ភាពលេចធ្លោត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ
- 2016-01-21 16:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពលេចធ្លោត្រកូលរថយន្ត Lexus LX 570 ទាក់ចិត្តអ្នកមាននិងមន្ត្រីធំៗ
ចន្លោះមិនឃើញ
Lexus LX 570 ជាប្រភេទរថយន្ត SUV ពេញនិយមនៅស្រុកខ្មែរ ដែលច្រើនតែអ្នកមាននិងមន្ត្រីធំៗចូលចិត្តទិញជិះ។ មានចំណុចលេចធ្លោអីខ្លះធ្វើឲ្យរថយន្តត្រកូល Lexus នេះពេញនិយមសម្រាប់អ្នកមាននិងមន្ត្រីរាជការ?
១. អំណាច៖ រូបរាងធំសម្បើមនិងកាងមុខកាចរបស់ LX 570 ពិតជាធ្វើឱ្យអ្នកជាម្ចាស់រថយន្តមានអារម្មណ៍ថាមានអំណាចនិងថ្លៃថ្នូរមែនទែនពេលជិះនិងពេលចុះពីរថយន្តម្តងៗ។
២. បច្ចេកវិទ្យាទំនើប៖ ស៊េរី Lexus LX 570 តែងតែបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើបដើម្បីផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកដំណើរខាងក្នុងរថយន្ត។ ជាក់ស្ដែង LX 570 ស៊េរី ០១៦ ដែលទើបមកដល់ទីផ្សារក្នុងស្រុកពេលកន្លងទៅ បានបំពាក់បច្ចេកវិទ្យាពិសេសៗដូចជា កាមេរ៉ាក្រោយប្រភេទ Panorama (Panoramic Rearview Camera) ដែលអាចឱ្យអ្នកបើកបរមើលឃើញទិដ្ឋភាពនៅខាងក្រោយរថយន្តបានយ៉ាងធំទូលាយ និងងាយស្រួល និង Driving Mode ពិសេសចំនួន ៤ (Eco, Comfort, Sport S និង Sport S+ ) សម្រាប់ពិនិត្យមើលស្ថានការណ៍ម៉ាស៊ីន ក៏ដូចជាបូមរថយន្តជាដើម។
ប្រព័ន្ធសុវត្ថិភាពផ្សេងទៀតដូចជា៖
-Lane Keeping System៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយដែលជួយផ្តល់ដំណឹងដល់អ្ននបើកបរ នៅពេលរថយន្តបើកចេញពីគំនូសផ្លូវ។
-Auto High Bean Control (AHBC)៖ ជាប្រព័ន្ធដែលអាចចាប់យកពន្លឺភ្លើងមុខនិងក្រោយរបស់រថយន្តដ៏ទៃដែលនៅខាងមុខ ហើយប្រព័ន្ធនេះក៏អាចកំណត់ពីកម្រិតពន្លឺទាបឬខ្ពស់ អាស្រ័យទៅលើបែបបទនៃការធ្វើដំណើរពេលយប់នៃអ្នកបើកបរ។ AHBC ក៏អាចចាប់បានផងដែរពេលមានអ្នកដំណើរកំពុងធ្វើដំណើរពេលយប់នៅខាងមុខ។
៣. ធំទូលាយ៖ ដោយសារ LX 570 ជាប្រភេទរថយន្ត SUV ដូច្នេះវាអាចដាក់អ្នកដំណើរបានច្រើនពី ៧ទៅ៨នាក់ ដែលងាយស្រួលសម្រាប់អ្នកមានគ្រួសារធំនិងមានចន្លោះទំនេរធំនៅគូទរថយន្តអាចដាក់ឥវ៉ាន់ច្រើនពេលដើរលេងឆ្ងាយ។
៤. រូបរាង៖ រូបរាងរបស់ LX 570 តែងតែត្រូវបានផ្លាស់ប្ដូរប្លែកស្អាតគ្រប់ស៊េរីធ្វើឱ្យវាលេចធ្លោជាងខុសពីម៉ាករថយន្តដទៃ ជាពិសេសនៅផ្នែកកាងខាងមុខនៃរថយន្តតែងមានមុខកាច ធ្វើឱ្យអ្នកជិះហាក់មានអំណាចមួយកម្រិត។
៥. ផ្នែកក្រោមធន់៖ ផ្នែកក្រោមរបស់ LX 570 អាចស៊ូនឹងការបើកបរលើដីឬថ្មរដិបរដុបបានដោយគ្មានបញ្ហា ព្រោះបូមរបស់វាអាចបន្ទន់ឬរលាស់បានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះកាមេរ៉ាខាងក្រោមផ្នែកខាងមុខរថយន្តអាចបង្ហាញថាមានរបស់អ្វីនៅពីក្រោម ដើម្បីឱ្យបត់បែនទៅតាមកាលៈទេសៈ។
៦. ឡានស៊ីម៉ាក៖ Lexus LX 570 ជាត្រកូលរថយន្តស៊ីម៉ាករបស់ក្រុមហ៊ុន Toyota ដែលមានកេរ្តិ៍ឈ្មោះល្បីនិងពេញនិយមខ្លាំងក្នុងស្រុកខ្មែរ ហើយអ្នកជិះតែងមានភាពហ៊ឺហារ។ តម្លៃ LX 570 ស៊េរីថ្មីនីមួយៗសុទ្ធតែខ្ទង់ជាង ២០ម៉ឺនដុល្លារ ដូច្នេះអ្នកដែលអាចទិញរថយន្តម៉ាកនេះមកប្រើ សុទ្ធតែជាអ្នកមាន។
៧. គ្រឿងបន្លាស់និងសេវាកម្ម៖ Lexus LX 570 ជាម៉ាករថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ Toyota ហើយបើនិយាយពីគ្រឿងបន្លាស់និងសេវាកម្មក្នុងស្រុកគឺសម្បូរបែបនិងអាចផ្ដល់តាមតម្រូវការទាន់ពេល៕
អត្ថបទ៖ ប៉ែត ផាន់និត