PNC ​​សាលា​​​ជំនាញ​​​ IT ដែល​សិស្ស​​ក្រីក្រណា​​ក៏​មាន​ការងារ​ល្អ​ធ្វើ​ពេល​រៀន​​ចប់​

  • 2014-10-22 23:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​លើ​បេសកកម្ម​​​បណ្ដុះ​ជំនាញ​​​​​ បច្ចេកវិទ្យា​ព័ត៌មាន​​​ទៅ​ដល់​​​សិស្ស​​ដាច់​ស្រយាល​​ក្រីក្រ​ខ្មែរ ​អង្គការ​​មួយ​បាន​​​ចាប់​កំណើត​ឡើង​​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០៥​​ នោះ​គឺ​​ ​​​​​​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ប្រព័ន្ធ​ព័ត៌មាន CIST និង​បាន​​​ប្រែ​ឈ្មោះ​ទៅ​ជា​​​​មជ្ឈមណ្ឌល​​​ Passerelles Numeriques Cambobida (PNC) នៅ​ឆ្នាំ​២០១០​​​​។

 

 

ប្រតិបត្តិការ​របស់ PNC ដែល​ទទួល​ជំនួយ​​ស្ទើរ​ទាំង​ស្រុង​​​​ពី​បរទេស ​​​​គឺ​​ការ​​ផ្ដល់​​​អាហារូបករណ៍​​​​​មួយ​ចប់​​​រយៈពេល​២​ឆ្នាំ ​​ដល់​​​សិស្ស​​​បញ្ចប់​​បាក់​ឌុប​​​​ ដែល​គ្មាន​លទ្ធភាព​​បន្ត​ថ្នាក់​មហា​វិទ្យាល័យ​​​ចំនួន​១០០​នាក់ រាល់​ឆ្នាំ ​ឲ្យ​​សិក្សា​​​​ឯកទេស​ព័ត៌មាន​វិទ្យា​ ​ដោយ​​​មិន​​​បង់​ប្រាក់ ​និង​មិន​​បាច់​​​ព្រួយ​រឿង​ស្នាក់​នៅ។

 

 

ក្រុមហ៊ុន​​ក្រុមក្នុង​ស្រុក​​មួយ​ចំនួន​ក៏​បាន​​ងាក​ទៅ​​​ចូល​រួម​ក្នុង​​​​​បេសកកម្ម​​ផ្ដល់​ឱកាស​​​និង​លទ្ធភាព​​ដល់​​​​កូន​កសិករ​ក្រ​លំបាក​មួយ​នេះ​​។ ក្នុង​នោះ​​​ ​​Sabay ​Digital ​ក៏​ជា​ផ្នែក​មួយ​​​ដែល​បាន​​​​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ ដល់​​កម្មវិធី​​​​​របស់ PNC ​​ជំនាន់​ទី​​៨​​ ដែលទើប​ទទួល​សញ្ញាប័ត្រ​​បញ្ចប់​ការ​សិក្សា​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២២​តុលា​​​នេះ។​

 

 

កញ្ញា ជា ចរិយា ​ប្រធាន​ផ្នែក​យីហោ​​​ប្រចាំ​​ក្រុម​ហ៊ុន Sabay ​បញ្ជាក់ពី​​អ្វី​ដែល​ Sabay ​បាន​​ច្រៀក​ប្រាក់​ចំណេញ​របស់​ខ្លួន​មួយ​ផ្នែក​​​ ​រួម​ចំណែក​​​​ផ្គត់ផ្គង់​ដល់​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សផ្នែក​​ IT របស់កម្ពុជា​ជាមួយ​​​ PNC នេះ​ថា៖ ​«​​សំខាន់​គឺ​​​យើង​ជា​ក្រុមហ៊ុន​ដែល​​ធ្វើ​ការ​លើ​​ផ្នែក ICT។ ​អីចឹង​ហើយ ​​វា​មាន​សារៈសំខាន់​​​​ក្នុង​ការ​ជួយ​​​​ដល់​ការ​បណ្ដុះបណ្ដាល​​​ធនធាន​មនុស្ស​​ខាង​ហ្នឹង​​»។

 

 

​លោក​ រុន សារឹម ​មន្ត្រី​​គ្រប់គ្រង​គម្រោង​​ប្រចាំ​ PNC បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការ​​​​រួម​ចំណែក​​ក្នុង​​កិច្ច​ការ​បណ្ដុះបណ្ដាល​បណ្ដា​​​យុវជន​មក​ពី​គ្រួសារ​ជីវភាព​​ខ្សត់ខ្សោយ​​​​​មួយ​នេះ​​​ថា៖ «វា​មាន​​តម្លៃ​​ ​ព្រោះ​ថា​គាត់​បាន​ចូល​រួម​​ជាមួយ​អង្គការ​មួយ​ដែល​​ផ្ដល់​ជំនាញ​​ពិត​​ប្រាកដ​​ដល់​យុវជន​ខ្មែរ។ ពួក​គាត់​បាន​​​​ជួយ​​បង្កើត​​ឱកាស​​ដល់​​សិស្ស​ក្រីក្រ​ ​ដែល​គ្រួសារ​ពួក​គេ​​​​មិន​មាន​លទ្ធភាព​ឲ្យ​រៀន​បន្ត​​មហា​វិទ្យាល័យ​ឡើយ»។

 

 

​រាល់​សិស្ស​ចប់ថ្នាក់​ទី​១២​​ដែល​អាច​ទទួល​បាន​អាហារូបករណ៍​​ពី​ PNC ​​ដែល​​​​មជ្ឈមណ្ឌល​​​ស្ថិត​​ក្រោម​​ការ​គ្រប់គ្រង​របស់​​អង្គការ​​បារាំង Passerelles Numeriques ​និង​កំពុង​​មាន​យុទ្ធការ​​​ផ្ដល់​ជំនាញ​​ព័ត៌មាន​វិទ្យា​​ដល់​យុវជន​ក្រីក្រ​នៅ វៀតណាម ហ្វីលីពីន និង​ ហុង​កុង​​ផង​​នោះ​​ លុះ​ត្រា​តែ​ជា​​សិស្ស​ក្រីក្រ​ពិត​​​ និង​អាច​ឆ្លង​កាត់ ​តេស្ត​​​​។

 

 

​លោក រុន សារឹម ​​​ថា​​​​​​​ការ​​បណ្ដុះបណ្ដាល​របស់ មជ្ឈមណ្ឌល​នេះ​គឺ​ផ្ដោត​​បំផុត​លើ​ការ​ផ្ដល់​ជំនាញ​ ព័ត៌មាន​វិទ្យា​​ពិត​ៗ​​ឲ្យ​សិស្ស​ក្រីក្រ។ ​សិស្ស​​ត្រូវ​រៀន​​មួយ​ថ្ងៃ​៨​ម៉ោង​ និង​​មិន​​តម្រូវ​ឲ្យ​​មាន​ភាព​សម្ភារៈនិយម​​ឡើយ​។ និយាយ​រួម​​គ្មាន​​ទេ​សិស្ស​ប្រើប្រាស់​ទូរសព្ទ ឬ​ម៉ូតូ​ គឺ​ជិះ​តែ​កង់​​​។ ​

 

​លោក​ថា​​ទី​នេះ ​គឺ​​យក​​ការ​អនុវត្ត​ជា​ចម្បង​ គឺ​ច្រើន​ជាង​ទ្រឹស្ដី។ ដូច្នេះ​​សិស្ស​​​ត្រូវ​តែ​ប្រើ​​វេលា​ដើម្បី​អនុវត្ត។ ជា​លទ្ធផល​​គឺ​​កោយ​បញ្ចប់​ការ​សិក្សា​២​ឆ្នាំ សិស្ស​​​មាន​ការងារ​ល្អ​ធ្វើ​ស្ទើរ​តែ​ទាំង​អស់​​​ ក្រោយ​​គ្រប់​ជំនាន់​​។

 

 

ដើម្បី​​ដឹង​ច្បាស់​ថា​​ PNC ​ដែល Sabay ​ចូល​រួម​​ឧបត្ថម្ភការ​​​បណ្ដុះ​បណ្ដាល​​នៅ​ទី​នោះ ជា​អ្វី​ឲ្យ​កាន់​តែ​ច្បាស់​​​នោះ​សូម​​ទស្សនា​ដូច​តទៅ៖ http://youtu.be/muVozwu7h1g

អត្ថបទ៖ ប៉ែន សុផាន់ណា វីដេអូ៖ YouTube/Passerelles Numériques Ngo