

 
 

អ្នក​ចាត់​ការ​វ័យ​៤៣​ឆ្នាំ​បាន​និយាយ​មុន​ពេល​ Bayern Munich ​ត្រូវ​ទទួល​ស្វាគមន៍​ Manchester City ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​យប់​នេះ​ថា៖​ “Man Utd ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​កីឡាករ​របស់​ខ្ញុំ​​ទេ។ ខ្ញុំ​ឃើញ​ពួកគេ​ចំណាយ​លុយ​ច្រើន​ណាស់​រដូវ​កាល​នេះ។ ​វា​ជា​រឿង​ល្អ​សម្រាប់​មិត្ត​របស់​ខ្ញុំ​ Louis van Gaal។ ការ​ចំណាយ​លុយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត។ ក្លិប​បាល់​ទាត់​ទាំង​អស់​នៅ​លើ​លោក​នេះ​តែង​តែ​ចង់​បាន​កីឡាករ​ពី​ក្លិប​ដទៃ។ ​តែ​វា​អាស្រ័យ​ទៅ​លើ​កីឡាករ​ដែរ​ បើ​គេ​ចង់​ទៅ​គេ​នឹង​ទៅ​ ហើយ​បើ​គេ​ចង់​នៅ​គេ​នឹង​នៅ​បន្ត”។

 
 

ចំពោះ​រឿង​ដែល​ Manchester United ​មិន​បាន​មក​លេង​នៅ​ UEFA Champions League រដូវ​កាល​នេះ ​​អតីត​​កូន​សិស្ស​របស់​លោក​ Van Gaal ​នៅ​ Barcelona ​ខាងលើ ​បាន​បញ្ចេញ​​ទស្សនៈ​ថា៖ “នេះ​ជា​មេរៀន​មួយ​សម្រាប់​ក្លិប​ធំ​ៗ។ ក្លិប​ធំ​ៗ​ទាំង​នោះ​គិត​ថា​ ពួកគេ​ខ្លាំង​រហូត​ហើយ​លេង​មិន​ចេះ​ចាញ់​ទេ​។ ​ហើយ​ជា​លទ្ធផល​ពួកគេ​មិន​បាន​មក​លេង​នៅ​ពាន​រង្វាន់​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អឺរ៉ុប​ឡើយ។ ​ ប្រហែល​ជា​រដូវ​កាល​ក្រោយ​ពួកគេ​បាន​មក​លេង​វិញ​ហើយ។ នេះ​ហើយ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​កីឡា​​បាល់​ទាត់​មាន​ភាព​ឆើត​ឆាយ”។

 
 

អំឡុង​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ​​ លោក​ Louis van Gaal ​ធ្លាប់​បាន​ទាក់ទង​ចង់​បាន​កីឡាករ​របស់​ Bayern Munich ​ដូចជា​ Arjen Robben ​និង​ Thomas Muller ​តែ​ត្រូវ​​ពួក​គេ​បដិសេធ​​មិន​មក​លេង​នៅ​ Old Trafford ​ទេ ខណៈ Toni Kroos ​ក៏​ធ្លាប់​ស្ថិត​ក្នុង​រ៉ាដា​របស់ Man Utd ដែរ​តែ​ទី​បំផុត​សម្រេច​ចិត្ត​ទៅ​ចូល​រួម Real Madrid៕

 

​ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ​

ប្រភព​៖ theguardian