តំបន់​ទេសចរណ៍​១០កន្លែង ​ទាក់ទាញ​បំផុត​នៅ​វៀតណាម

  • 2016-01-11 23:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទេសចរ​​បរទេស​​ភាគច្រើន​ទៅ​ទស្សនា​ប្រទេស​វៀតណាម ​ព្រោះ​ពួកគេ​មើល​ឃើញ​​សម្រស់​ធម្មជាតិ​ដ៏​សំបូរ​បែប​​​ និង​តំបន់​ប្រវត្តិសាស្ត្រ​នានា។ រាប់​គិត​ចាប់​តាំង​​ពី​​វាល​​ស្រែ​ខៀវ​ខ្ចី​នៅ​ភាគ​ខាង​ជើង​ប្រទេស រហូត​ដល់​​ដីសណ្ដ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ត្បូង។ វៀតណាម​ក៏​ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ​យូរលង់ ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​ និង​ទី​សក្ការបូជា​ចំណាស់​ៗ​ច្រើន​​ដែរ។ កន្លែង​ខាង​ក្រោម​ទាំង​១០​នេះ ​ជា​តំបន់​​ដ៏​ទាក់​ទាញ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ចិត្ត​ទៅ​លំហែ​ឥត​ដាច់​ពី​មួយ​ខែ​ទៅ​មួយ​ខែ៖

 

១០. ឆ្នេរ​សមុទ្រ Nha Trang នៅ​ខេត្ត Nha Trang

 

 

ជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​​ដ៏​ពេញ​និយម​មួយ ​​ដែល​​មាន​​ឆ្នេរ​ស្អាត ទឹក​ថ្លា​ និង​បរិស្ថាន​ស្អាត។ ប្រជាជន​នៅ​ទីក្រុង​មាត់​សមុទ្រ​នេះ​មាន​ចំនួន​ជាង ៣០ម៉ឺន​នាក់ ​និង​​មាន​ភាព​ទាក់ទាញ​ដូច​កោះ​ត្រល់ និង​ឆ្នេរខ្សាច់​ Mui Ne ដែរ។

 

៩. រូង Cu Chi

 

 

រូង​នេះ​​​មាន​ផ្លូវ​​ជា​បណ្ដាញ​ដ៏​​ច្រើន​ក្រោម​ដី ​ដែល​មាន​ទីតាំង​​ប្រមាណ ៤០គីឡូម៉ែត្រ ពី​ភាគ​ពាយ័ព្យ ទីក្រុង​ហូជីមិញ។ រូង Cu Chi ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ទ័ពព្រៃ​វៀតកុង ​​ជា​កន្លែង​លាក់ខ្លួន​ពី​កងទ័ព​អាមេរិក​ក្នុង​អំឡុង​សម័យ​សង្គ្រាម​វៀតណាម។​​ ​​​​​ ​​​​

៨. ដីសណ្ដ​ទន្លេ​មេគង្គ

 

តំបន់​ដីសណ្ដ​​​នេះ​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ ដែល​​​ដី​សម្បូរ​ជីវជាតិ និង​មាន​ទេស​ភាព​ព្រៃ​តូចៗ​​ដុះ​អម​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ទឹក​​ទន្លេ​នៅ​តំបន់​នេះ​បាន​ស្រោច​ស្រព​ផ្ទៃ​ដី​កសិកម្ម​ជា​ច្រើន​ហិច​តា ​និង​​មាន​ផលិត​​ស្រូវ​ស្មើ​ពាក់​កណ្ដាល​​នៃ​ទិន្នផល​សរុប​របស់​ប្រទេស។

 

 

៧. ​ឆ្នេរ​ខ្សាច់ Mui Ne

 

​​​​​

ឆ្នេរ​ខ្សាច់​ដែរ​​មាន​​ប្រជាជន​រស់​នៅ​តិច​កាល​ពី​១៥​ឆ្នាំ​មុន ​ពេល​នេះ​មាន​ការ​អភិវឌ្ឍ​​គួរ​ឲ្យ​កត់​សម្គាល់។ ​ដោយសារ​តែ​មាន​​ជំនោរ​សមុទ្រ​បោក​បក់​ ​ខ្លាំងៗ​ វា​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​​ដ៏​ពេញ​និយម​នៅ​វៀតណាម ​សម្រាប់​ជិះ​ទូក​ក្ដោង និង​បង្ហោះ​ខ្លែង។

 

៦. ​វាល​ស្រែ​តាម​ចង្កេះ​ភ្នំ  នៅ​Sa Pa

 

 

 

​Sa Pa ជា​​ទីក្រុង​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​​វៀតណាម ​​និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​ចិន​ឡើយ។ ​ការ​ធ្វើ​ស្រូវ​របៀប​នេះ ​មាន​​ច្រើន​នៅ​ជ្រលង​ Muong Hoa ចន្លោះ​ក្រុង Sa Pa និង​ភ្នំ Fansipan ។ អ្នក​ទេស​ចរ​ចូលចិត្ត​ទៅ​ថត​រូប​ខៀវ​ស្រងាត់ ​ និង​មាន​រាង​ជា​ថ្នាក់​ៗ​ដ៏​ប្លែក​ភ្នែក។

​​​

 

៥. កោះ​ Phu Quoc (កោះត្រល់)

 

កោះ​ត្រល់​​មាន​ទីតាំង​ស្ថិត​នៅ​ពីមុខ​ឆ្នេរ​សមុទ្រ​​កម្ពុជា ​ចម្ងាយ​ប្រមាណ ១៥គីឡូម៉ែត្រ និង​ពីវៀតណាម​ប្រមាណ ៤៥គីឡូម៉ែត្រ (វៀតណាម​គ្រប់គ្រង​បច្ចុប្បន្ន)។ ​​លើ​កោះ ​មាន​​​ព្រៃ​ត្រូពិក​​ដ៏​ស្រស់​ស្អាត ​ថ្ម​ប៉ះ​ប្រះ​ទឹក​​នៅ​ល្អ​ឥត​ខ្ចោះ និង​ឆ្នេរ​សមុទ្រ​ដ៏​ស​ស្អាត។ ​​​ភាព​ល្បី​ល្បាញ​របស់​កោះ​មួយ​ទៀត​ គឺ​ខាង​ផលិត​ទឹក​ត្រី និង​សិប្បកម្ម​នានា។

 

៤. ​ភូមិ​នេសាទ Hoi An

 

​​

ភូមិ​នេសាទ​នេះ​បាន​​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ឆ្នេរ​​ សមុទ្រ​ចិន​ខាងត្បូង។ Hoi An បាន​ក្លាយ​ជា​ផែ​អន្តរជាតិ​​ចាប់​តាំង​ពី​សតវត្ស​ទី ១៦ ​និង​មាន​ជំនួញ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​​ជាច្រើន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Da Nang ផ្ទាល់។ ផ្ទះ​ និង​ហាង​នៅ​ទីនេះ​មាន​ម៉ូត​ដូច​​​ផ្ទះ​ចិន។

 

៣.បឹង Hoan Kiem Lake ​

 

បឹង​នេះ​មាន​ទីតាំង​​នៅ​ចំកណ្ដាល​​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ទីក្រុង​ហាយណូយ ​ដែល​ភ្ញៀវ​​ទេសចរ​​​​ទៅ​គយ​គន់​សម្រស់​ទីក្រុង​​ពី​មាត់​ទឹក។

 

 

២. វត្ត Thien Mu ​

 

​​​​​

វត្ត​នេះ​​​មាន​កម្ពស់​​៧​ជាន់ ​​ស្ថិត​នៅ​ទីក្រុង Hue ខេត្ត Thừa Thiên–Huế ​និង​ជា​វត្ត​ខ្ពស់​បំផុត​នៅ​វៀតណាម។ ​វត្ត​ខាង​លើ បាន​សាងសង់​នៅ​ឆ្នាំ ១៦០១ ​​ក្នុង​អំឡុង​ពេល​​​​ការ​គ្រប់​គ្រង​ដោយ​អធិរាជ Nguyen ។

 

១. ឆកសមុទ្រ Ha Long

 

 

ឆក​សមុទ្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម ​មាន​វែង​ជាង ១២០គីឡូម៉ែត្រ។ ​​តំបន់​ទេសចរណ៍​​​​ដែល​ទាក់ទាញ​ភ្ញៀវ​​បាន​ច្រើន​កំពូល​គេ​នេះ​​ មាន​ទៅ​ដោយ​កោះ​តូច​ៗ ​រាប់ពាន់ ​​និង​ព្រៃ​សំបូរ​បន្លែ​ផ្លែ​ឈើ​។ ​កោះ​ជាច្រើន​​មាន​រូង​​ខាង​ក្រោម​ធំៗ ​ដែល​​ជា​ជម្រក​អ្នក​ភូមិ​បណ្ដែត​ទឹក​របស់​ក្រុម​អ្នក​នេសាទ​​​យ៉ាង​សុខ​ស្រួល​ទៀតផង៕

 

ចុចអាន៖ ​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Touropia

​​​​ ​​​